FBI កំពុង​ស៊ើបអង្កេត​រឿង​ប្រេត ភី​ត វាយ​កូនចិញ្ចឹម

មូលហេតុ​ដែល​នាង​អេ​ន​ចេ​លី​ណា ជោ​លី សម្រេចចិត្ត​លែងលះ​លោក​ប្រេត ភី​ត មាន​ព័ត៌មាន​បង្ហាញ​ថា ដោយសារ​ប្រេត ភី​ត វាយ​កូនចិញ្ចឹម ។ ហេតុការណ៍​នោះ​កើតឡើង​នៅ​លើ​យន្តហោះ ។

សារព័ត៌មាន​បរទេស​បញ្ជាក់​ថា មន្ត្រី FBI កំពុង​ស៊ើបអង្កេត​លើ​លោក​ប្រេត ភី​ត តារា​សម្តែង​ដ៏​ល្បី​របស់​ហូ​លី​វូ​ដ ក្រោយ​ពី​មាន​របាយការណ៍​ថា គេ​បាន​វាយ​កូន​របស់​ខ្លួន​នៅ​លើ​យន្តហោះ​ក្នុង​ដំណើរ​ចាក​ចេញពី​ប្រទេស​បារាំង ។ ពេល​នោះ​ប្រេត ភី​ត ស្រវឹងស្រា និង​ញៀន​ថ្នាំ ហើយ​ស្រែក ខ្លាំង​ៗ​នៅ​លើ​យន្តហោះ ។ នៅ​ពេល​យន្តហោះ​ចុះ​ចត​ប្រេត ភី​ត​ប្រញាប់​ចាកចេញ​តែ​ម្នាក់ឯង គេច​ចេញពី​ក្រុម​គ្រួសារ ។

«TMZ» ផ្សាយ​ថា ហេតុការណ៍​នោះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ២០១៦ ធ្វើ​ឱ្យ​នាង​អេ​ន​ចេ​លី​ណា ជោ​លី សម្រេចចិត្ត​ប្តឹង​លែងលះ​តែ​ម្តង ។ នៅ​ថ្ងៃ​ទី​២២ កញ្ញា គេ​ឃើញ​រថយន្ត​របស់​ប៉ូលិស​ចត​នៅ​ពីមុខ​ផ្ទះ​មួយ​នៅ «​ហូ​លី​វូ​ដ​ហ៊ីល​» ព្រោះ​មាន​ជំនឿ​ថា លោក​ប្រេត ភី​ត ប្រហែលជា​ស្នាក់​នៅ​ទីនោះ ខណៈ​នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​កូន​៦​នាក់​ទៀត ស្នាក់​ក្នុងផ្ទះ​ជួល​នៅ​ម៉ា​លី​បូ ។

បច្ចុប្បន្ន «FBI» កំពុង​ស៊ើបអង្កេត​ហេតុការណ៍​ដែល​កើតឡើង​ទាក់ទិន​នឹង​ប្រេត ភី​ត​ធ្វើបាប​លើ​រាង​កាយ​របស់​កូន ។ តាម​ទីភ្នាក់ងារ Us Weekly ផ្សាយ​ថា បុគ្គលិក​អនាមិក​ម្នាក់​នៅ​លើ​យន្តហោះ​បាន​ទូរស័ព្ទ​ទៅ​ប្តឹង​អាជ្ញាធរ​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ជា​ហេតុ​តម្រូវ​ឱ្យ​សមត្ថកិច្ច​ចាំបាច់​ត្រូវ​ចូល​ជួប​ក្រុម​គ្រួសារ​នោះ​ដើម្បី​សាកសួរ​ពី​ហេតុការណ៍​ដែល​កើតឡើង ។

ទោះជា​យ៉ាងណា​ក្តី នាង​អេ​ន​ចេ​លី​ណា ជោ​លី នៅ​តែ​ចង់ឱ្យ កូន​ៗ​មាន​សម្ព័ន្ធ​ភាពល្អ​ជាមួយ​លោក​ប្រេត ភី​ត ប៉ុន្តែ​មិន​ព្រមឱ្យ​គេ​ចូល សួរសុខទុក្ខ​កូន​ទាំង​៦​នាក់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ ។

ការ​ទាមទារ​នានា​របស់​ជោ​លី ពេល​ប្តឹង​លែង​ជាមួយ​ប្រេត ភី​ត
កាសែត MIRROR អង់គ្លេស​ខិតខំ​ប្រមែរ​ប្រមូល និង​បង្ហាញ​ឯកសារ​នានា​នៃ​សំណើសុំ​លែងលះ​របស់​តារា​ស្រី​ហូ​លី​វូ​ដ នាង​អេ​ន​ចេ​លី​ណា ជោ​លី រួច​បណ្តាញ​អីុន​ធើ​រ​ណេ​ត PEOPLE បាន​ចេញផ្សាយ​លាតត្រដាង​ពី​ការ​ទាមទារ​នានា​របស់​តារា​ស្រី​រូប​នេះ​ពី​លោក​វី​ល្លៀម ប្រេ​ដ ភី​ត ។

តារា​ស្រី​រូប​នេះ​ស្នើ​ថែទាំ​ចិញ្ចឹម​កូន​ទាំង​៦​ដាច់​មុខ មិន​ទាមទារ​អាហារូបត្ថម្ភ​ណាមួយ ហើយចង់​ផ្តល់​សិទ្ធិ​ឱ្យ​អតីត​ស្វាមី​មក​លេង​ជាមួយ​ពួក​កូន​ៗ​បាន ។ នាង​រៀបរាប់​ពី​ទំនាស់​ផ្សេង​ៗ​ដែល​ពុំ​អាច​បង្រួបបង្រួម​គ្នា​បានជា​មូលហេតុ​នៃ​ការ​សុំ​លែង​នេះ ។ ម្យ៉ាងវិញទៀត នាង​ឱ្យ​ដឹង​រួច​ហើយ​ថា ចាត់​ទុក​លោក​ប្រេត ភី​ត ថា ពុំ​មែន​ជា​ឪពុក​ដ៏​ល្អ ពិសេស​ដោយសារ​គេ​ផឹកស្រា​ច្រើន​ជ្រុល​ពេក​ព្រមទាំង​ជក់​កញ្ឆា​ផង ។

តើ​ទ្រព្យសម្បត្តិ​ជា​សម្ភារ​អ្វីខ្លះ​ដែល​នាង​ទាមទារ? នាង​ជោ​លី លើក​ឡើង​ជាបឋម​ពី​គ្រឿងអលង្កា​ផ្សេង​ៗ ព្រមទាំង​របស់របរ​ផ្ទាល់ខ្លួន​ឯទៀត​ៗ ព្រមទាំង​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន និង​បណ្តា​ទ្រព្យសម្បត្តិ​ដែល​មាន​ចាប់តាំងពី​ថ្ងៃ​លែងលះ​គ្នា​ទៅ ។ ទាក់ទិន​ដល់​ទ្រព្យសម្បត្តិ​រួម​របស់​ពួក​គេ ដែល​មាន​ប្រមាណ​ជា​៤០០​លាន​អឺ​រ៉ូ រួម​ទាំង​ផ្ទុះ​ទំនើប​ៗ​ជា​ច្រើន នាង​សរសេរ​ថា ចង់​ទទួល​បានទ្រព្យ​សម្បត្តិ​ជា​កម្មសិទ្ធិ​បន្ថែម ទោះបី​ទំហំ​ពិតប្រាកដ​នៃ​ទ្រព្យ​នោះ​មក​ទល់​ថ្ងៃនេះ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ក្តី ។

មុន​នាង​ជោ​លី ដែល​រួមរស់​ជាមួយ​គ្នា​រយៈពេល​ដល់​ទៅ​១២​ឆ្នាំ ប្រេត​ភី​ត ពិតជា​មាន​ស្រី​ច្រើន​ក្នុង​ប្រវត្តិ​ស្នេហា​របស់​លោក ។ ស្រី​ស្នេហ៍​ទាំងនោះ​សុទ្ធតែ​ជា​តារាភាពយន្ត​ដូច​ជា​នាង JULIETTE នាង GWYNETH ពិសេស​នាង JENNIFER ៕