បណ្តា​យន្តហោះ​កូរ៉េ​ខាងជើង​ចូលរួម​ពិធី​ហោះហើរ​សម្តែងឫទ្ធិ ទោះ​មានទណ្ឌ​កម្ម

ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥ កូរ៉េ​ខាងជើង​នា​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ បាន​រៀបចំ​ធ្វើ​ពិធី​ហោះហើរ​សម្តែងឫទ្ធិ​តាម​អាកាស​ជា​សាធារណៈ​លើក​ដំបូង​ចូលរួម​ទាំង​យន្តហោះ​ស៊ី​វិល ទាំង​យន្តហោះ​យោធា ទោះ​ប្រទេស​នេះ​រង​ទណ្ឌកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​បំផុត​ក្តី ។

មហោស្រព​អាកាស​នេះ​ដែល​មានឈ្មោះ​ថា «WONSAN AIR FESTIVAL INTERNATIONAL FRIENDSHIP» (​មហោស្រព​អាកាស​អន្តរជាតិ​មិត្តភាព​នៅ WONSAN) មាន​រយៈពេល​២​ថ្ងៃ ហើយ​រៀបចំ​ធ្វើ​នៅ​ព្រ​លាន​យន្តហោះ KALMA អតីត​ព្រ​លាន​យន្តហោះ​យោធា​ដែល​ត្រូវ​ធ្វើការ​កែប្រែ​ថ្មី​កាលពី​ឆ្នាំទៅ​មិ​ញ ដើម្បី​ជួយ​ជំរុញ​ទេសចរណ៍​នៅ​ជុំវិញ​ទីក្រុង​កំពង់​ផែ WONSAN ភាគ​ខាងកើត​ប្រទេស ។ មហោស្រព​អាកាស​នេះ​ចាប់ផ្តើម​តាម​រយៈ​ការ​ហោះហើរ​របស់​ឧទ្ធ​ម្ភា​គ​ចក្រ​យោធា​អា​េ​ម​រិ​កមួយ​គ្រឿង ធុន HUGHES MD-500 ជា​ឧទ្ធម្ភាគចក្រ​មួយ​ក្នុង​ចំណោម​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង ដែល​ក្រុង​ព្យុ​ង​យ៉ាង​ទទួល​បាន​កាលពី​ទស​វត្ស​ឆ្នាំ​១៩៨០ តាម​រយៈ​ប្រទេស​ទី​៣​មួយ ដើម្បី​វាង​ការ​រឹតត្បិត​របស់​អា​េ​ម​រិ​កលើ​ការ​នាំ​ចេញ​មក​កាន់​កូរ៉េ​ខាងជើង ។

បន្ទាប់​ពី​ឧទ្ធម្ភាគចក្រ HUGHES យន្តហោះ​ប្រដេញ​សុ​ក្រិ​ត្យ​បំផុត​របស់​កូរ៉េ​ខាងជើង​ធុន MIG-29 FULCRUM មួយ​គ្រឿង​បាន​ហោះហើរ​សម្តែងឫទ្ធិ​ក្នុង​កម្ពស់​ទាប​លើ​ទស្សនិកជន ។

បណ្តា​ព្រ​លាន​យន្តហោះ​កូរ៉េ​ខាងជើង​ជា​ទូទៅ​មាន​កិច្ច​ការពារ​សន្តិសុខ​តឹង​តឹង ក៏​ប៉ុន្តែ​សម្រាប់​មហោស្រព​អាកាស​ជា​សាធារណៈ​លើក​ដំបូង​នេះ​ការ​ចូល​មក​កាន់​ព្រ​លាន​យន្តហោះ KALMA ត្រូវ​បាន​បើកចំហ​សម្រាប់​មនុស្ស​ជា​ច្រើន​ពាន់​នាក់ បណ្តា​អ្នកកាសែត​បរទេស ព្រមទាំង​អ្នក​ជំនាញការ​ខាង​អាកាសចរណ៍​ជា​ច្រើន​រយ​នាក់​មក​ពី​ប្រទេស​ប្រមាណ​ជា​២០ ។

តារា​ក្នុង​មហោស្រព​យន្តហោះ​នេះ​គឺ​នារី​បើក​យន្តហោះ​ប្រដេញ​កូរ៉េ​ខាងជើង​២​រូប​ជា​អ្នក​បើក​យន្តហោះ​ប្រយុទ្ធ​ធុន MIG-21 នាង JO KUM HYANG និង​នាង RIM SOL ដែល​កាលពី​ឆ្នាំទៅ​មិ​ញ​ត្រូវ​បាន​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ផ្តល់​រហស្សនាម​ថា «​បុប្ផា​អាកាស​» ៕