ធី សុវណ្ណថា​ បន្តរិះគន់មេបក្សប្រឆាំង​និងអំពាវនាវ​ឲ្យបន្តទិញអង្ករពីកសិករ

ខេត្តតាកែវ ៖​ នាយិការអង្គការយុវជនកិច្ចការសង្គម ​កញ្ញា ធី​សុវណ្ណថា ​បានបន្តធ្វើការរិះគន់ប្រធាន ​និងអនុប្រធានគណបក្ស​សង្រ្គោះ​ជាតិ ​លោក សម រង្ស៊ី ​និង លោក កឹម សុខា ​ថាជាមេដឹកនំាដែលមិនបានគិតគូពីប្រយោជន៍​ប្រជាពលរដ្ឋនិងប្រទេសជាតិ ដោយម្នាក់​សម្បូរស្រី ​ឯម្នាក់ទៀតដើរអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយកម្ពុជា ។

នៅចំពោះមុខប្រជាពលរដ្ឋ១២០០នាក់​ដែលចូលរួមវេទិកាសាធារណៈលើកទី៣៨ ​ស្តីពីសិទ្ឋិពលរដ្ឋនិងការអភិវឌ្ឍភូមិ-ឃុំ ​នៅក្នុង​ស្រុក​សំរោង ខេត្តតាកែវ ​កាលពីព្រឹកថ្ងៃទី២៤ កញ្ញា​ ២០១៦ អតីតសកម្មជនគណបក្សសង្រ្គោះជាតិរូបនេះ​ក៍បានបន្តវាយ​ប្រហារ​លោក កឹម សុខា​ ថាជាមនុស្សមិនទទួលខុសត្រូវរត់គេចពីច្បាប់​ ហើយថាពលរដ្ឋនឹង​មិនទៅចូលរួមធ្វើបាតុកម្មរបស់គណបក្ស​សង្រ្គោះ​ជាតិដើម្បីការពារ​អំពើខុសច្បាប់របស់លោក ​កឹម សុខានោះទេ ។

ក្រៅពីរិះគន់មេបក្សប្រឆាំង កញ្ញា​ ធី សុវណ្ណថា ​ក៍ស្នើដល់រាជរដ្ឋាភិបាលចាត់វិធានការ​ច្បាប់ចំពោះមន្រ្តីខិលខូចពុករលួយ និង​អំពាវ​នាវដល់អ្នកមានទ្រព្យសម្បត្តិ ​ក្រុមហ៊ុនឯកជននិងមន្រ្តីរាជការដែលមានលទ្ឋភាព ​បន្តទិញ​ស្រូវអង្ករដើម្បីជួយប្រជាកសិករ​ខ្មែរ​ផង​ដែរ ៕