ថ្ងៃ​បើក​ឆាក​ប៉េតង់​​កម្ពុជា​បំបែក​កំណត់​ត្រា​មេដាយ​​ ខណៈ​ព្រឹក​នេះ​ប្រកួត​ Semi-Final នឹង​ថៃ

ក្រុម​កីឡា​កម្ពុជា​បាន​បំបែក​កំណត់​ត្រា​ឈ្នះ​មេដាយ​នៅ​ថ្ងៃ​បើក​ឆាក​ បន្ទាប់​ពី ក្រុម​ប៉េតង់​កម្ពុជា​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​ជួប​ក្រុម​ខ្លាំង​ថៃ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ទ្វីប​អាស៊ី​ឆ្នាំ​២០១៦​នេះ​នៅ​ប្រទេស​វៀតណាម។

 

ថ្ងៃ​បើក​ឆាក​ប៉េតង់​​កម្ពុជា​បំបែក​កំណត់​ត្រា​មេដាយ​​ ខណៈ​ព្រឹក​នេះ​ប្រកួត​ Semi-Final នឹង​ថៃ

 

ក្រុម​ប៉េតង់​នារី​កម្ពុជា​​​មាន​ អ៊ុក​ ស្រីមុំ និង​ អ៊ុន ស្រីយ៉ា​ បាន​យក​​ឈ្នះ​ក្រុម​ប៉េតង់​នារី​ម៉ាឡេស៊ី​ដោយ​លទ្ធផល​ ៩-៤, ឈ្នះ​ក្រុម​ប៉េតង់​នារី​ឡាវ​ដោយ​លទ្ធផល​ ៧-៦ និង​ឈ្នះ​ក្រុម​ប៉េតង់​នារី​ឥណ្ឌូណេស៊ី​ដោយ​លទ្ធផល​ ១៣-០។  ឆ្លង​កាត់​ការ​ប្រកួត​ទាំង​៣​លើក​កន្លង​មក​ ក្រុម​នារី​កម្ពុជា​ឈរ​លេខ​១​ក្នុង​ពូល​ និង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​ប្រកួត​ព្រឹក​នេះ​វេលា​ម៉ោង​៩​ព្រឹក​ជា​មួយ​កីឡា​ការិនី​ប៉េតង់​ថៃ។

 

ចំណែក​ប៉េតង់​​វិញ្ញាសា​បុរស២​នាក់ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ចិន​ដោយ​លទ្ធផល ១៣-២, ឈ្នះ​ឡាវ ១៣-៩, ចាញ់​ថៃ ១-១៣ និង​ឈ្នះ​សិង្ហបុរី ១៣-១០។ ឆ្លង​កាត់ឈ្នះ​៣​ប្រកួត និង​ចាញ់​១​ប្រកួត ក្រុម​កម្ពុជា​ស្ថិត​នៅ​លេខ​២​ក្នុង​ពូល​ និង​ត្រូវ​ប្រកួតវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ព្រឹក​នេះ​ដែរ។

 

ចំពោះ​វិញ្ញាសា​​វាយ​គូ​បុរស-នារី ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ឥណ្ឌូណេស៊ី​ ១៣-, ចាញ់​ម៉ាឡេស៊ី​ ០-១៣ និង​ឈ្នះ​ថៃ ១២-៧ ហើយ​អស់​ឱកាស​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​បាត់​ហើយ។

 

ដូច្នេះ​មាន​ន័យ​ថា ក្រុម​កម្ពុជា​មាន​មេដាយ​សំរឹទ្ធ​ក្នុង​​ដៃ​៤​​គ្រឿង​​ស្រាប់​ហើយ​ ប៉ុន្តែ​បើ​ឈ្នះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ​នឹង​ឡើង​ទៅ​ដណ្តើម​ មេដាយ​មាស​តែ​ម្តង។ ​កម្ពុជា​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​​១​​គត់​​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ឆ្នេរខ្សាច់​​ទ្វីប​អាស៊ី​នេះ​ពោល​គឺ​ឆ្នាំ​២០១៤​នៅ​ប្រទេស​ថៃ​ដែល​កីឡា​ការិនី​ចំបាប់​ នី សំណាង​ជា​ដណ្តើម​បាន៕

 

ថ្ងៃ​បើក​ឆាក​ប៉េតង់​​កម្ពុជា​បំបែក​កំណត់​ត្រា​មេដាយ​​ ខណៈ​ព្រឹក​នេះ​ប្រកួត​ Semi-Final នឹង​ថៃ ឯកឧត្តម ថោង ខុន ប្រធាន​ NOCC ទៅ​គាំទ្រ​ផ្ទាល់​ដល់​កន្លែង​ប្រកួត

 

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត៖ NOCC