សម្ព័ន្ធ​មិត្ត​សហរដ្ឋ​អាមេរិក​នៅ​អឺរ៉ុប៖ ការ​បញ្ឈប់​សង្គ្រាម​នៅ​ស៊ីរី​គឺ​អាស្រ័យ​លើ​ប្រទេស​រុស្ស៊ី

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅទ្វីបអឺរ៉ុប កំពុងជំរុញឲ្យប្រទេសរុស្ស៊ីចាត់វិធានការមិនធម្មតាមួយក្នុងការគំាទ្រការឈប់វាយប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ីរី។

នៅក្នុងសេចក្ដីប្រកាសរួមគ្នាមួយដែលបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ រដ្ឋមន្ត្រីការបរទេសមកពីសហរដ្ឋអាមេរិក បារាំង អ៊ីតាលី អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានជំរុញឲ្យរដ្ឋាភិបាលក្រុងមូស្គូគំាទ្រនូវជំនួយមនុស្សធម៌ បញ្ឈប់ការទម្លាក់គ្រាប់បែកលើជនជាតិស៊ីរី និងប្រឹងប្រែងឡើងវិញក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី។

Loading...

សេចក្ដីប្រកាសនេះបានបញ្ជាក់ថា៖ «បន្ទុកគឺស្ថិតនៅលើប្រទេសរុស្ស៊ី ក្នុងការបញ្ជាក់ថា ខ្លួនមានឆន្ទៈ និងមានលទ្ធភាពក្នុងការបោះជំហានមិនធម្មតាដើម្បីជួយសង្គ្រោះកិច្ចប្រឹងប្រែងផ្នែកការទូតនានាក្នុងការពង្រឹងនូវកិច្ចឈប់វាយប្រយុទ្ធគ្នា ដោយអនុញ្ញាតឲ្យមាននូវជំនួយមនុស្សធម៌ចូលក្នុងប្រទេសស៊ីរី និងបង្កើតនូវលក្ខខណ្ឌដែលចាំបាច់សម្រាប់ការចាប់ផ្ដើមឡើងវិញនូវកិច្ចពិភាក្សានានាអំពីការផ្លាស់ប្ដូរស្ថានការណ៍នយោបាយ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ‍»។

សម្ព័ន្ធមិត្តទាំងនេះ បានរក្សាការប្ដេជ្ញារបស់ខ្លួននៅក្នុងការកម្ទេចពួកជ្រុលនិយមក្រុមរដ្ឋឥស្លាម និងបានស្នើប្រទេសរុស្ស៊ីឲ្យផ្ដោតលើក្រុមដែលជាប់ពាក់ព័ន្ធជាមួយនឹងពួកអាល់កៃដា (al-Qaida) នៅក្នុងប្រទេសស៊ីរី។

ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក បានប្រកាសឲ្យបើកកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃអាទិត្យនេះ វេលាម៉ោង ១១ ព្រឹក ម៉ោងនៅក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកដើម្បីដោះស្រាយវិបត្តិនៅស៊ីរីនេះ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមូន បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា លោកមានការតក់ស្លុតចំពោះសកម្មភាពបំភិតបំភ័យរបស់ពួកយោធា ដែលកំពុងតែមានការកើនឡើងនៅក្នុងទីក្រុង Aleppo នៃប្រទេសស៊ីរី ដែលជាទីក្រុងរងការបំផ្លាញដោយសារសង្គ្រាម ដែលអ្នកឃើញហេតុការណ៍សង្គ្រាមនេះផ្ទាល់បានបញ្ជាក់ថា កងកម្លាំងស៊ីរី និងសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួនជាអ្នកដឹកមុខការបំផ្លិចបំផ្លាញនេះ៕

ប្រភព៖ VOA