ចាប់​អ្នក​ប្រព្រឹត្ត​ថ្នាំ​ញៀន​មិន​ចេះ​អស់​ទេ

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​នៃ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​កម្លាំង​ការិយាល័យ​ចុះ​បង្ក្រាប​ករណី រក្សា​ទុក​ដឹក​ជញ្ជូន ឬ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បន្តបន្ទាប់​ចំនួន​៥​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់ ស្រី​២​នាក់ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​។

ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខណៈ​ពួក​គេ​កំពុង​ចែកចាយ​នៅ​តាម​ដងផ្លូវ​សាធារណៈ​។

លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា ២០១៦ នេះ​ថា ដោយ​មានការ​សហការ​គ្នា​បាន​ល្អ​ពី​កម្លាំង​មូលដ្ឋាន ទើប​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​​ប្រុស​-​ស្រី​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់ ស្រី​២​នាក់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​-​ស្រី​៥​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​បទល្មើស​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត  រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕