កំពុង​តែ​អង្គុយ​ផឹក​ឃើញ​គូទំនាស់​ដើរ​ចូល ទាញ​ពូថៅ​កាប់​២​ពូថៅ​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​បាន​ប្រជា​ប្រជាពលរដ្ឋ​នាំ​គ្នា តាម​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង ១០​យប់ ថ្ងៃ​ទី​២៣ ខែកញ្ញា រួច​ប្រគល់​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ ជ្រោយចង្វារ ចាត់ការ​តាម​ច្បាប់​បន្ទាប់​ពី​អង្គុយ​ផឹក​ស្រវឹង ឃើញ​គូទំនាស់​ដើរ​ចូល​ទៅ ស្មានថា​គេ​ទៅ​វាយ​ក៏​ទាញ​ពូថៅ​កាប់​ចំនួន​២​ពូថៅ​រង​របួសធ្ងន់​។

ការ​ប្រើ​ហិង្សា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លក់​ចាប់ហួយ តាម​ផ្លូវ​បេតុង​ក្នុងភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ ជន​ដៃដល់​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ ថន កុសល ហៅ​មឿ​ក ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ មិន​ពិតប្រាកដ​។​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហេង ណា​រ៉េ​ត ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជា​កម្មករ មាន​លំនៅ​ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ​។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង ៤​រសៀល ជន​រង​គ្រោះ​បាន​ទៅ​អង្គុយ​ផឹកស្រា​ជាមួយ​អ្នក​ក្បែរ​ខាង​ឈ្មោះ រី ភេទ​ស្រី រហូត​ដល់​ម៉ោង​ប្រហែល ៧​យប់​។ បន្ទាប់​ពី​ផឹក​ស្រវឹង ក៏​បាន​យក​ប្រាក់​ទៅ​សង​ឈ្មោះ ប្រុស ដែល​មានផ្ទះ​នៅ​ទល់មុខ​គ្នា ខណៈនោះ ស្រាប់តែ​បានឃើញ​ជនសង្ស័យ​ឈ្មោះ ថន កុសល  ដែល​កន្លង​មក​ធ្លាប់​មាន​ទំនាស់​គ្នា កំពុង​តែ​អង្គុយ​ផឹកស្រា​នៅ​ទីនោះ​តែ​ម្នាក់ឯង​។

នៅ​ពេល​ឃើញ​ជន​ជន​រង​គ្រោះ ដើរ​ចូល​ទៅ គោលបំណង​សង​ប្រាក់​ឈ្មោះ ប្រុស នឹក​ស្មានថា គេ​ទៅ​វាយ​ក៏​បាន​ស្ទុះ​ងើបឡើង​ទៅ​យក​ពូថៅ​ពី​ក្នុងផ្ទះ​ដែល​ខ្លួន​កំពុង​តែ​អង្គុយ​ផឹក​កាប់​ក្បាល​ជន​រង​គ្រោះ​ចំនួន​២​ពូថៅ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ រួច​គេចខ្លួន​បាត់​។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់ គឺ​រំលង​ប្រមាណ​៣​ម៉ោង ត្រូវ​បាន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​តាម​រក​ឃើញ​នៅ​ម្តុំ​ស្ពាន​អាកាស​៧​មក​រា ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​តែ​ម្តង​៕