ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ដែល​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​នៅ​ម្ដុំ​បឹង​សាឡា​ង

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៨៦ ផ្លូវ​លេខ​២៧១ ក្រុម​ទី​៧ ភូមិ​៣ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦​។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ កែវ សុខ​វិសាល ហៅ​សាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ  ស្នាក់​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ២-​ឈ្មោះ យូ ទិ​ត្យ  ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៩៧ ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល គោក ៣-​ឈ្មោះ សាត ចំរើន ហៅ​ចំរើន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​តាម​ផ្លូវ​លេខ​១៨២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ៤-​ឈ្មោះ ជា ចិន្តា ហៅ​ដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៧ ផ្លូវ​លេខ​២០៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក និង​៥-​ឈ្មោះ ប៊ុ​ន​សុខ បុព្វ​សិទ្ធ  ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ស្នាក់ នៅ​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។

​ចំណែក​ស្ត្រី​ម្ចាស់​កាបូប​ឈ្មោះ ខៀវ សំបូរ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​ហ្គី​ណេ​ស ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៤៦៤ សង្កាត់​ទួល​ទំពូង​២ ខណ្ឌទួលគោក​។ តាម​នគរបាល​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក Honda click ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1U-3176 តែ​ម្នាក់ឯង ដោយ​មាន​ស្ពាយ​កាបូប​ចំហៀង​ខាងស្តាំ ពេល​មក​ដល់ ចំណុច​កើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ​០២​នាក់ ជិះ​ម៉ូតូ​ម៉ាក Honda click ពណ៌​សលាយ​ក្រហម បានមក​អែប​ខាងស្តាំ រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ដាច់​ខ្សែ​កាបូប​បាន​សម្រេច ហើយ​ជិះ​គេចខ្លួន​ចូល​ក្នុង​សាលា​បឋម​ទឹកល្អក់ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

នៅ​ក្នុង​សកម្មភាព​ស្ត្រី​រង​គ្រោះ​ស្រែក​ឆោឡោ ហើយ​ត្រូវ​បាន​កម្លាំង នគរបាល​ដែល​ជិះ​ល្បាត​ដេញ​តាម ក៏​បាន​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៥​នាក់  ដែល​ក្នុង​នោះ​មាន​២​នាក់​ធ្វើ​សកម្មភាព​ជាក់ស្តែង និង​៣​នាក់ ឈប់​ចាំ​បក្ខពួក​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី ២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FQ-8897 និង​ម៉ាក Honda Click ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ​កំពង់ចាម 1F-2421 ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព។

ព្រមទាំង​ដកហូត​បាន​កាបូប​មក​វិញ ក្នុង​នោះ​មាន​លិខិតឆ្លងដែន​០១​ក្បាល អត្តសញ្ញាណប័ណ្ណ​០១​សន្លឹក ប័ណ្ណ​សម្គាល់​ម៉ូតូ ០១​សន្លឹក កាត​អេ​ធី​អឹ​ម ០២​សន្លឹក​។ ដោយឡែក​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក I phone 6 plus ពណ៌​មាស និង​ប្រាក់​ដុល្លារ ៧០​ដុល្លារ និង​ប្រាក់​បាត​ថៃ ១៥០០​បាត បាន​បាត់បង់​។ ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​ច្បាប់​៕