ក្រុមហ៊ុន Salesforce ចរចា​ទិញយក​បណ្តាញ​សង្គម Twitter និពន្ធដោយ : ធីតា       September-26-2016, 8:23 am         122

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុមហ៊ុន Salesforce ចរចា​ទិញយក​បណ្តាញ​សង្គម Twitterក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ី​ន​ធឺ​ណិ​ត Salesforce របស់​អាមេរិក ព្យាយាម​ប្រជែង​ជាមួយ​ក្រុមហ៊ុន Google ដើម្បី​ទិញយក​បណ្តាញ​សង្គម Twitter ។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បច្ចេកវិទ្យា TechCrunch កាលពីពេល​ថ្មីៗ​កន្លងមក​។ កាសែត​បាន​អះអាងថា វា​មិនមែនជា​ពាក្យ​ចចាមអារ៉ាម​នោះឡើយ ពីព្រោះ​បច្ចុប្បន្ន Twitter បើក​ការពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដែលមាន​ចំណាប់អារម្មណ៍​លើ​ខ្លួន​។​

​ទោះបីជា​ថ្ងៃ​នៃ​ការចរចា មិនមាន​ការផ្សព្វផ្សាយ​ផ្លូវការ​ក៏ដោយ ប៉ុន្តែ​គេ​ជឿថា បណ្តាញ​សង្គម Twitter អាច​នឹង​លក់​ចេញ​យ៉ាង​ណាស់​មុន​ដំណាច់ឆ្នាំ​២០១៦ ។ ទោះបីជា​យ៉ាងណាក៏ដោយ Twitter ក៏​មិនទាន់​សម្រេចចិត្ត​១០០​ភាគរយ​នោះដែរ ពីព្រោះ​មិន​ក្រុមហ៊ុន​មួយចំនួន ចាប់អារម្មណ៍​បំពាក់​បច្ចេកវិទ្យា​ផ្សេងៗ​លើ​បណ្តាញ​សង្គម​មួយ​នេះ ក្នុងនោះ​មានដូចជា ទម្រង់​នៃ​ការផ្សាយពាណិជ្ជកម្ម ឬ​សេវាកម្ម​ចែកចាយ​វីដេអូ ជាដើម​។​

​កាសែត​នានា​របស់​អាមេរិក វាយតម្លៃថា ប្រសិនបើ​មានការ​ទិញដូរ Twitter មែន​នោះ សេវាកម្ម សកម្មភាព និង​កម្មវិធី​មួយចំនួន​នឹងត្រូវ​ផ្អាក ដូច្នេះ​បុគ្គលិក​ជាច្រើន​នឹងត្រូវ​បញ្ឈប់​ពី​ការងារ​។ បន្ថែម​ពីលើ​នេះ​ទៀត បណ្តាញ​សង្គម Vine ដែលមាន​ជំនាញ​ផ្នែក​ចែករំលែក​វីដេអូ​ខ្លីៗ ហើយ​ជា​ដៃគូ​របស់ Twitter នឹង​ប្រឹង​រស់​ដោយ​ខ្លួនឯង​។​

​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ Recode Net លោក Evan Williams សហ​ស្ថាបនិក​ក្រុមហ៊ុន Twitter បាន​អះអាងថា ភាគី​របស់លោក​បើក​ការចរចា​គ្រប់​លក្ខខណ្ឌ​។ ក្រុមហ៊ុន Salesforce ហាក់​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ខ្លាំងជាងគេ ដោយ​នាំមុខ Google និង​ក្រុមហ៊ុន​មួយចំនួនទៀត​។​

គេ​មិនដឹងថា Salesforces ហ៊ាន​ឲ្យ​តម្លៃ​ប៉ុណ្ណា​នោះឡើយ​លើ​ការទិញ Twitter​។ កន្លងមក Microsoft បាន​ទិញយក Linkedln ក្នុងតម្លៃ​ជាង​២៦​ពាន់​លាន​ដុល្លារ​អាមេរិក ដូច្នេះ Twitter អាចមាន​តម្លៃ​យ៉ាងហោចណាស់​៣០​ពាន់​លាន​ដុល្លារ​អាមេរិក​៕