ភ្លេចខ្លួន​មួយ​ភ្លែត ឪពុក​ម្ដាយ​យាយ​តា​យំសោក​គ្រប់​គ្នា

ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​ខណៈ​កំពុង​ដើរ​លេង​ជាមួយ​ក្មេង​ៗ​ដែល​ជា​បងប្អូន​ជីដូនមួយ គ្រាន់តែ​ភ្លេចខ្លួន​មួយ​ភ្លែត​ស្រាប់តែ​ចុះ​ទៅ​លេង​ទឹកស្រះ​បណ្ដាល​ឲ្យ​លង់​ស្លាប់​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​លោកយាយ​លោកតា​យំសោក និង​អាឡោះអាល័យ​ក្រៃ​លែង ។ ឧប្បត្តិហេតុ​មួយ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្រះ​ទឹក​ត្រពាំង​អង្គ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ កុសល ហ៊ុយ​ទ្រី អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ដើរ​លេង​ជាមួយ​ក្មេង​ប្រុស​ស្រី​មួយ​ចំនួន​ទៀត​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​នៅ​ចំណុច​ក្បែរ​ស្រះ​ទឹក ចំណែក​ឪពុក​ម្ដាយ លោកតា​លោកយាយ​របស់​ពួក​គេ​ជាប់រវល់​ធ្វើ​ការងារ ហើយ​លោកតា​គឺជា​មេ​ភូមិ​ខាងលើ​ថែម​ទៀត​ផង ខណៈនោះ គ្រាន់តែ​ភ្លេចខ្លួន​បន្តិច​ប៉ុណ្ណោះ ស្រាប់តែ​ក្មេង​ប្រុស​ខាងលើ​បាន​ចុះ​ទៅ​លេង​ទឹកស្រះ​បណ្ដាល​ឲ្យ​លង់​ស្លាប់​តែ​ម្ដង ។ មួយសន្ទុះ​ក្រោយមក​ទើប​ឪពុក​ម្ដាយ យាយ​តា នឹកឃើញ​កូន និង​ចៅប្រុស បាន​នាំ​គ្នា​តាម​រក​ក៏​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ក្រុម​គ្រួ​សារបាន​ត្រឹម​យំសោក​ដោយ​ក្ដី​សោកស្ដាយ និង​អា​លោះ​អាល័យ​ក្មេង​ប្រុស​នោះ​ប៉ុណ្ណោះ ចំណែក​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កាន់​ទីនោះ​ធ្វើការ​ពិនិត្យ​ជាក់ស្ដែង រួច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕