បើក​សណ្ឋាគារ​យក​លំនាំ​តាម​ទូរថភ្លើង​នៅ​កោះ​ហុ​ក​កៃ​ដូ

ក្រុមហ៊ុន​រថភ្លើង​ជប៉ុន បាន​បង្ហាញ​ស​ណ្ឋា គារ​មាន​បន្ទប់​គេង​តម្លៃ​ថោក​តុបតែង​មាន​លក្ខណៈ​ស្រ​ដៀង​ទូ​សម្រាប់​ដេក​របស់​រថភ្លើង  «Hokutosei» ដែល​ធ្លាប់​ដំណើរការ​ឆ្ពោះទៅ​ហុ​ក​កៃ​ដូ អំឡុង​ពី​ឆ្នាំ​១៩៨៨ ដល់​ខែសីហា ២០១៥ ។

គ្រែ​ដេក​កម្ពស់​២​ជាន់ និង​ឧបករណ៍​នានា​ដែល​ធ្លាប់​ប្រើ​នៅ​ក្នុង​រថភ្លើង ត្រូវ​យក​ប្រើប្រាស់​ជា​ថ្មី​ដោយ​តុបតែង​ជា​បន្ទប់​គេង​តម្លៃ​ថោក​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​បរទេស និង​អ្នក​ពេញ​និយម​ធ្វើ​ដំណើរ​តាម​រថភ្លើង ។ ក្រុមហ៊ុន «JR East» បង្ហាញ​បន្ទប់​គេង «Train Hostel» ជា​កន្លែង​ស្នាក់​នៅ​យក​លំនាំ​តាម​រថភ្លើង​ហុ​ក​កៃ​ដូ ដែល​ធ្លាប់​ដំណើរការ​ពី​ក្រុង​តូ​ក្យូ ឆ្ពោះទៅ​ស្ថានីយ «Sapporo» នៅ​លើ​កោះ​ហុ​ក​កៃ​ដូ ពី​ឆ្នាំ​១៩៨៨ និង​បញ្ចប់​ដំណើរការ​នៅ​ខែសីហា ២០១៥ ។

សណ្ឋាគារ «Train Hostel» មា​នទី​តាំងនៅ​ខណ្ឌ​នី​ហុង​បា​ស៊ី កណ្តាល​ក្រុង​តូ​ក្យូ ជា​អគារ​៧​ជាន់ ដោយ​ខាងក្នុង​ប្រើ​គ្រែ​ដេក​២​ជាន់ និង​ឧបករណ៍​ប្រើប្រាស់ ផ្សេង​ៗ​ដែល​ធ្លាប់​ប្រើ​នៅ​ក្នុង​ទូ​គេង​របស់​រថភ្លើង «Hokutosei» ដោយ​មាន​ចំនួន​៧៨​គ្រែ ។ ក្នុង​បន្ទប់​មាន​គ្រែ និង​ប្រើ​បន្ទប់ទឹក​រួម​គ្នា ។ សម្រាប់​ថ្លៃ​ឈ្នួល​ក្នុង​មួយ​យប់​មាន​តម្លៃ​២៥០០​យ៉េន ដល់​៤.០០០​យ៉េន ហើយ​គ្រោង​បើក​ឱ្យ​ដំណើរការ​នៅ​ខែធ្នូ ២០១៦ ។

ក្រុមហ៊ុន​រថភ្លើង​ជប៉ុន រំពឹង​ទុក​ថា កន្លែង​ស្នាក់​នៅ​ដែល​យក​លំនាំ​ទូ​គេង​របស់​រថភ្លើង គឺ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សណ្ឋាគារ​មាន​មិន​គ្រប់គ្រាន់​នៅ​ក្រុង​តូ​ក្យូ ខណៈ​ពេល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​កើន​ខ្ពស់​៕