ទស្សនកិច្ច​​នាយករដ្ឋមន្ត្រី​​ចិន​ នៅ​​គុយបា​ ជំរុញ​​ទំនាក់ទំនង​​​ទ្វេភាគី​​​អោយកាន់​​តែប្រសើរ​

ក្នុងដំណើរទស្សនកិច្ច៤៨ម៉ោង នៅគុយបា ថ្ងៃសៅរ៍នេះ នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង បានជួបប្រធានាធិបតីគុយបា លោករ៉ាអ៊ូល កាស្ត្រូ នៅទីក្រុងឡាហាវ៉ាន។ កិច្ចព្រមព្រៀងជាង៣០ត្រូវបានចុះហត្ថលេខា រវាងចិននិងគុយបា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីអោយកាន់តែប្រសើរថែមទៀត។

ប្រធានាធិបតីគុយបា រ៉ាអ៊ូល កាស្ត្រូ បានទទួលជួបលោកលី ខឺឈាំង នៅវិមានបដិវត្តន៍គុយបា នៅទីក្រុងឡាហាវាន។ យោងតាមទូរទស្សន៍គុយបា ចិននិងគុយបាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង៣០ ទាក់ទងកសិកម្ម ឧស្សាហកម្ម តម្លៃពន្ធដារ បច្ចេកវិទ្យា ព័ត៌មានវិទ្យា បរិស្ថាន ថាមពល និងសុខភាព។

Loading...

នេះជាលើកទី១ហើយ នាយករដ្ឋមន្ត្រីចិនឈានជើងចូលគុយបា តាំងពីចិននិងគុយបាមានទំនាក់ទំនាក់ការទូតនឹងគ្នា ៥៦ឆ្នាំមកនេះ។ ប្រធានាធិបតីស៊ី ជីនពីងធ្លាប់មកគុយបារួចមកហើយ កាលពីឆ្នាំ២០១៤។

យោងតាមនាយករដ្ឋមន្ត្រីចិន ចិនត្រៀម សហប្រតិបត្តិការជាមួយគុយបា លើផ្នែក ថាមពលមិនចេះរីងស្ងួត ហេដ្ឋារចនាសម្ព័ន្ធ រឺក៏ម៉ាស៊ីនសម្រាប់ផ្នែកកសិកម្មជាដើម។ ចិនផ្តល់ឥណទានអោយគុយបាច្រើនជាងគេ។ ចិនជាដៃគូពាណិជ្ជកម្មលំដាប់ទី២របស់គុយបា បន្ទាប់ពីវេណេស៊ុយអេឡា។ ការផ្តោះប្តូររវាងប្រទេសទាំង២ គិតក្នុង៩ខែដំបូងក្នុងឆ្នាំ២០១៥ មានជាទឹកប្រាក់១៦០០លានដុល្លារ គឺកើន៥៧ភាគរយ ប្រៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៤។

នាយករដ្ឋមន្ត្រីចិនបានពោលពាក្យសរសើរគុយបា ដែលបានចូលរួមអោយមានស្ថិរភាពតំបន់។ គួររំលឹកថា គុយបាបានខិតទៅរកអាមេរិកវិញ នាចុងឆ្នាំ២០១៤ ហើយនៅខែកក្កដាឆ្នាំ២០១៥ គុយបានិងអាមេរិកបានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនឹងគ្នាឡើងវិញ។

ដោយឡែក មុនមានទស្សនកិច្ចនាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីជប៉ុន ស្ហ៊ីនហ្សូ អាបេ ក៏ទើបតែបានទស្សនកិច្ចគុយបា ដែរ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ៕

ប្រភព៖ rfi