ហេតុ​អ្វី​បានជា​លក់​ផ្ទះ​មិន​ដាច់

ការ​លក់​ផ្ទះ គឺ​មិនមែន​ដាក់​លក់​ភ្លាម ដាច់​ភ្លែត​នោះ​ទេ ព្រោះ​ជម្រើស​ក្នុង​ទីផ្សារ​មាន​ច្រើន ហើយ​ការ​លក់​ផ្ទះ​ដាច់​ម្តង​ៗ ត្រូវ​ប្រើ​ពេលវេលា​ឆាប់​ឬ​យឺត គឺ​អាស្រ័យ​លើ​យុទ្ធ​សាស្ត្រ​​របស់​ម្ចាស់ផ្ទះ ។ យើង​តែង​ជួប​ប្រទះ​នូវ​បញ្ហា​ជា​ញឹកញាប់​ក្នុង​ការ​លក់​ផ្ទះ ដូច​ជា ៖

១-​ការ​ប្រកាស ៖
ការ​ប្រកាស​លក់​ផ្ទះ ដូច​ជា ប្រាប់ត​គ្នា និង​បិទ​ប្រកាស​តាម​បង្គោល​ភ្លើង ដើមឈើរ របង​អគារ ជាដើម គឺ​វា​ហួស​សម័យ​ទៅ​ហើយ ។ បច្ចុប្បន្ន​នេះ អ្នក​គួរតែ​រៀនសូត្រ​ពី​ការ​ប្រកាស​លក់​ផ្ទះ​តាម​បែប​ថ្មី​ៗ ក្រៅពី​ការ​ប្រកាស​ក្នុង​វែ​ប​សាយ ហ្វេ​ស​ប៊ុ​ក ឬ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្សេង​ទៀត​នោះ អ្នក​ក៏​អាច​ប្រកាស​លក់​តាម  វី​ដេ​អូ​ផង​ដែរ ។ ទាំង​អស់នេះ​គឺ​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នកទិញ ។

២-​គិត​ថា​ឈ្មួ​ញ​កណ្តាល​មិនល្អ ៖
មាន​មនុស្ស​មិន​តិច​ទេ​ដែល​មិន​ចូល​ចិត្ត​ឈ្មួញកណ្តាល មិន​ថា​ក្នុង​ហេតុផល​អ្វី ប៉ុន្តែ​រឿង​មួយ​ដែល​គួរ​យល់​ដឹង​ក្នុង​ការ​លក់​ផ្ទះ គឺ​ការ​ឈ្វេងយល់​ពី​អ្នកទិញ ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​ផ្លាស់​ប្តូរ​ទីកន្លែង​រស់នៅ​ញឹកញាប់​នោះ​ទេ ឬ​បើសិនជា​ផ្លាស់​ប្តូរ​ញឹកញាប់ ក៏​អាច​ជ្រើសរើស​ការ​ជួល​ស្នាក់​នៅ​ច្រើន​ជាង​ការ​ទិញ​ដែរ ។

ការ​ទិញ​ផ្ទះ គឺជា​ការ​សម្រេចចិត្ត​សំខាន់​ក្នុង​ជីវិត និង​ទាក់ទង​នឹង​ចំនួន​លុយ​ផង​ដែរ ដូច្នេះ វា​មិនមែន​ជា​រឿង​ងាយ​ក្នុង​ការ​លក់​ឡើយ ។ ឈ្មួញកណ្តាល គឺជា​អ្នក​ជួយ​ដែល​មាន​អាជីព​សម្រាប់​អ្នក ។

៣-​ប្រញាប់​ប្រកាស​ថ្ងៃនេះ លក់​ថ្ងៃស្អែក ៖
ត្រូវ​យល់​ថា ការ​លក់​ផ្ទះ​ចាំបាច់​ត្រូវ​ប្រើ​ពេលវេលា ហើយ​ក៏​មិន​អាច​លក់ដាច់​ក្នុង​តម្លៃ​ខ្ពស់​ក្នុង​១​ស​ប្តា​ហ៍​ដំបូង​បាន​ដែរ ។ ដូច្នេះ កុំ​ជ្រួលច្រាល​ក្នុង​ចិត្ត ឬ​បារម្ភ​ជាមួយនឹង​ការ​លក់​ប្រញាប់​ខ្លាំង​ពេក ។ អ្នក​ត្រូវ​រង់ចាំ​មួយ​រយៈ​សិន ប្រសិនបើ​ពុំ​ទាន់​មាន​អ្នក​ណា​ចាប់អារម្មណ៍ និង​ទាក់ទង​មក​ទេ គឺជា​ពេលវេលា​ដែល​អ្នក​ត្រូវ​កែប្រែ​ផ្ទះ​របស់​អ្នក ។

៤-​រង់ចាំ​អ្នក​ដែល​ឱ្យ​តម្លៃ​ខ្ពស់​បំផុត ៖
នៅ​ពេល​អ្នក​ណា​ម្នាក់​ចង់​ទិញ​ផ្ទះ គឺ​គេ​តែង​ប្រមូល​ព័ត៌មាន និង​មើល​ការ​ប្រកាស​លក់​ជា​ច្រើន​កន្លែង​ដើម្បី​ធ្វើការ​ជ្រើសរើស​យក​ផ្ទះ​ដែល​ល្អ​បំផុត មាន​ន័យ​ថា គេ​បាន​ប្រៀប​ធៀប​លើ​តម្លៃ​ផ្ទះ​ក្នុង​ទីផ្សារ​ដែល​បាន​ប្រកាស​លក់​។​ដូច្នេះ ការ​ដែល​អ្នក​កំណត់​តម្លៃ​លក់​ខ្ពស់​ខ្លាំង​ពេក ខណៈ​ដែល​សភាព​ផ្ទះ​របស់​អ្នក​គ្មាន​អ្វី​ទាក់ទាញ​នោះ វា​អាច​ក្លាយជា​ចំណុច​ខុសឆ្គង​ដែល​ធ្វើ​ឱ្យ​អ្នកលក់​ផ្ទះ​មិន​ដាច់ រហូត​ដល់​គ្មាន​គេ​ហ៊ាន​ទូរស័ព្ទ​សាកសួរ ។ ម្យ៉ាងទៀត ករណី​ខ្លះ បើ​មាន​គេ​ទាក់ទង​ចាប់អារម្មណ៍​ច្រើន អ្នកលក់​កាន់តែ​ដំឡើង​ថ្លៃ​ទៅ​វិញ ។

៥-​មិន​ថែទាំ​ស្ថានភាព​ផ្ទះ ៖
ក្រៅពី​ការ​ថែទាំ​ផ្ទះ​ហើយ នៅ​មានការ​ប្រមូល​សម្ភារ​ផ្ទាល់ខ្លួន​ចេញពីផ្ទះ​ដែល​ប្រកាស​លក់​នោះ ព្រោះ​នៅ​ពេល​ដែល​មាន​អ្នក​ចាប់អារម្មណ៍ និង​សុំ​ចូល​មើល​ផ្ទះ គេ​នឹង​ពិចារណា​​មើល​ថា ផ្ទះ​នេះ​សម​ស្រប​ជាមួយ​ការ​ស្រមៃ​របស់​គេ​ឬ​អត់ ។ ដូច្នេះ ផ្ទះ​របស់​អ្នក​គួរតែ​សម្អាត​ឱ្យ​រៀបរយ ស្រឡះភ្នែក និង​គ្មាន​សម្ភារ​ពាស​វាល​ពាស​កាល ។

៦-​តុបតែង​ខ្លាំង​ពេក ៖
កុំ​តុបតែង​ផ្ទះ​ខ្លាំង​ពេក ក្រៅពី​អ្នក​ត្រូវ​ចំណាយ​លុយ​ហើយ គ្មាន​អ្វី​ធានា​ថា អ្នកទិញ​នឹង​ពេញចិត្ត​ផ្ទះ​របស់​អ្នក​នោះ​ទេ ។ គួរតែ​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​កែ​លម្អ​ដែល​ជា​ចំណុច​ខ្វះខាត ឬ​ចំណុច​សំខាន់​វិញ​ប្រសើរ​ជាង ដូច​ជា ផ្លាស់​ប្តូរ​ការ៉ូ​បន្ទប់ទឹក ជួសជុល​ពិ​ដាន និង​ត្រួតពិនិត្យ​ខ្សែភ្លើង ជាដើម ៕