ស៊ីរី៖​បស្ចិមលោក​ជំរុញ​រុស្ស៊ី​ឲ្យ​ស្រោចស្រង់​បទឈប់បាញ់ និង​ព្រមាន​ថា ភាព​អត់ធ្មត់​របស់​បស្ចិមលោក​មាន​ព្រំដែន

នៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក សង្រ្គាមពាក្យសម្តីបាន និងកំពុងបន្តមានយ៉ាងផុសផុលរវាងបស្ចិមលោក និងប្រទេសរុស្ស៊ីទាក់ទងនឹងវិបត្តិស៊ីរី។ នៅថ្ងៃសៅរ៍ ទី២៤ កញ្ញា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានផ្សព្វផ្សាយសេចក្តីជូនដំណឹងរួមគ្នាមួយដោយព្រមានរុស្ស៊ីចំមុខ។ ការព្រមានរុស្ស៊ីចំមុខពេលនេះបានធ្វើឡើង ចំពេលដែលទីក្រុងអាឡិបនៅស៊ីរីកំពុងទទួលរងការវាយប្រហារផ្លូវអាកាសយ៉ាងខ្លាំងក្លាតាំងពីថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យ ទី២៥ កញ្ញាដោយបានបណ្តាលឲ្យមានជនស៊ីវិលស្លាប់យ៉ាងតិច ៤៥នាក់។ នៅថ្ងៃអាទិត្យនេះដែរ មប្រឹក្សាសន្តិសុខកោះប្រជុំបន្ទាន់មួយតាមសំណើរបស់អាមេរិក បារាំង និងប្រទេសអង់គ្លេស។

នៅក្នុងសេចក្តីជូនដំណឹងរួមដែលចុះហត្ថលេខាដោយប្រមុខការទូតអាមេរិក សមភាគីបារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស និងតំណាងសហភាពអឺរ៉ុបបានព្រមានរុស្ស៊ីត្រង់ៗថា ភាពអត់ធ្មត់របស់បស្ចិមលោកមានកម្រិត មានន័យថា បស្ចិមលោកមិនអាចបន្តឈរឱបដៃមើលបានទៀតឡើយនូវស្ថានការណ៍ដែលកំពុងកើតមាននៅស៊ីរីពេលនេះ។ សេចក្តីជូនដណឹងដដែលបានបញ្ជាក់ថាចាប់ពីពេលនេះតទៅ រុស្ស៊ីជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះស្ថានការណ៍ដុនដាបនៅស៊ីរីសព្វថ្ងៃ ហើយរុស្ស៊ីត្រូវតែបង្ហាញពិភពលោកថា ខ្លួនពិតជាមានឆន្ទៈក្នុងការដោះស្រាយវិបត្តិស៊ីរីតាមរយៈវិធានការពិសេសៗក្នុងគោលដៅស្រោចស្រង់កិច្ចខិតខំប្រឹងប្រែងផ្លូវទូតរបស់សហគមន៍អន្តរជាតិនាពេលកន្លងមក។

Loading...

ក្រៅពីចេញមុខព្រមានរុស្ស៊ីត្រង់ៗ ភាគីហត្ថលេខីនៃសេចក្តីថ្លែងការណ៍ក៏បានទាមទារឲ្យមានការអនុវត្តលើវិធានការបន្ទាន់មួយចំនួន រួមមាន បង្កើតឲ្យមានបទឈប់បាញ់ឡើងវិញ ជួយសម្រួលឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅឲ្យប្រជាជនស៊ីរីដែលកំពុងជាប់កុននៅក្នុងតំបន់ជម្លោះ និងបង្កើតឲ្យមានលក្ខខណ្ឌចាំបាច់មួយចំនួនដើម្បីជួយផ្តល់សន្ទុះកិច្ចចរចាសន្តិភាពឲ្យស៊ីរីឡើងវិញក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមគ្នានេះ សេចក្តីជូនដំណឹងរួមរបស់បស្ចិមលោកក៏បានបញ្ជាក់ជាថ្មីម្តងទៀត ពីការប្តេជ្ញាចិត្តក្នុងការកម្ទេចអង្គការរដ្ឋអ៊ីស្លាមនៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ឲ្យដល់ឫសគល់ ព្រមទាំងស្នើរុស្ស៊ីឲ្យធ្វើដូចគ្នា។

បស្ចិមលោកមិនអាចបន្តទ្រាំទ្រនឹងឥរិយាបទរបស់រុស្ស៊ីនៅស៊ីរី

បស្ចិមលោកមិនអាចបន្តឈរមើលរុស្ស៊ីដែលកំពុងបន្តយកជើងមួយជាន់ទូកពីរ នៅម្ខាង រុស្ស៊ីយល់ព្រមបើកយុទ្ធនាការប្រឆាំងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមជាមួយសហគមន៍អន្តរជាតិ ចំណែកនៅម្ខាងទៀត រុស្ស៊ីបន្តគាំទ្ររបបស៊ីរីរបស់លោកប្រធានាធិបតីអាសាដដោយវាយប្រហារលើក្រុមបះបោរស៊ីរីដែលគាំទ្រដោយសហគមន៍អន្តរជាតិ។ គេពិតជានៅចាំបានថាកាលពីថ្ងៃទី៩ កញ្ញាកន្លងទៅថ្មីនេះ លោកប្រមុខការទូតអាមេរិកចន ឃែរី និងសមភាគីរុស្ស៊ីលោកស៊ែរហ្កី ឡាវរ៉ូស្វបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់មួយនៅស៊ីរី។ តែបន្ទាប់ពីចូលជាធរមានបានមួយសប្តាហ៍ កិច្ចព្រមព្រៀងឈប់បាញ់នោះក៏ត្រូវរលាយបាត់ ហើយទ័ពអាកាសរុស្ស៊ី រួមជាមួយទ័ពអាកាសស៊ីរីក៏បានផ្តើមទម្លាក់គ្រាប់បែកជាថ្មីលើក្រុមបះបោរនៅក្នុងទីក្រុងអាឡិប។

ការទម្លាក់គ្រាប់បែកពេលនោះបានធ្លាក់លើក្បួនរថយន្តដឹកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិដោយបានផ្តាច់ជីវិតមនុស្សប្រមាណជា ២០នាក់ ក្នុងនោះមានបុគ្គលិកមនុស្សធម៌ជាច្រើននាក់។ នៅក្រោយព្រឹត្តិការណ៍នោះភ្លាម អាមេរិក និងរុស្ស៊ីក៏ផ្តើមទម្លាក់កំហុសដាក់គ្នាដោយចោទគ្នាទៅវិញ ទៅមកពីការបំពានលើបទឈប់បាញ់។ តាំងពីថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យ ទី២៥ កញ្ញា ទីក្រុងអាឡិបកំពុងបន្តស្ថិតក្រោមគ្រាប់បែករុស្ស៊ី និងស៊ីរីដែលបណ្តាលឲ្យមានជនស៊ីវិលស្លាប់យ៉ាងតិច ៤៥នាក់។

នៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រមុខការទូតស៊ីរីបានថ្លែងនៅថ្ងៃសៅរ៍ ទី២៤ កញ្ញាដោយទទួលស្គាល់ពេញមាត់ថា ទ័ពស៊ីរីកំពុងរុលទៅមុខដើម្បីវាយយកទីក្រុងអាឡិបត្រឡប់វិញ និងថា ជោគជ័យនេះបានមកពីការគាំទ្រផ្លូវយោធាពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងចលនាហេស្បូឡាលីបង់។ គឺភស្តុតាងទាំងអស់នេះហើយដែលបានធ្វើឲ្យបស្ចិមលោក ពិសេសអាមេរិក និងសហភាពអឺរ៉ុបមិនអាចទប់កំហឹងទៀតបាន ហើយមិនញញើតនឹងដំឡើងសម្លេងដាក់រុស្ស៊ី។ នៅពេលនេះ រុស្ស៊ីនៅមិនទាន់ឆ្លើយតបយ៉ាងម៉េចទេ តែកន្លងមក ក្រុងមូស្គូតែងបដិសេធ និងទម្លាក់ការទទួលខុសត្រូវរួមគ្នាជាមួយអាមេរិកនៅក្នុងបញ្ហានេះ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់

នៅថ្ងៃអាទិត្យ ទី២៥ កញ្ញា និងតាមសំណើរបស់អាមេរិក បារាំង និងប្រទេសអង់គ្លេស ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់មួយក្នុងគោលដៅស្រោចស្រង់កិច្ចព្រមព្រៀងឈប់បាញ់ និងទប់ស្កាត់សង្រ្គាមហិង្សាលើទីក្រុងអាឡិប។ នេះមិនមែនជាលើកទី ១ ហើយក៏ប្រហែលជាមិនមែនជាលើកចុងក្រោយទេដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ ឬមិនបន្ទាន់។ តែជាទូទៅ គេមិនដែលឃើញមានលទ្ធផលអ្វីជាដុំកំភួនទេ។ ទោះជាយ៉ាងនេះក្តី សហគមន៍អន្តរជាតិក៏មិនអាចឈរឱបដៃមើលការស្លាប់រង្គាលរបស់ប្រជាជនស៊ីរីបានឡើយ។

អាទិភាពរបស់ក្រុមប្រឹក្សាសន្តិសុខនៃកិច្ចប្រជុំបន្ទាន់ថ្ងៃនេះ គឺអំពាវនាវឲ្យផ្អាកការទម្លាក់គ្រាប់បែកលើទីក្រុងអាឡិប និងស្រោចស្រង់កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីដែលបានចុះហត្ថលេខាដោយអាមេរិក និងរុស្ស៊ីកាលពីថ្ងៃទី៩ កញ្ញា។ ពិតណាស់ថាខណៈនេះ ការផ្ទុះអាវុធលើទីក្រុងអាឡិបបានកើតមានជាថ្មីយ៉ាងខ្លាំងក្លាមែន ហើយរុស្ស៊ី និងអាមេរិកក៏កំពុងបន្តចោទគ្នាទៅវិញ ទៅមកដែរ តែរហូតមកពេលនេះ រុស្ស៊ី និងអាមេរិកបានអះអាងដូចគ្នាថា កិច្ចព្រមព្រៀងឈប់បាញ់នោះមិនទាន់ស្លាប់ទេ ព្រមទាំងព្យាយាមស្រោចស្រង់ទៀតផង។ នៅក្នុងន័យនេះ អាមេរិក រួមទាំងបស្ចិមលោកបានយល់ឃើញដូចគ្នាថា ដើម្បីអាចជួយពន្លឿនល្បឿននៃការស្រោចស្រង់កិច្ចព្រមព្រៀងឈប់បាញ់ គឺមានតែការប្រើវេទិកាក្រុមប្រឹក្សាសន្តិសុខទេទើបអាចមានទម្ងន់និយាយជាមួយរុស្ស៊ីបាន។ តែអ្វីដែលក្រុមប្រឹក្សាសន្តិសុខត្រូវចៀសវាងនោះ គឺការដាក់គំនាបលើរុស្ស៊ីដោយកម្លាំងបាយ៕

ប្រភព៖ rfi