លោក​សន វិ​ជ្ជ​បុត្រ​ជួយ​ទិញ​ស្រូវ​កសិកររួច​កិន​ជា​អង្ករ​ចែក​ជា​ទាន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សន វិ​ជ្ជ​បុត្រ​មាន​សមានចិត្ត​ជួយ​ទិញ​ស្រូវ​សំដៅ​ជួយ​សម្រាល​ការ​លំបាក​របស់​កសិករ​ដែល​ជួប​បញ្ហា​ស្រូវ​លក់​បាន​ថោក ។  

តារាចម្រៀង​សន វិ​ជ្ជ​បុត្រ ប្រកាស​ទិញ​ស្រូវ​កសិករ​ដោយ​ផ្ទាល់ ដើម្បី​កិន​ជា​អង្ករ​ចែក​ជូន​ជន​ចាស់ជរា ក្រីក្រ និង​គ្មាន​ទីពឹង ។ ការ​ប្រកាស​ទិញ​ស្រូវ​នេះ​គឺ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​កសិករ ។

កន្លង​មក​តារាចម្រៀង​សន វិ​ជ្ជ​បុត្រ​ធ្លាប់​ចូលរួម​សកម្មភាព​សង្គម​ជា​ហូរហែ​ទាំង​ការ​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស​រក​លុយ និង​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ជា​ច្រើន​ជួយ​ដល់​កុមារ​កំព្រា ជន​ពិការ ជនអនាថា  សិល្បករ ចាស់ជរា​គ្មាន​ទីពឹង​នៅ​តាម​តំបន់​ជា​ច្រើន​។

ថ្មី​ៗ​នេះ​លោក​វិជ្ជមាន​បញ្ជាក់​ថា នឹង​ទិញ​ស្រូវ​២​តោន​ពី​កសិករ​នៅ​តំបន់​មួយ​ចំនួន​នៃ​ខេត្តព្រៃវែង​។ ការ​ទិញ​ស្រូវ​នេះ​ខណៈ​តម្លៃ​ស្រូវ​របស់​កសិករ​ធ្លាក់​ចុះ ហើយ​តម្លៃ​ដែល​លោក​ទិញ​អាច​ស្រប​ទៅ​តាម​តម្លៃ​ដែល​កសិករ​ចង់បាន​។ លោក​មាន​ក្តី​អាណិត​ចំពោះ​កសិករ ហើយ​ចង់​ជួយ​ពួក​គាត់​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទីផ្សារ​លក់ដូរ​ផលិតផល ប៉ុន្តែ​ដោយ​​លោក​មិន​មាន​លទ្ធភាព​ច្រើន​ទើប​លោក​សម្រេចចិត្ត​ទិញ​ស្រូវ​តែ​ចំនួន​២​តោន​ប៉ុណ្ណោះ​ដែល​វា​គឺជា​ប្រាក់​របស់​លោក​ផ្ទាល់ » ។

លោក​សន វិ​ជ្ជ​បុត្រ​នឹង​ទៅ​ទិញ​ស្រូវ​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ២០១៦ បន្ទាប់​ពី​លោក​បញ្ចប់​ការ​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​នា​ថ្ងៃ​ទី​២៥ កញ្ញា។ ស្រូវ​ទាំង​ពីរ​តោន​នោះ​នឹង​កិន​ជា​អង្ករ រួច​ដឹក​ចែក​ជូន​ប្រជាពលរដ្ឋ ពិសេស ចាស់​ៗ​ដែល​ជួប​បញ្ហា​ប្រឈម​នឹង​ជីវភាព នៅ​ស្រុក​បាភ្នំ​ខេត្តព្រៃវែង ។ បន្ថែម​លើ​អង្ករ​ទាំងនេះ​នឹង​មាន​សម្ភារ ប្រាក់ សារុង ឬ​ក្រមា​សម្រាប់​ចែក​ជូន​នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។ ទាំង​អង្ករ ប្រាក់ និង​សម្ភារ​និង​ជូន​ជីដូន​របស់​លោក​ដែល​រស់នៅ​ទីនោះ​ជា​អ្នក​ចាត់ចែង ប៉ុន្តែ​លោក​ក៏​នឹង​មាន​វត្តមាន​ចូលរួម​ផង​ដែរ ។ ជីដូន​របស់​លោក​វិ​ជ្ជ​បុត្រ​រស់នៅ​តំបន់​នោះ​ស្រាប់ ហើយ​លោក​ចង់​បំពេញ​បំណង​ជីដូន​ក្នុង​ការ​ធ្វើបុណ្យ​ដាក់​ទាន​ដល់​ជន​ទី​ទ័ល​ក្រ​នា​ឱកាស​ភ្ជុំបិណ្ឌ​នេះ ។

លោក​សន វិ​ជ្ជ​បុត្រ បញ្ជាក់​ថា ក្រៅពី​ស្រូវ​លោក​សង្កេត​ឃើញ​កសិផល​របស់​កសិករ​មួយ​ចំនួន​កំពុង​តែ​ប្រឈម​នឹង​ការ​ខ្វះ​ទីផ្សារ​ផង​ដែរ ប៉ុន្តែ​លោក​មិន​មាន​លទ្ធភាព​ទិញ​កសិ​ផល​ទាំងនោះ​ដូច្នេះ​ហ​ហើយ​ទើប​លោក​សម្រេចចិត្ត​ទិញ​តែ​អង្ករ ដែល​លោក​រំពឹង​ថា នឹង​អាច​ជួយ​សម្រួល​បាន​មួយ​ផ្នែក​តូច​របស់​កសិករ និង​ចូលរួម​ធ្វើបុណ្យ​ដាក់​ទាន​ក្នុង​ឱ​កា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។

លោក​សន វិ​ជ្ជ​បុត្រ អំពាវនាវ​ឲ្យ​បណ្តា​សប្បុរសជន​ដែល​មាន​ទ្រព្យធន មាន​លទ្ធភាព​គួរ​ជួយ​ចែករំលែក​ការ​លំបាក​របស់​កសិករ ក្នុង​នាម​ខ្មែរ​ជួយ​ដល់​ខ្មែរ​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ចំពោះ​មុខ​នេះ ៕