អែល​សាល់​វ៉ា​ឌ័​រ​ប្រាប់ UN៖ «​សង់​ជញ្ជាំង​មិន​ជួយ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​ឡើយ​» និពន្ធដោយ : សៅ ផលនិស្ស័យ       September-25-2016, 12:08 pm         236

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អែល​សាល់​វ៉ា​ឌ័​រ​ប្រាប់ UN៖ «​សង់​ជញ្ជាំង​មិន​ជួយ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​ឡើយ​»​ប្រធានាធិបតី អែល​សាល់​វ៉ា​ឌ័​រ (El Salvador) បាន​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា ការសង់​ជញ្ជាំង​មិនមែនជា​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​ជនភៀសខ្លួន​ឡើយ​។ លោក​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជាពិសេស​សមាជិក​អង្គការ​រដ្ឋ​អាមេរិក (OAS) រួមគ្នា​ជំរុញ​ការវិនិយោគ​,​ដោះស្រាយ​បញ្ហា​សន្តិសុខ និង​កសាង​សមត្ថភាព​ប្រជាជន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

ទំនង​ជាការ​ឌឺដង​ឲ្យ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី អែល​សាល់​វ៉ា​ឌ័​រ លោក Salvador Sánchez Cerén បាន​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) ក្នុងសម័យ​ប្រជុំ​លើក​ទី ៧១ ថា «​ពិភពលោក​មិនត្រូវ​ការ​ជញ្ជាំង​ឡើយ​»​។ លោក​សង្កត់ធ្ងន់ថា សង់​ជញ្ជាំង​មិនមែនជា​ដំណោះស្រាយ​សម្រាប់​វិបត្តិ​ជនភៀសខ្លួន​របស់​ពិ​ភ​លោក​ទេ តែ​វា​ធ្វើ​ឲ្យ​ពិភពលោក​ជួប​វិបត្តិ​កាន់តែច្រើន​ថែមទៀត​។​

 ប្រធានាធិបតី​នៃ​រដ្ឋ​អាមេរិក​ខាងត្បូង​រូបនេះ​បាន​ពន្យល់ថា ដំណោះស្រាយ​បញ្ហា​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​គឺ​ការចូលរួម​ទាំងអស់គ្នា​ដើម្បី​ជំរុញ​ការវិនិយោគ​, ដោះស្រាយ​បញ្ហា​សន្តិសុខ​,​លើកស្ទួយ​ការបំពាក់​បំប៉ន​សមត្ថ​ភាព​ប្រជាជន​នៅក្នុង​តំបន់​។ សកម្មភាព​នេះ​នឹង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន​និង​អាច​កាត់បន្ថយ​ចលនា​ចំណាកស្រុក​នេះ​ក្នុង​រយៈពេល​មធ្យម​និង​ក្នុង​រយៈពេល​វែង​។

លោក​និយាយថា​៖« អែល​សាល់​វ៉ា​ឌឺ ត្រូវការ​ការគាំទ្រ​និង​ការ​ធានាថា សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​លើ​ពិភពលោក​នឹងត្រូវ​បាន​គេ​គោរព​ទោះជា​ស្ថិត​នៅទីណា​ក៏ដោយ​។ ជញ្ជាំង​មិនមែនជា​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​ទេ តែ​វា​នាំ​ឲ្យ​មានការ​ស្អប់ខ្ពើម​គ្នា​កាន់តែខ្លាំង​ថែមទៀត​»​។​

បន្ថែម​ពីនេះ លោក​បាន​ទទួលស្គាល់ថា សន្តិភាព សន្តិសុខ​និង​ស្ថិរភាព​មិនអាច​សម្រេច​ទៅបាន​ឡើយ​បើ​គ្មាន​ការអភិវឌ្ឍ​ជា​និរន្ត​ភាព​។ ហើយ​លោក​បានប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គោលដៅ​អភិវឌ្ឍន៍​ជា​ចីរភាព​ពី​ឆ្នាំ ២០១៥​ដល់​ឆ្នាំ ២០៣០​។​

ប្រធានាធិបតី​រូបនេះ​បាន​ឆ្លៀត​សរសើរ​អង្គការសហប្រជាជាតិ​ដែល​បាន​បង្កើន​តួនាទី​របស់ខ្លួន​ក្នុង​លើកកម្ពស់​សន្តិភាព​អន្តរជាតិ​និង​សន្តិសុខ​ពិភពលោក ហើយ​លោក​ក៏​សរសើរ​ដល់​ការគាំទ្រ​របស់​អង្គការសហប្រជាជាតិ​ចំពោះ​ប្រទេស អែល​សាល់​វ៉ា​ឌ័​រ​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ​។ លោក​គូសបញ្ជាក់ថា កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ប្រទេស​របស់លោក​សម្រេចបាន​កាលពី​ឆ្នាំ ១៩៩២ នោះ​ជា​គម្រូ​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​ផ្សេងទៀត​ផងដែរ​៕