២​ដង​មុន​ៗ​ត្រូវ​គេ​ជួយ​ទាន់ គួរ​ឲ្យ​ស្តាយ​លើក​ទី​៣​នេះ​ជួយ​មិន​ទាន់

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ព្យាយាម​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​២​លើក​មក​ហើយ តែ​មិន​បាន​សម្រេច នៅ​ទីបំផុត​លើក​ទី​៣​នេះ​បន្ទាប់​ពី​ផឹកស្រា​រួច​ក៏​យក​ខ្សែ​លី​ឡុ​ង ពណ៌​ខៀវ ចងក​ធ្វើ​អត្តឃាត​ម្តងទៀត​ដោយ​ចង​ភ្ជាប់​ទៅ​នឹង​ដើម​ស្នាយ​កំពស់​២​ម៉ែត្រ​ខាងជើង​ផ្ទះ​របស់​ខ្លួន​ចំងាយ​២៥០​ម៉ែត្រ​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ពោធិ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ។

បើ​តាម​ការ​រៀបរាប់​ពី​ក្រុម​គ្រួសារ​បានឱ្យ​សមត្ថកិច្ច​នគរបាល​ដឹង​ថា ជន​រង​គ្រោះ​នៅ​ពេល​ដែល​ផឹកស្រា​ស្រវឹង គាត់​រកតែ​ចងក​ខ្លួនឯង​ទេ គឺ​បាន​ចង​.​ក​ខ្លួនឯង​២​លើក​មក​ហើយ តែ​មិន​បាន​សម្រេច​ដោយ​ត្រូវ​បងប្អូន​សាច់ញាតិ​ជួយ​ទាន់ តែ​លើក​ទី​៣​នាក់​គេ​ជួយ​មិន​ទាន់​ទេ ។

លោក​វរសេនីយ៍ត្រី ពេ​ទ ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​ពលរដ្ឋ​ភ្លាម លោក​បានឱ្យ​កម្លាំង​នគរបាល​ស្រុក​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​សាកសព និង​ស្រាយ​ទម្លាក់​មក​ដី​ឃើញ​ថា នៅ​លើ​ដងខ្លួន​សាកសព​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សំគាល់​នោះ​ទេ ។

លោក​វរសេនីយ៍ត្រី ពេ​ទ ពុំសែន បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​ឈ្មោះ ចាប ម៉ុ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​លីវ មានមុខ​របរ​ធ្វើស្រែ រស់នៅ​ភូមិ​កើតហេតុ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ពិនិត្យ​សាកសព និង​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចង​.​ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន បន្ទាប់​មក​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕