៨វិធី ដើម្បីការពារសុខភាពធ្មេញរបស់កូនតូច

6 Videos


បញ្ហាសុខភាពមាត់ធ្មេញរបស់កូនតូច ជាក្តីបារម្ភរបស់អ្នកម្តាយ ជាពិសេស ជំងឺពុកធ្មេញ ។ ដូចនេះ អ្នកម្តាយគួរស្វែងយល់ពីវិធីទប់ស្កាត់ធ្មេញពុក ដើម្បីរក្សាស្នាមញញឹមកូនតូចឱ្យស្រស់ស្អាត ដូចខាងក្រោម ៖

១. ជួបជាមួយទន្តពេទ្យ
អ្នកម្តាយគួរនាំកូនតូចទៅជួបជាមួយទន្តពេទ្យ ដើម្បីពិនិត្យធ្មេញនៅពេលកូនមានអាយុបាន ១ខួបហើយ ។ ការថែរក្សាការពារធ្មេញគួរធ្វើឡើងចាប់តាំងពីដំណាក់កាលដំបូង នៅពេលធ្មេញទើបដុះ ទើបអាចទប់ស្កាត់ជំងឺពុកធ្មេញបានយ៉ាងមានប្រសិទ្ធភាព ។

៨វិធី ដើម្បីការពារសុខភាពធ្មេញរបស់កូនតូច

២. បង្រៀនកូនឱ្យទម្លាប់ថែទាំធ្មេញ
កត្តានេះជាការចាំបាច់ណាស់ និងមិនងាយស្រួលនោះទេ ពីព្រោះកូនតូចអាចង៉ក់ងរមិនចង់ដុសធ្មេញ ។ ដូចនេះ អ្នកម្តាយគួរទម្លាប់កូនបន្តិចម្តងៗ ចាប់ផ្តើមពីដុសអញ្ចាញកូនថ្នមៗ តាំងពីពេលធ្មេញមិនទាន់ដុះ ដោយប្រើច្រាសសរសៃទន់ ឬក្រណាត់ស្អាត ។ នៅពេលពន្លកធ្មេញកូនដុះចេញមក អ្នកគួរទម្លាប់ដុសធ្មេញឱ្យកូនឱ្យបានយ៉ាងតិច ២ដងក្នុងមួយថ្ងៃដោយប្រើថ្នាំដុសធ្មេញកុមារផ្សំពីហ្ល្វ័រអូរ៉ាយ ហើយចាប់ផ្តើមប្រើអំបោះរូសធ្មេញ ។ គួរចងចាំផងដែរ កុំភ្លេចដុសធ្មេញ និងប្រើអំបោះរូសធ្មេញឱ្យកូនមុនចូលគេង និងមិនត្រូវឱ្យចំណីបន្ទាប់ពីដុសធ្មេញហើយទេ។ ប្រសិនបើអ្នកមានចម្ងល់ជុំវិញការថែរក្សាធ្មេញកុមារ អ្នកគួរពិគ្រោះយោបល់ជាមួយទន្តពេទ្យ ។

៨វិធី ដើម្បីការពារសុខភាពធ្មេញរបស់កូនតូច

៣. ចៀសវាងការបៅគេង
ការទម្លាប់ឱ្យកូនបៅទឹកដោះគោ ឬទឹកផ្លែឈើមុនពេលចូលគេង គឺជាបុព្វហេតចំបងនៃជំងឺពុកធ្មេញ គឺធ្មេញទឹកដោះតែម្តង ។ ទោះជាកុមារ នឹងត្រូវដុះធ្មេញស្រុកបន្ទាប់ពីធ្មេញទឹកដោះក្តី តែអ្នកម្តាយក៏ត្រូវរក្សាធ្មេញទឹកដោះនេះកុំឱ្យពុកដែរ ។

៨វិធី ដើម្បីការពារសុខភាពធ្មេញរបស់កូនតូច

៤. កាត់បន្ថយទឹកផ្លែឈើ
ប្រាកដណាស់ ទឹកផ្លែឈើជាជម្រើសសុខភាពសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែវាក៏ងាយនឹងធ្វើឱ្យធ្មេញពុកដែរ ។ អ្នកគួរកំណត់បរិមាណទឹកផ្លែឈើស្រស់សម្រាប់កូន យ៉ាងច្រើនត្រឹម ១២០មិល្លិលីត្រក្នុងមួយថ្ងៃ ។

៨វិធី ដើម្បីការពារសុខភាពធ្មេញរបស់កូនតូច

៥. ការប្រើពែងបឺត
ការប្រើពែងបឺត ជាជំហានបង្រៀនឱ្យកូនប្តូរទម្លាប់ពីបៅក្បាលដោះ មកជាប្រើកែវវិញ ប៉ុន្តែសូមកុំឱ្យកូនជញ្ជក់ជាប់មាត់រហូត ពីព្រោះការបៀមជាប់មាត់រហូតអាចនឹងងាយបណ្តាលឱ្យធ្មេញពុក ជាពិសេសធ្មេញមុខ ។

៨វិធី ដើម្បីការពារសុខភាពធ្មេញរបស់កូនតូច

៦. កាត់បន្ថយការប្រើក្បាលដោះសិប្បនិម្មិត
ក្បាលដោះសិប្បនិម្មិតអាចជួយបានច្រើនយ៉ាង ប៉ុន្តែប្រសិនបើក្មេងបៀមក្បាលដោះជាប់រហូត នោះអាចធ្វើឱ្យធ្មេញដុះមកមិនត្រង់ជួរ ឬផ្លាស់ប្តូរទម្រង់មាត់ទៀត ។ គួរជួបជាមួយទន្តពេទ្យប្រសិនបើកូនមិនអាចផ្តាច់ក្បាលដោះ ដល់អាយុ ៣ឆ្នាំហើយនោះ ។

៨វិធី ដើម្បីការពារសុខភាពធ្មេញរបស់កូនតូច

៧. ថ្នាំដែលមានរសជាតិផ្អែម
ថ្នាំកុមារភាគច្រើនត្រូវបានផលិតឡើងដោយបន្ថែមជាតិផ្អែម បន្លប់រសជាតិល្វីង ដើម្បីលួងឱ្យកុមារញ៉ាំថ្នាំ ។ ប្រសិនបើកូនអ្នកមានជំងឺត្រូវញ៉ាំថ្នាំរយៈពេលយូរ ដូចជា ជំងឺហឺត និងបញ្ហាបេះដូង ការញ៉ាំថ្នាំផ្អែមៗបែបនេះ អាចឱ្យធ្មេញឆាប់ពុក ហើយឡើងច្រាំងអណ្តាត ។ អ្នកគួរពិគ្រោះជាមួយទន្តពេទ្យពីវិធីកែបញ្ហា ដូចជាត្រូវដុសធ្មេញញឹកញាប់ជាងមុន (៤ដងក្នុង១ថ្ងៃ) ។

៨វិធី ដើម្បីការពារសុខភាពធ្មេញរបស់កូនតូច

៨. សម្អាតធ្មេញជាប្រចាំដាច់ខាត!
អ្នកម្តាយប្រាកដជាមានការធុញទ្រាន់ម្តងម្កាល នៅពេលកូនលំអុកមិនចង់ដុសធ្មេញ រូសធ្មេញ ឬ ខ្ពុរមាត់ ប៉ុន្តែសូមកុំបណ្តោយតាមចិត្តក្មេងឱ្យសោះ ពុំនោះកូនតូចប្រាកដជាព្យាយាមគេចម្តងជាពីរដង ។

៨វិធី ដើម្បីការពារសុខភាពធ្មេញរបស់កូនតូច

វិធីលួងលោមកូនឱ្យសម្អាតធ្មេញ ៖
• ត្រូវអត់ធ្មត់ ជាទូទៅក្មេងត្រូវការឱ្យអ្នកម្តាយដុសធ្មេញឱ្យចាប់ពី ២ទៅ៣ឆ្នាំ ហើយក៏មិនទាន់ចេះដុសធ្មេញស្រួលបួលនៅឡើយរហទុលដល់អាយុ ៦ឆ្នាំ ។ អ្នកប្រហែលជាត្រូវណែនាំ និងបង្រៀនច្រើនរហូតដល់ក្មេងអាយុ ១០ឆ្នាំ ទើបគេអាចចេះដុស និងរូសធ្មេញដោយខ្លួនឯងបាន ។
• កុំទុកពេលវេលាចោល ប្រសិនបើសង្កេតឃើញកូនហាក់ងងុយគេង អ្នកម្តាយគួរប្រញាប់ប្រញាល់នាំកូនទៅដុសធ្មេញឱ្យស្អាត ដើម្បីកុំឱ្យកូនគេងលក់បាត់ទាំងមិនបានសម្អាតធ្មេញ ។
• ផ្តល់ជម្រើសឱ្យកូន ក្មេងចាប់ពីអាយុប្រាំឆ្នាំទៅ ចេះរើសអ្វីដែលខ្លួនចូលចិត្ត ដូចជា ពណ៌ច្រាសដុសធ្មេញ និងកែវទឹកសម្រាប់ដុសធ្មេញជាដើម ដូចនេះអ្នកម្តាយ គួរប្រើវិធីនេះ ដើម្បីលើកទឹកចិត្តឱ្យកូនសម្អាតធ្មេញ
• លើកទឹកចិត្ត កូនតូចប្រាកដជាមានអារម្មណ៍ល្អនឹងធ្វើកិច្ចការអ្វីមួយប្រសិនបើកិច្ចការនោះមានរង្វាន់លើកទឹកចិត្ត ហេតុនេះ អ្នកម្តាយអាចប្រើបិតតូចៗជារង្វាន់ដល់កូន ឬដុសធ្មេញជាលក្ខណៈគ្រួសារ ដើម្បីបង្កបរិយាកាសរីករាយ។
លក្ខិណា