ជនប្រដាប់អាវុធ​ម្នាក់​សម្លាប់​មនុស្ស​5​នាក់​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អា​មេ​រិ​កមួយ

ប៉ូលិស​អា​មេ​រិ​ក​នា​ថ្ងៃ​ទី​២៤ កញ្ញា តាម​រក​ជនប្រដាប់អាវុធ​ម្នាក់​ដែល​បាញ់​សម្លាប់​មនុស្ស​៥​នាក់ ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៃ​រដ្ឋ​វ៉ា​ស៊ី​ន​តោន​ភាគ​ពាយ័ព្យ​សហរដ្ឋអាមេរិក​មុន​ពេល​រត់គេច​ខ្លួន ។

ក្នុង​តុល្យការ​ថ្មី​នេះ​ការ​បាញ់ប្រហារ​ដែល​កើត​មាន​នា​យប់​ថ្ងៃ​ទី​២៣ កញ្ញា ប៉ូលិស​បញ្ជាក់​ថា នារី​៤​នាក់ និង​បុរស​ម្នាក់​ត្រូវ​ស្លាប់ ។ តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​៤​នាក់ ក៏​ប៉ុន្តែ​បុរស​ម្នាក់​ដែល​រង​របួសធ្ងន់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។

អ្នកនាំពាក្យ​ប៉ូលិស​រដ្ឋ​វ៉ា​ស៊ី​ន​តោន លោក MARK FRANCIS គូសបញ្ជាក់​ថា ជនសង្ស័យ​ជា​បុរស​ម្នាក់​ស្លៀកពាក់​ពណ៌​ប្រផេះ ។ ការ​បាញ់ប្រហារ​កើត​មាននៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម CASCADE MALL នៃ​ទីក្រុង BURLINGTON ចម្ងាយ​ប្រមាណ​១១០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ក្រុង SEATTLE ។ ប៉ូលិស​ទទួល​សេចក្តីរាយការណ៍​នា​វេលា​ម៉ោង​១៨​និង​៥៨​នាទី​ម៉ោង​ក្នុងស្រុក រួច​បាន​ចេញ​ធ្វើ​អន្តរាគមន៍​ដោយ​រហ័ស រួច​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ត្រូវ​ជម្លៀស​មនុស្ស​ចេញ ។

យោង​តាម​រូបភាព​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព ហើយ​ចាក់​ផ្សាយ​ដោយ​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​គេ​ឃើញ​ជនសង្ស័យ​ជា​បុរស​វ័យក្មេង​ម្នាក់​កាន់​កាំភ្លើង​មួយ​ដើម ។ ប៉ូលិស​និយាយ​ថា ជនសង្ស័យ​តាម​វី​ដេ​អូ​គេ​ឃើញ​កំពុង​ដើរ​សំដៅ​ផ្លូវថ្នល់​មួយ​ក្បែរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៃ​ទីក្រុង BURLINGTON ជាទី​ក្រុង​ស្ថិត​នៅ​ចន្លោះ​ទីក្រុង SEATTLE និង​ព្រំដែន​កា​ណា​ដា ។

សាក្សី​ទាំងឡាយ​អះអាង​ប្រាប់​ទូរទស្សន៍ KOMO NEWS ថា ខ្មាន់កាំភ្លើង​បាន​ចូល​ក្នុង​ហាង MACY’S ជា​ហាង​ធំ​មួយ​ហើយ​បាញ់ប្រហារ ។

រយៈពេល​ជា​ច្រើន​ម៉ោង ក្រុម​តាម​រក​ដល់​ទៅ​១១​ក្រុម និង​ឆ្កែ​តាមដាន​២​ក្រុម​បាន​ត្រួតពិនិត្យ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មាន​ទំហំ​៤០.៣២០​ម៉ែត្រក្រឡា​នេះ ។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នោះ​នៅ​តែ​បិទទ្វារ​នា​ថ្ងៃ​ទី​២៤ កញ្ញា​៕