ចាប់​ឈើ​២​លើក

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចំរុះ​បើក​យុទ្ធនាការ​ទប់ស្កាត់​ការ​នាំ​ចេញ​ឈើ​ប្រណី​តទៅ​កាន់​បរទេស​យ៉ាងណា​ក្តី ក៏​គេ​សង្កេត​ឃើញ​មាន​ក្រុម​ឈ្មួញ​មួយ​ចំនួន​នូវ​តែ​ផ្គើន​លួច​ដឹកឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​រថយន្ត​ធុន​តូច​ៗ​នូវ​តែ​កើត​មាន​ឥត​ស្រាក​។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ជិត​ព្រំដែន​ក្នុងភូមិ​ព្រះ​ពន្លា ឃុំ​ទ្រៀក ស្រុក​មេមត់ ក្រុម​ឈ្មួញ​បាន​ដឹកឈើ​ស្រឡៅ​កង់​ៗ​ខ្នាត​ត្រូវប៉ាន់​មក​ទំលាក់​ចោល​ជាង​១០០​កំណាត់​ប្រហែល​១០​ម៉ែត្រ​គីប ត្រូវ​បាន​រឹបអូស​ដោយ​កម្លាំង​សមត្ថកិច្ច​ចំរុះ​នាំ​មក​រក្សា​ទុក​នៅ​ឃ្លាំង​ទន្លេ​បិទ នា​ល្ងាច​ថ្ងៃ​ដដែល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

លោក​វរសេនីយ៍ត្រី ទូច សម្បត្តិ នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ទំនងជា​មានការ​ភិតភ័យ​ខ្លាច​ជំនាញ​ចុះ​ចាប់​នោះ ក៏​បាន​ដឹកឈើ​ស្រឡៅ​ទាំងនោះ​មក​ទម្លាក់​ចោល​នៅ​ត្រង់​ទីតាំង​ដែល​មាន​សភាព​ស្ងាត់ រួច​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់​តែ​ម្តង ។ បន្ទាប់​មកកម្លាំង​សមត្ថកិច្ច​ដែល​បាន​ចុះ​ល្បាត​ប្រទះ​ឃើញ​រាយការណ៍​មក​នាយការិយាល័យ​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត​ក៏​បាន​ចាត់​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​សហការ​ជាមួយនឹង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​ពិនិត្យ​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី ទូច សម្បត្តិ នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​មិនឃើញ​មាន​អ្នក​ណា​ម្នាក់​ចេញ​មុខ​មក​អះអាង​ជា​ឈើ​របស់​ខ្លួន​នោះ​ឡើយ ។ ជាមួយនឹង​ការ​ទទួលបញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត កំណាត់ឈើ​ស្រឡៅ​សុទ្ធសឹង​ជា​ខ្នាត​ដែល​ត្រូវប៉ាន់​ប្រវែង​២​ម៉ែត្រ និង​មុខកាត់​ធំ​ៗ ត្រូវ​បាន​ជួល​កម្មករ​ឲ្យ​លើកដាក់​លើ​រថយន្ត​១គ្រឿង​ដែល​មាន​បរិមាណ​រហូត​ដល់​ទៅ​ជាង​១០០​កំណាត់  ហើយ​បាន​ដឹក​យក​រក្សា​ទុក​នៅ​ឃ្លាំង​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ជាប់មាត់​ទន្លេមេគង្គ  ។

លោក កែវ កុសល នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់ ប្រាប់​ឲ្យ​ដឹង​ថា សកម្មភាព​ចុះ​រឹបអូស​ឈើ​ស្រឡៅ​ខាងលើ​នោះ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​មាន​មេព្រៃ នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​ទាហាន​សឹករង​ស្រុក​មេមត់ ។ ឈើ​ទាំងនេះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​សាំង​យ៉ុ​ង​មាន​បង្កប់​ក្នុង​ជន្លង់ម្រេច ដើម្បី​យក​មក​លក់​តាម​ការ​ពិនិត្យ​ឈើ​នេះ អាច​មាន​ជា​ច្រើន​ម្ចាស់​ផង​ដែរ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា កន្លង​ទៅ មាន​រថយន្ត​ដឹក​អូស​ធុន​ធំ​២​គ្រឿង ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​សហ​ការ​​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​បង្ក្រាប​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ព្រៃ ឃុំ​ទ្រៀក ស្រុក​មេមត់ ក្នុង​ពេល​ដែល​បម្រុង​បើក​ឆ្លង​ដែន​យកទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ ៕