កង្វះ​អង្គការ​សហគមន៍​ធ្វើ​ឲ្យ​ពិបាក​ជំរុញ​អ្នកបោះឆ្នោត​ខ្មែរ​នៅ​ក្រុង Oakland រដ្ឋ​កាលីហ្វ័​ញ៉ា​ និពន្ធដោយ : សឹង សុផាត VOA       September-25-2016, 4:41 pm         281

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កង្វះ​អង្គការ​សហគមន៍​ធ្វើ​ឲ្យ​ពិបាក​ជំរុញ​អ្នកបោះឆ្នោត​ខ្មែរ​នៅ​ក្រុង Oakland រដ្ឋ​កាលីហ្វ័​ញ៉ា​ក្រុង OAKLAND រដ្ឋ CALIFORNIA៖  អង្គ​ការផ្តល់សេវា​សុខភាព​តូច​មួយ​បាន​ជួយ​ក្នុង​កិច្ចការ​បោះឆ្នោត​នេះ​ខ្លះ ខណៈ​មេដឹកនាំ​សហគមន៍​នៅទីនេះ នៅតែ​សង្ឃឹមថា នឹងមាន​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​ច្រើន​ថែមទៀត​ដែល​នឹង​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។​

​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅសល់​តិចជាង​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​អ្នកស្រី ខ្វាត់ សារឿន មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​នៅឡើយ​។ អ្នកស្រី​មាន​អាយុ​៦៦​ឆ្នាំ ហើយ​ចង់​បោះឆ្នោត ប៉ុន្តែ​អ្នកស្រី​បារម្ភ​ថា ដោយសារ​ចំណេះដឹង​ភាសា​អង់គ្លេស​របស់​អ្នកស្រី​មិនល្អ ទើប​អ្នកស្រី​មិនអាច​យល់ច្បាស់​ពី​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំនេះ​។​

​អ្នកស្រី ខ្វាត់ សារឿន ដែល​បានមក​រស់នៅ​សហរដ្ឋអាមេរិក​ជាង​៣០​ឆ្នាំ ថ្លែងប្រាប់ VOA ថា​៖ «​បើ​មាន​គេ​ពន្យល់​ឲ្យ​ច្បាស់លាស់ អាហ្នឹង​ប្រហែលជា​ទៅ​បោះ​។​ ពីព្រោះ​អត់​ទាន់​ដឹងថា ឈ្មោះ​អី​ឈ្មោះ​អី ហើយ​អត់​មាន​អ្នក​ពន្យល់ថា​របៀប​ម៉េច​អី​របៀប​ម៉េ​ច‍​»​។​

​អ្នកស្រី ខ្វាត់ សារឿន ថ្លែងថា អ្នកស្រី​ធ្លាប់បាន​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​ម្តង​កាលពី​ឆ្នាំ​២០០៨ នៅពេល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​អាណត្តិ​ទី​១​។ អ្នកស្រី​យល់​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត ប៉ុន្តែ​អ្នកស្រី​ត្រូវការ​អ្នក​ជួយ​ឲ្យ​អ្នកស្រី​បាន​ចុះឈ្មោះ​បោះឆ្នោត​។​

​អ្នកស្រី​ថ្លែង​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ VOA នាពេល​ថ្មីៗ​នេះ​ថា​៖ «​កាលពី​ខ្ញុំ​បោះឆ្នោត​ឲ្យ​[​អូ​បា​ម៉ា​]​លើក​ទី​១​នោះ មាន​អ្នក​ពន្យល់​ប្រាប់ថា មានរឿង​អ​ញ្ចេះ​មួយ​អ​ញ្ចុះ​មួយ កាល​នោះបាន​ខ្ញុំ​ទៅ​បោះ​។ លើក​នេះ​អត់​មាន​អ្នក​ពន្យល់​ឲ្យ​ច្បាស់​លា​ស‍់​»​។​

​អ្នកស្រី ខ្វាត់ សារឿន ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​ម្នាក់​នៅ​តំបន់​ទីក្រុង​អូក​ឡិន​ដ៍ (Oakland) ក្បែរ​ទីក្រុង​សាន់ ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) ដែលជា​រដ្ឋ​មាន​ជនជាតិខ្មែរ​រស់នៅ​ច្រើន​។​

​មាន​ជនជាតិខ្មែរ​រហូតដល់​ប្រមាណ​ជិត​១០.០០០​នាក់ រស់នៅ​រាយប៉ាយ​នៅ​ទូទាំង​តំបន់​ប្រជុំ​ក្រុង Oakland-San Francisco នេះ ប៉ុន្តែ​ពួកគេ​មិនមាន​អង្គការ​ឬ​សមាគម​ដែល​រឹងមាំ ហើយ​ដែល​អាច​ផ្តល់ជំនួយ​ខាង​កិច្ចការ​នានា​ដូចជា​ការជួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចុះឈ្មោះ​បោះឆ្នោត​នោះទេ​។​

​កាលពីមុន​សហគមន៍​ខ្មែរ​នៅទីនេះ​មាន​អង្គការ​និង​មណ្ឌល​សហគមន៍​រឹងមាំ ដោយ​រួមមាន​សមាគម​អភិវឌ្ឍ​សហគមន៍​ខ្មែរ (Cambodian Community Development, Inc.) និង​វត្ត​ខ្មែរ​អូ​កឡិន​ដ៍ (Oakland Cambodian Buddhist Temple) ដែល​អ្នកស្រុក​និយម​ហៅថា​«​វត្ត​ចា​ស‍់​»​។​

​ប៉ុន្តែ​សមាគម​អភិវឌ្ឍ​សហគមន៍​ខ្មែរ​បាន​បិទ​នៅ​ឆ្នាំ​២០១១ មួយផ្នែក​ដោយសារតែ​ខ្វះ​ថវិកា ហើយ​វត្ត​ចាស់​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គីភ័យ​កាលពី​ខែកុម្ភៈ ដើមឆ្នាំ​នេះ​។​
​មេដឹកនាំ​សហគមន៍​កំពុង​ព្យាយាម​សាងសង់​វត្ត​ចាស់​ឡើង នៅ​ទីតាំង​ថ្មី​មួយ​ក្នុង​ក្រុង Oakland ខណៈដែល​វត្ត​ទី​២​ថ្មី​មួយ ដែល​អ្នកស្រី ខ្វាត់ សារឿន ឧស្សាហ៍​អញ្ជើញ​ទៅសុំ​សីល​នោះ កំពុង​កសាង​ព្រះវិហារ​និង​អគារ​ផ្សេងៗ​មិនទាន់​ចប់សព្វគ្រប់​នៅឡើយ​។​

​ក្នុងអំឡុងពេល​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​មុនៗ និង​ការបោះឆ្នោត​ក្នុង​ក្រុង​ផ្សេងទៀត អង្គការ​សហគមន៍​ទាំងនេះ​បាន​ដើរតួនាទី​ជា​មធ្យោបាយ​និង​ទីតាំង​ងាយស្រួល​សម្រាប់​ស្វែងរក​និង​ជួប​អ្នកបោះឆ្នោត​អាមេរិកាំង​ដើមកំណើត​ខ្មែរ​។​

​ថ្វីបើ​គេ​មិនទាន់​ប្រាកដថា តើ​ការបាត់បង់​អង្គការ​ស​ហគ​មន៍​ទាំងនេះ បាន​នាំ​ឲ្យ​ចំនួន​នៃ​ការចុះឈ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មានការ​ថយចុះ​ឬ​យ៉ាងណា​នោះ អវត្តមាន​នៃ​អង្គការ​ទាំងនេះ​បានធ្វើ​ឲ្យ​អ្នកធ្វើការ​ខាង​កិច្ចការ​បោះឆ្នោត​មានការ​លំបាក​ក្នុងការ​ទាក់ទង​ពលរដ្ឋ​ខ្មែរ​។​

​បើតាម​តួលេខ​ដែល VOA ទទួលបាន​ពី​ការិយាល័យ​បោះឆ្នោត​របស់​ស្រុក Alameda (Alameda County) ដែល​រួមបញ្ចូល​ក្រុង Oakland ផង​នោះ នៅ​ទូទាំង​ស្រុក Alameda រដ្ឋ California មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រមាណ​៩៥០​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត​គិត​មក​ត្រឹម​ដើមខែ​កញ្ញា​នេះ​។​

​អ្នកស្រី ហូ ម៉ា​ឡែ​នី មន្ត្រី​បណ្តុះបណ្តាល​អ្នកបោះឆ្នោត​ខ្មែរ​និយាយ​ពីរ​ភាសា​នៃ​ការិយាល័យ​បោះឆ្នោត​ស្រុក Alameda ថ្លែងថា ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​អាច​ខ្ពស់ជាង​នេះ​ប្រសិនបើ​មាន​សមាគម​ខ្មែរ​ដែល​ជួយ​សម្រួល​ដល់​កិច្ចការ​ទាក់ទង​អ្នកបោះឆ្នោត​។​

​មន្ត្រី​បណ្តុះបណ្តាល​ការបោះឆ្នោត​ជា​ជនជាតិខ្មែរ​អាយុ​២៦​ឆ្នាំ​រូបនេះ​ពន្យល់​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា​៖ «​បើសិន​ជាមាន​សមាគម​ខ្មែរ ឬមួយ​អង្គការ​មួយ​ដើម្បី​ជួយ​ប្រជាជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​នេះ រឹតតែ​ប្រសើរ ព្រោះ​អី ធម្មតា​ប្រសិនបើ​មាន​សមាគម​មួយ ប្រជាជន​ខ្មែរ​នឹង​មក​ប្រមូល​ផ្តុះ​នៅ​សមាគម​ហ្នឹង ហើយ ពួក​ខ្ញុំ​អាច​ទៅ​ជួយ​ពន្យល់​គាត់​។​ហើយ​ខាង​សមាគម​ក៏​អាចជួយ​ពួក​ខ្ញុំ​ដែរ​ដើម្បី​ផ្សព្វផ្សាយ​។​»

​អ្នកស្រី ហូ ម៉ា​ឡែ​នី ថ្លែងថា កិច្ចការ​របស់​អ្នកនាង​មាន​ប្រសិទ្ធភាព​ជាង​នេះ​ពេលធ្វើការ​ជាមួយនឹង​បណ្តា​សហគមន៍​ជនជាតិ​ផ្សេងទៀត​ដែលមាន​សមាគម​រឹងមាំ ដូចជា​សហគមន៍​ជនជាតិ​ចិន ជនជាតិ​វៀតណាម ជនជាតិ​ហ្វីលីពីន និង​សហគមន៍ Latino ដែល​និយាយ​ភាសា​អេ​ស្ប៉ា​ញ​។​

«​លឿន​ជាង​។ ធម្មតា​ពួក​ខ្ញុំ​ទៅទាក់ទង​ទាល់តែ​ទៅទាក់ទង​នឹង​ប្រធាន​សមាគម​។ បើសិនជា​អត់​មាន​សមាគម​អញ្ចឹង ពួក​ខ្ញុំ​មិនដឹងថា​ទាក់ទង​អ្នកណា​ទេ​។ បើសិន​ជាមាន​សមាគម​អញ្ចឹង ពួក​ខ្ញុំ​ដឹងថា​មានកម្ម​វិធី​អ្វីមួយ​ដែល​ប្រជាជន​មក​ច្រើន ពួក​ខ្ញុំ​អាច​ទៅ​ជួយ​បា​ន‍​»​។​

​មេដឹកនាំ​សហគមន៍​ខ្មែរ​នៅ​ក្រុង Oakland យល់ស្រប​ថា អង្គការ​សហគមន៍​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ច្រើនជាង​មុន​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​មូលដ្ឋាន​និង​បោះឆ្នោត​ប្រធានាធិបតី​។​

​លោក អ៊ិន សួន អ្នកជំនាញ​ខាង​ជំងឺផ្លូវចិត្ត​និង​ជា​ប្រធាន​គណៈកម្មការ​វត្ត​ខ្មែរ​អូក​ឡិន​ដ៍​ឬ​ហៅ​វត្ត​ចាស់​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គីភ័យ​នោះ បាន​ថ្លែងប្រាប់ VOA ថា​៖
«​បើ​យើង​ប្រៀបធៀប​ទៅនឹង​ចិន​ទៅ​វៀតណាម គឺ​ចិន​និង​វៀតណាម​គេ​មាន​សមាគម​គេ​ច្រើន ហើយ​គេ​តែង​បង្កើត​កម្មវិធី​ជួបជុំគ្នា បងប្អូន ចិន​គេ​ដោយឡែក វៀតណាម​គេ​ដោយឡែក​។​ដូច្នេះ​គេ​បាន​ជួយ​ពង្រឹង​កម្មវិធី​ផ្សេងៗ​ច្រើន គេ​មាន​មូលដ្ឋាន គេ​មាន​ទីក​ន្លែ​ង‍​»​។​​

​ប្រធាន​គណៈកម្មការ​វត្ត​រូបនេះ ដែល​ធ្លាប់ជួយ​ពលរដ្ឋ​ខ្មែរ​ចុះឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១២ ថ្លែងបន្ត​ដោយ​ក្រៀមក្រំ​ថា​៖ «​សម្រាប់​ខ្មែរ ជាពិសេស​ខ្លួន​ខ្ញុំ​ផ្ទាល់ គឺ​កាលពីដើម​យើង​យក វត្ត​ហ្នឹង​ជា​សង្គម​ការងារ ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ ពេលដែល​ខ្មែរ​មក​វត្ត​ទៅ មាន​ទីប្រឹក្សា​ក្រុង (Oakland) ទៅ​វត្ត​យើង ពន្យល់​យើង​អំពី​សិទ្ធិ​។ សព្វថ្ងៃ​ហ្នឹង​យើង​នៅ​ខ្វះ​ទីកន្លែង​នៅ​ឡើ​យ‍​»​។​​

​ចំពោះ​សមាគម​អភិវឌ្ឍ​សហគមន៍​ខ្មែរ​វិញ នៅមុន​ការបិទទ្វារ​របស់ខ្លួន​នៅ​ឆ្នាំ​២០១១ សមាគម​នេះ​ធ្លាប់មាន​កម្មវិធី​ផ្តល់ព័ត៌មាន អំពី​ការចូល​សញ្ជាតិ​និង​សិទ្ធិ​បោះឆ្នោត​ដល់​ជនជាតិខ្មែរ​។ នេះ​បើតាម​ប្រសាសន៍​របស់​អ្នកស្រី លី សំបូរ ស្ថាបនិក​សមាគម​ដែល​បាន​បិទទ្វារ​នេះ​។​

​មេដឹកនាំ​សហគមន៍​រូបនេះ ថ្លែងប្រាប់ VOA ថា អ្នកស្រី​ជឿថា នៅពេលនេះ​មាន​ពលរដ្ឋ​អាមេរិក​ដើមកំណើត​ខ្មែរ​តិចជាង​មុន ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ដោយសារ​ពួកគេ​ទទួលបាន​ព័ត៌មាន​តិចជាង​មុន​ទាក់ទង​ដំណើរការ​នៃ​ការបោះឆ្នោត ក្រោយពេល​សមាគម​រប​ស់​អ្នកនាង​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​កាលពី​ឆ្នាំ​២០១១​។​

«​ក្រោយពី​សមាគម​ខ្មែរ​យើង​បិទទ្វារ​ទៅ អត់​មាន​អ្នកណា​ជួយ​គាត់​ក្នុង​រឿង​រៀន​ដើម្បី​ទៅ​ប្រឡង​យក citizen (​សញ្ជាតិ​) ឬ​ចុះឈ្មោះ​ដើម្បី​ធ្វើការ​បោះឆ្នោត ដូច្នេះ​យើង​ខ្វះខាត​ខ្លាំង​ណា​ស‍់​»​។​

​អ្នកស្រី លី សំបូរ ពន្យល់​បន្ថែមទៀតថា ជនអន្តោប្រវេសន៍​ខ្មែរ​ជាច្រើន​ដែល​រស់នៅ​សហរដ្ឋអាមេរិក​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ នៅតែមាន​ការរារែក​ក្នុងការ​ដាក់ពាក្យ​ចូលសញ្ជាតិ ដោយសារ​បញ្ហា​ភាសា​និង​ការភ័យខ្លាច​អំពី​កាតព្វកិច្ច​ផ្លូវច្បាប់​នៅ​ប្រទេស​ថ្មី​នេះ ដូចជា​កាតព្វកិច្ច​ចូល​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ ឬ​ហៅថា jury duty ជាដើម​។​
​អង្គការ​សហគមន៍​ដើរតួនាទី​សំខាន់ ជាពិសេស​ដើម្បី​ជួយ​ជនអន្តោប្រវេសន៍​ខ្មែរ​អាច​សុំចូល​សញ្ជាតិ​អាមេរិក និង​ស្វែងយល់​អំពី​សិទ្ធិ​និង​ការទទួលខុសត្រូវ​រប​ស់​ពួកគេ​ក្នុងនាម​ជា​ពលរដ្ឋ​អាមេរិកាំង ដោយ​រួមមាន​សិទ្ធិ​បោះឆ្នោត​ជាដើម​។​

​ស្របគ្នា​ជាមួយនឹង​មេដឹកនាំ​សហគមន៍​ផ្សេងទៀត​ដែរ លោក អ៊ិន សួន និង​អ្នកស្រី លី សំបូរ ថ្លែងថា ពួកគាត់​នឹង​ព្យាយាម​បន្ត​ជួយ​ជនជាតិខ្មែរ​ចុះឈ្មោះ​បោះឆ្នោត​តាម​លទ្ធភាព​ផ្ទាល់ខ្លួន​របស់​ពួកគាត់​។​

​ខណៈដែល​សហគមន៍​ខ្មែរ​នៅ​ក្រុង Oakland មិនមាន​អង្គការ​សហគមន៍​រឹងមាំ​នោះ មាន​អង្គការ​តូច​ដែល​ផ្តល់​សេវា​សុខភាព​ផ្លូវចិត្ត​ដល់​ជនជាតិខ្មែរ បាន​ជួយ​បំពេញ​តួនាទី​ជា​ស្ថាប័ន​ជំរុញ​ពលរដ្ឋ​ខ្មែរ​ឲ្យ​បោះឆ្នោត​នៅ​តំបន់​ក្រុង Oakland​។​

​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​សុខភាព​របស់​ខ្លួន មជ្ឈមណ្ឌល​លើកកម្ពស់​ស្ថានភាព​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍ ឬ​ហៅ​កាត់​ថា CERI (Center for Empowering Refugees & Immigrants) ជួយផ្តល់​ព័ត៌មាន​អំពី​ការបោះឆ្នោត​នៅ​អាមេរិក​ដល់​ជនជាតិខ្មែរ​ដែលជា​អតីតជន​រងគ្រោះ​ពី​របប​ខ្មែរក្រហម​ចំនួន​២០០​នាក់ ដែល​រស់នៅ​តំបន់​ក្រុង Oakland​។​

​មជ្ឈមណ្ឌល CERI នេះ ក៏​ធ្លាប់បាន​ជួយ​អ្នកស្រី ខ្វាត់ សារឿន ឲ្យ​ចូលរួម​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០០៨​ផងដែរ​។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយរូប​ដែល​កំពុង​ទទួល​ជំនួយ​ខាង​ការបោះឆ្នោត​ពី​អង្គការ CERI គឺ​លោក ឈី​វ ឈី​។​

​លោក​ជា​អតីតជន​រងគ្រោះ​ពី​សម័យ​ខ្មែរក្រហម​មួយរូប​ដែល​បានរស់នៅ​ទីក្រុង Oakland តាំងពី​ឆ្នាំ​១៩៨២ ហើយ​លោក ឈី​វ ឈី ប្តេជ្ញា​ថា​នឹងចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​។​

​លោក​ថា ការបោះឆ្នោត​ជា​ករណីយកិច្ច​ពលរដ្ឋ​ដែល​លោក​បាន​សន្យាថា នឹង​បំពេញ​នៅពេល​លោក​ស្បថ​ចូល​ជា​សញ្ជាតិ​អាមេរិកាំង​។ «​ពេលដែល​យើង​និយាយ​ជាមួយ​ក្រសួងអន្តោប្រវេសន៍​ច្បាស់​ណាស់​យើង​បាន​ស្បថសច្ចា​ប្រណិធាន​ជាមួយ​គេ យើង​លើកដៃ​ស្តាំ មុននឹង​ឲ្យ​អង្គុយ ត្រូវ​ឈរ​ស្បថ​សិន អ្វីៗ​ដែលជា​ការពិត​សឹម​និយាយ អ្វីដែល​មិន​ការពិត​មិនអាច​និយាយ​បានទេ​។​​»

​អ្នកស្រី Mona Afary នាយក​ប្រតិបត្តិ​នៃ​អង្គការ CERI នេះ ថ្លែងប្រាប់ VOA ថា ដូច​លោក ឈី​វ ឈី ដែរ អ្នកទទួល​សេវា​ពី​អង្គការ​របស់​អ្នកស្រី​ផ្សេងទៀត មិន​ត្រឹមតែ​ចូលរួម​សកម្ម​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចូលរួម​នៅក្នុង​ការបោះឆ្នោត​មូលដ្ឋាន​របស់​ក្រុង​ផងដែរ​។

​អ្នកស្រី​ពន្យល់​អំពី​ការប្រែប្រួល​នៃ​ប្រធានបទ​កិច្ចពិភាក្សា នៃ​អ្នក​ចូល​ទទួល​សេវា​អង្គការ CERI ក្នុងអំឡុងពេល​ជិត​បោះឆ្នោត​ថា​៖ «​យើង​និយាយ​ពី​(​ករណីយកិច្ច​ពលរដ្ឋ​)​នៅក្នុង​ការពិភាក្សា​ជា​ក្រុម​របស់​ពួកយើង​។ យើង​មានការ​ពិភាក្សា​ជា​ក្រុម​នេះ​ជា​រៀងរាល់​សប្តាហ៍ ហើយ​ការពិភាក្សា​ទាំងនេះ​មិន​ត្រឹម​ផ្តោត​តែ​លើ​បញ្ហា​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ​។ ក្នុងពេល​បច្ចុប្បន្ននេះ [​ជិត​ពេល​បោះឆ្នោត​] យើង​ផ្តោតទៅលើ​ការបោះឆ្នោត​មួយរយៈ​សិ​ន‍​»​។​

​ប៉ុន្តែ​អ្នកស្រី Mona Afary ថ្លែងថា អង្គការ CERI របស់​អ្នកស្រី​គ្រាន់តែ​ជា​ដំណោះស្រាយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​សម្រាប់​ជួយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង Oakland បាន​ចូលរួម​ការបោះឆ្នោត​នៅ​អាមេរិក​។ អ្នកស្រី​សង្ឃឹមថា នឹងមាន​ការបង្កើត​អង្គការ​សហគមន៍​ខ្មែរ​ដែលមាន​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​ដើម្បី​អាចជួយ​ដល់​កិច្ចការ​បោះឆ្នោត​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ​។​

​សម្រាប់​អ្នកស្រី ខ្វាត់ សារឿន ការរង់ចាំ​ដំណោះស្រាយ​យូរអង្វែង​បែបនេះ​គឺ​យូរពេក​ហើយ​។ ដោយ​អ្នកស្រី​ទទួលបាន​ការលើកទឹកចិត្ត​និង​ជំនួយ​ខាង​ភាសា​និង​បច្ចេកទេស​ពី​អ្នកស្រី លី សំបូរ និង​អ្នកស្រី ហូ ម៉ា​ឡែ​នី ផង​នោះ អ្នកស្រី ខ្វាត់ សារឿន និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​វ័យ​ចំណាស់​មួយចំនួនទៀត​បាន​ចុះឈ្មោះ​បោះឆ្នោត នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពីនោះ​៕