ចាប់​បាន​ដីកា​ពី​បទ​ប្លន់ ពិត​ចា​បាប​ខាន​ភ្ជុំបិណ្ឌ​មែន

ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ក្រុង​ឃាត់ខ្លួន ដោយ​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពី​បទ​ប្លន់​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ចុង​កៅស៊ូ ឃុំ​ស្ល​ក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០០៥ ខណៈ​ដែល​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ  ហើយ​ត្រឡប់​មក​វិញ ត្រូវ​ចាប់ខ្លួន​បាន​នៅផ្ទះ​របស់​ជនល្មើស​តែ​ម្តង​។

លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុ​ង អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​ថា ជនសង្ស័យ​មានឈ្មោះ យឿ​ម ភូ ហៅ ថូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​គ្មាន កើត​នៅ​ជំរុំសាយប៊ី ប្រទេស​ថៃ មាន​ទីលំនៅ បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១៩ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុ​ង បាន​បញ្ជាក់​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ គឺ​សមត្ថកិច្ច​នគរបាល​យើង​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៤៥៩ ចេញ​ដោយ​លោក សួ​ស ឡា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០០៧ ដោយ​ចោទប្រកាន់​ពី​បទ​ប្លន់ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ចុង​កៅស៊ូ ឃុំ​ស្ល​ក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៨ សីហា ២០០៥ ដែល​បទល្មើស​នេះ មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​ប​ញ្ញ​តិ្ត​មាត្រា ៦ នៃ​ច្បាប់​ស្តី​ពី​ស្ថាន​ទម្ងន់ទោស​នៃ​បទឧក្រិដ្ឋ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​ក្រោយ​ពី​បាន​ប្រព្រឹត្ត​បទល្មើស​រួច បាន​រត់គេច​ខ្លួន​បាត់​ដោយ​មិនដឹង​ជា​ស្ថិត​នៅ​ទីណា  បន្ទាប់​ពី​បាន​ទទួល​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន រួច​មក​កម្លាំង​នគរបាល​យើង​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​២៣ កញ្ញា នេះ ទើប​សមត្ថកិច្ច​នគរបាល​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕