អាធំ​ៗ​ស្ងាត់​ខ្លះ​ហើយ​… នៅ​អាតូច​ៗ​ជញ្ជូន​ដូច​កណ្តៀរ

ខេត្តរតនគិរី ៖ ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ និង​រថយន្ត (​ត្រូពិច​) ពណ៌​ទឹកសមុទ្រ មួយ​គ្រឿង គ្មាន​ស្លាក​លេខ​។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​គ្លិះ ឃុំ​សើ​ង ស្រុក​ប​កែវ ខេត្ត​រតនគីរី​។

សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ឃើញ​ក្នុង​រថយន្ត​នេះ មាន​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជា​ច្រើន​សន្លឹក ដោយ​ប្រើ​រូបភាព​បង្កប់​ឈើ​នៅ​លើដំបូល និង​ដាក់​កេស ដើម្បី​បន្លំ​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ជំនាញ តែ​ត្រូវ​បែកធ្លាយ​ក្រោយ​ឆែកឆេរ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា អ្នកបើកបរ​ឈ្មោះ គា ភឹ​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​បើកឡាន​ដឹកឈើ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ​។

អ្នកបើកបរ​រូប​នេះ​បាន​សារភាព​ថា ខ្លួន​បាន​ស៊ីឈ្នួល​បើកឡាន​ឱ្យឈ្មោះ ចាន់ សុភាព ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ម្ចាស់​ឈើ មាន​ទីលំនៅ​ផ្ទះ​ជួល ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។ ឯ​ម្ចាស់​ឈើ នោះ​បាន​ប្រាប់​ថា ឈើ​ដែល​គាត់​ដឹក​នេះ គឺ​បាន​មក​ពី​ការ​ប្រមូល​ទិញ​តាម​ម៉ូតូ ដឹក​ចេញពី​ព្រៃ​យក​មក​លាក់​ទុក​តាម​ផ្ទះ​ក្នុង​ក្រុង​បាន​លុង​។ ហើយ​ប្រមូល​ដាក់​រថយន្ត​ដឹក​ឆ្ពោះទៅ​លក់​នៅ​ទឹកដី​វៀតណាម​ឆ្លងកាត់​ច្រក​អន្តរជាតិ​អូរ​យា​ដាវ និង​ព្រូឡាន​មានឈ្មោះ មាស វិត អាយុ​២៤ ឆ្នាំ ស្រុក​កំណើត​ភូមិ​ត្រោក ឃុំ​គ្រោះ ស្រុក​ស្វាយ​ជ្រុំ ខេត្ត ស្វាយ​រៀង​។  បច្ចុប្បន្ន​ស្នាក់​នៅ ផ្ទះ​ជួល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

បទល្មើស​ព្រៃឈើ​មួយ​រយៈ​នេះ ត្រូវ​បាន​ស្ងប់ស្ងាត់​ចំពោះ​សកម្មភាព​ដឹក​ជញ្ជូន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ៗ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ធ្វើការ​បង្ក្រាប​បោសសំអាត​ទទួលលទ្ធផល​មួយ​ចំនួន​ធំ​នោះ​។

ទន្ទឹម​នឹង​បទល្មើស​ទាំងនេះ​បាន​ស្ងប់ស្ងាត់​ក៏​ក្នុង​រយៈពេល​នេះ នៅ​មាន​ក្រុម​ឈ្មួញ​មួយ​ចំនួន​តូច​នៅ​តែ​រឹងរូស​បាន​ប្រើ​គ្រប់​ល្បិច​កល​ផ្លាស់​ប្តូរ​គ្រប់​រូបភាព​ដឹក​ចេញពី​ព្រៃ​តាម​ម៉ូតូ​មក​ដាក់​តាម​ផ្ទះ​លក្ខណៈ​តូច​ៗ​ដូច​ជា សត្វ​ក​ណ្ឌៀ រួច​ហើយ​ឈ្មួញ​មក​ប្រមូល​ទិញ​ដឹក​តាម​ឡាន​ទួ​រី​ស​កែ​ច្នៃ​បាត និង​ដំបូល​ផ្ទុក​ឈើ​បាន​យ៉ាងច្រើន​បន្ត​ទៅ​លក់​នៅ​ប្រ​ទស​វៀតណាម​។ រថយន្ត​ជាមួយ​វត្ថុ​តាង​ឈើ​ប្រណីត​ចាប់​យក​ក្នុង​បទល្មើស​ជាក់ស្តែង និង​មនុស្ស​៣​នាក់​កំពុងធ្វើការ​ត្រួតពិនិត្យ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​ព្រៃឈើ ៕