មាស ម៉ូ​លី​ណា មានកូនបីហើយ នៅតែខ្ញង់ធ្វើឲ្យទស្សនិកជន កោតសរសើរគ្រប់ៗគ្នា

ភ្នំពេញៈ ក្រោយពី​ទទួលបាន​ កូនប្រុស​ ៣នាក់ ​ជា​ចំណងដៃ ក្នុងជីវិតអាពាហ៍ពិពាហ៍​ សម្រស់​របស់​ពិធី​ការិនី​ចាស់វស្សា​ អ្នកនាង មាស ម៉ូ​លី​ណា ដូចជាមិនមាន ការប្រែប្រួលសោះឡើយ ធ្វើឲ្យទស្សនិកជនកោតសរសើរ គ្រប់ៗគ្នា ។

មាស​ ម៉ូលីណា​ អាច​រក​បាន​កម្ម​វិធី​ ផ្សាយ​ផ្ទាល់​ ណា​មួយ​ផ្សេង​ទៀត ​របស់​ស៊ីធី​អិន​មិន​ខាន​ ដោយ​សារ​តែ​នាង​ នៅ​តែ​មាន​សមត្ថ​ភាព​ធ្វើ​ជា​ពិធី​ការិនី​ល្អ​ ដូច​ពី​មុន​ ឯ​រូប​សម្រស់​នៅ​តែ​ស្អាត​ ទោះ​ជា​មាន​កូន​ដល់​ទៅ ​៣​នាក់ ​ទៅ​ហើយ​ក្តី​ ។​ កាល​ពី​អំឡុង​ឆ្នាំ​២០០២​ អ្នក​នាង​មាស​ ម៉ូលីណា​ នៅ​តែ​បណ្តែត​ជីវិត​ ជាមួយ​អាជីព​សិល្បៈ​ តាម​រយៈ​តួនាទី​ជា​ពិធី​ការិនី​ ទោះ​ជា​នាង​មាន​អាជីព នៅ​ក្រៅ​រង្វង់​សិល្បៈ​នឹង​ធឹង​បែប​ណា​ក្តី​ ។​

បច្ចុប្បន្ន​នេះ​ មាស​ ម៉ូ​លីណា​ កំពុង​តែ​កាន់​ការ​ងារ ​នៅ​ទូរ​ទស្សន៍​ស៊ីធី​អិន​ ក្រោយ​លា​ឈប់​ពី​ប៉ុស្តិ៍​លេខ​៣​ តែ​មិន​មែន​ជា​កម្ម​វិធី​ចេញ​មុខ​ខ្លាំង​ ឬ​ល្បី​ដូច​ជា​កម្ម​វិធី​ផ្សាយ​ផ្ទាល់​ទេ​ គឺ​ភាគ​ច្រើន ​នាង​គ្រង​កម្ម​វិធី​ស្ត្រី​មេផ្ទះ​ ថត​ទុក​ និង​ចាក់​ផ្សាយ​ប៉ះ​ចំ​ម៉ោង​ ដែល​ទស្សនិក​ជន​មមា​ញឹក​ ការ​ងារ​រក​ស៊ី​ មិន​សូវ​បើក​មើល​ ។​ តាម​រយៈ​ការ​បង្ហាញ​មុខ​ ជា​សាធារណៈ​ កាល​ពី​ពេល​ថ្មីៗ ​កន្លង​ទៅ​នេះ​ ក្នុង​កម្ម​វិធី​មន្ត​ស្នេហ៍​សំនៀង​ គេ​កត់​សម្គាល់​ឃើញ​ អ្នក​នាង​មាស​ ម៉ូ​លីណា​ មាន​ឫក​ពា​ចាស់​ទុំ​ ព្រោះ​មាន​កូន​៣​នាក់​ទៅ​ហើយ​ តែ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​សិល្បៈ​ឡើយ​ ។​

ការ​បង្ហាញ​មុខ​ កាល​ពី​ពេល​កន្លង​ទៅ ​របស់​ម៉ូលីណា​ នាំ​ឱ្យ​មាន​មតិ​លើក​ឡើង​ថា​ នាង​អាច​នឹង​វិល​ទៅ​កាន់​ការ​ងារ​សិល្បៈ​ ពេញ​ទំហឹង​មិន​ខាន​ ព្រោះ​អំឡុង​ពេល​នេះ​ បើ​និយាយ​ពី​តារា​ជើង​ចាស់​ ម្នាក់ៗ​ស្រវា​ការ​ងារ​យ៉ាង​ច្រើន​ ដោយ​ខ្លះ​ងាក​ទៅ​សម្តែង​ភាព​យន្ត​ ធ្វើ​ជា​គណៈ​កម្ម​ការ​ដាក់​ពិន្ទុ​ ជាក់​ស្តែង​លោក​អ៊ិត​ សេដ្ឋា​ អ្នក​នាង​គង់​ សុជាតិ​ និង​អ្នក​នាង​ចាន់​ តារាទី​ ជា​ដើម ។​​ ក្នុង​ជំនួប​ផ្ទាល់​នៅ​ពេល​កំពុង​បង្ហាញ​មុខ​ ក្នុង​កម្ម​វិធី​ «មន្ត​ស្នេហ៍​សំនៀង»​ អ្នក​នាង​មាស​ ម៉ូ​លីណា​ ដែល​គ្រង​សម្លៀក​បំពាក់​ បែប​ប្រពៃណី​មើល​ទៅ​ស្អាត​ បែប​សុភាព​ បាន​និយាយ​ថា​ នាង​មិន​មែន​ឆក់​យក​កម្ម​វិធី ​របស់​អ្នក​នាង​យុគ​ ចិន្តា​ ទេ​ គ្រាន់​តែ​មក​ជំនួស​ពេល​រវល់​ប៉ុណ្ណោះ​ ។ វា​ជា​ការ​ជួយ​គ្នា​ក្នុង​ពេល​រវល់​ គឺ​ម្តង​គេ​ ម្តង​យើង​ ។

ម៉្យាង​នាង​បាន​ចូល​បម្រើ​ការ​ងារ​ នៅ​ស៊ីធី​អិន​ដែរ​ហើយ​ ។​ ហ្វ្រេស៊ី​ហ្គើល​ជំនាន់​ទី​១ ​ដែល​ទើប​តែ​ប្តូរ​ទ្រនំ​នេះ​ បាន​ថ្លែង​ថា​ សិល្បៈ​នាង​មិន​ប្រឡូក​ឱ្យ​ពេញ​ទំហឹង​ ប្រជែង​គេ​ឯង​ដូច​មុន​ទេ​ គឺ​នាង​ធ្វើ​ការ​ងារ​នេះ​ ល្មមៗ​​ប៉ុណ្ណោះ​ មិន​ចូល​ជ្រៅ​ឡើយ​ ។ រាល់​លើក​ដែល​នាង​ចេញ​ថត​កម្ម​វិធី​ ម្តងៗ​ នាង​បែង​ចែក​ពេល​​វេលា​ច្បាស់​ណាស់​ ដើម្បី​កុំ​ឱ្យ​ទាក់​ទិន​នឹង​ការ​រក​ស៊ី​ និង​ពេល​មើល​ថែ​កូន​ប្រុស ​ទាំង​៣​នាក់​របស់​នាង​ ។​

ត្រឹម​តែ​ពិធី​ការិនី​មួយ​មុខ​នេះ​ នាង​សប្បាយ​ចិត្ត​សម្រាប់​បំពេញ​ តែ​បើ​ឱ្យ​ងាក​ធ្វើ​អី​ទៀត​ គឺ​ប្រហែល​ជា​មិន​អាច​ទេ​ ដោយ​រាល់​ថ្ងៃ​នេះ​ នាង​ធ្វើ​ការ​ដល់​ទៅ​៣​កម្ម​វិធី​នៅ​ស៊ីធី​អិន​ ។​ បើ​ចង់ដឹង​ច្បាស់​ថា​អ្នកនាង មាស ម៉ូ​លី​ណា សម្រស់​ប្រែប្រួល​ឬ ឬ​នៅតែ​ស្រស់ស្អាត​ ដដែល​នោះ សូម​ទស្សនា​រូបថត​ខាងក្រោម​នេះ ​ទាំងអស់គ្នា​៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload