​តំណែង លោក​នី ចរិយា ក្នុង​គ​.​ជ​.​ប នឹង​បាត់បង់ ពេល​សាលក្រម​ចូល​ជា​ស្ថាពរ​ និពន្ធដោយ : ម៉ៅ សុផា       September-25-2016, 11:34 am         377

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​តំណែង លោក​នី ចរិយា ក្នុង​គ​.​ជ​.​ប នឹង​បាត់បង់ ពេល​សាលក្រម​ចូល​ជា​ស្ថាពរ​​ភ្នំពេញ​៖ នៅពេល​សាលក្រម​ចូល​ជា​ស្ថាពរ តំណែង​ជា​អគ្គលេខាធិការរង​រប​ស់លោក នី ចរិយា នៅក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) នឹងត្រូវ​បាត់បង់​ដោយ​ស្វ័យប្រវត្តិ​។ បន្ទាប់មក គ​.​ជ​.​ប នឹង​ជ្រើសរើស​អគ្គលេខាធិការរង​ថ្មី ដើម្បី​ជំនួស​លោក នី ចរិយា​។ នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប​។​

គ​.​ជ​.​ប ធ្លាប់​ប្រកាស​រួចហើយ​ថា ដរាបណា តុលាការ​មិនទាន់​រក​ឃើញ​ទោសកំហុស នោះ​តំណែង​ជា​អគ្គលេខាធិការរង​រប​ស់លោក នី ចរិយា មិនអាច​បាត់បង់​ជាដាច់ខាត​។ ប៉ុន្តែ ឥឡូវនេះ លោក នី ចរិយា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​រួចរាល់​ហើយ ដោយ​ឲ្យ​អគ្គលេខាធិការរង​រប​ស់ គ​.​ជ​.​ប រូបនេះ ជាប់ពន្ធនាគារ រយៈពេល​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល ជុំវិញ​ការរិះគន់​មន្ត្រី​តុលាការ​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៥ កន្លងទៅ​។ ដូច្នេះ​តំណែង​ជា​អគ្គលេខាធិការរង​រប​ស់លោក នី ចរិយា ក៏​មិនអាច​រក្សា តទៅទៀត​ដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស ពុទ្ធា ពន្យល់ថា នៅពេលដែល​តុលាការ សម្រេច​ផ្តន្ទាទោស​លោក នី ចរិយា ហើយ​បន្ទាប់មក​សាលក្រម​ចូល​ជា​ស្ថាពរ នោះ​តំណែង​របស់លោក នី ចរិយា ក៏​ត្រូវបាន​បាត់បង់​ដែរ​។ លោក ហង្ស ពុទ្ធា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ផ្អែកលើ​លក្ខន្តិក​ដោយឡែក​របស់​គ​.​ជ​.​ប នៅពេល​សា​ក្រម​ចូល​ជា​ស្ថាពរ​ហើយ តំណែង​ហ្នឹង នឹងត្រូវ​បាត់បង់​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។ ពេលនោះ សមាជិក​គ​.​ជ​.​ប ទាំង​៩​រូប នឹង​ប្រជុំ ដើម្បី​ពិចារណា​ក្នុងការ​ជ្រើសរើស​អគ្គលេខា​ធិ​ការរង​ថ្មី​»​។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប​រូបនេះ អះអាងថា លោក នី ចរិយា នៅតែ​អាច​ពឹងពាក់​មេធាវី ដើម្បី​បន្ត​ប្តឹងទៅ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​។ បើតាម​មន្ត្រីជាន់ខ្ពស់​របស់​គ​.​ជ​.​ប ខាងលើ តំណែង​របស់លោក នី ចរិយា នឹងមិន​បាត់បង់​ឡើយ ប្រសិនបើ​តុលាការ​ជាន់ខ្ពស់​សម្រេច​ឲ្យ​លោក នី ចរិយា ឈ្នះក្តី ពោលគឺ​សាលាឧទ្ធរណ៍​ឬ​តុលាការ​កំពូល សម្រេច​ច្រានចោល​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក សំ សុ​គង់ ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក នី ចរិយា ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​រួចមកហើយ ថា​លោក​នឹង ដើម្បី​ប្រឆាំងនឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ យ៉ាងណា លោក សំ សុ​គង់ មិនទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​នោះទេ ថា​លោក នឹងដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​នៅពេលណា​នោះ​។ លោក​មេធាវី​រូបនេះ គ្រាន់តែ​បង្ហើប​ថា លោក នឹងធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ឆាប់រហ័ស​។​

​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស លោក នី ចរិយា ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល ដោយសារតែ​ការទិតៀន​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ពីររូប​។ មន្ត្រី​តុលាការ​ខេត្តសៀមរាប ដែល​ប្តឹង​លោក នី ចរិយា នោះ​គឺ លោក សុខ កែវ​បណ្ឌិត ជា​ព្រះរាជអាជ្ញា និង​លោក គី ឫទ្ធី ជា​ចៅក្រម​ស៊ើបសួរ​។

​ក្រៅពី​សំណុំរឿង​ខាងលើ លោក នី ចរិយា ក៏​កំពុង​តែមាន​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​ផងដែរ ក្នុង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​គេ​សង្ស័យថា មានរឿង​អាស្រូវ​ស្នេហា​ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ទាក់ទង​នឹង​សំណុំរឿង​ស្រីមុំ​នេះ លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​»​។

មិនមែន​តែ​លោក នី ចរិយា នោះទេ ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​របស់​ស្រីមុំ សូម្បីតែ​មន្ត្រី​អាដហុក​បួន​រួប​ទៀត ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះដែរ ហើយ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​»​។ នៅ​ទីបំផុត លោក នី ចរិយា និង​មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦៕