មុនជម្រុះពាន Suzuki Cup ក្រុមកម្ពុជា ត្រូវជួបហុងកុង និងស្រីលង្កា ខណៈសំបុត្រលក់ថ្ងៃនេះព្រមគ្នា

ក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់នៅប្រទេសសិង្ហបុរីនោះ នឹងត្រូវបង្ហាញសមត្ថភាពតាមរយៈការប្រកួតមិត្តភាពអន្តរជាតិ នៅចំពោះមុខអ្នកគាំទ្រជាជនរួមជាតិរបស់ខ្លួន រហូតដល់២ប្រកួតទៀត មុនពេលក្រុមតំណាងឲ្យកម្ពុជាមួយនេះ ត្រូវស្វាគមន៍ក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា។

mm1

បើតាមព័ត៌មាន ដែលត្រូវបានបង្ហោះនៅលើផេកហ្វេសប៊ុករបស់សហពន្ធកីឡាបាល់ទាត់កម្ពុជា កាលពីម្សិលមិញបានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមហុងកុង នៅពហុកីឡដ្ឋានជាតិ ចាប់ពីល្ងាចម៉ោង ៦:៣០ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ហើយបន្ទាប់មក ក្រុមកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិស្រីលង្កា នៅពហុកីឡដ្ឋានជាតិដដែល ចាប់ពីម៉ោង ៦:៣០ នាថ្ងៃទី៩ ខែតុលា ដោយការប្រកួតទាំង២លើកនេះមានការផ្សាយផ្ទាលតាមទូរទស្សន៍ BTV ដូចគ្នា។

មន្រ្តីគ្រប់គ្រង ផេកហ្វេសប៊ុកផ្លូវការរបស់សហពន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងទៀតថា សំបុត្រសម្រាប់ចូលទស្សនាការប្រកួតមិត្តភាពទាំង២លើកខាងលើនោះ នឹងចាប់ផ្តើមលក់ពីថ្ងៃចន្ទនេះ ចាប់ពីម៉ោង៩ព្រឹករហូតដល់ល្ងាចម៉ោង៦ នៅពហុកីឡដ្ឋានជាតិ ដោយក្នុងនោះសំបុត្រសម្រាប់កន្លែងមានដំបូល១សន្លឹកតម្លៃ១០០០០រៀល និងកន្លែងគ្មានដំបូល ១សន្លឹកតម្លៃ៥០០០រៀល។

mm2

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅហ្វឹកហាត់នៅពហុកីឡដ្ឋាន Jurong East Stadium របស់ប្រទេសសិង្ហបុរី តាំងពីថ្ងៃទី២១ ខែកញ្ញា នឹងត្រូវត្រឡប់មកវិញ នៅថ្ងៃទី៣០ ខែកញ្ញា ហើយនៅក្នុងអំឡុងពេលហ្វឹកហាត់នៅ ក្រុមកម្ពុជា ក៏ត្រូវប្រកួតដកស្រង់បច្ចេកទេសចំនួន៣លើកផងដែរ ដោយក្នុងនោះការប្រកួតដកស្រង់បច្ចេកទេសលើកទី១កាលពីថ្ងៃសុក្រ ក្រុមកម្ពុជា បានយកឈ្នះក្រុម Albirex Niigata ២-១ ចំណែកនៅថ្ងៃចន្ទនេះ កម្ពុជា ត្រូវប្រកួតជាមួយក្រុមសិង្ហបុរី មុនពេលពួកគេទៅជួបក្រុម GI FC នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ៕

The post មុនជម្រុះពាន Suzuki Cup ក្រុមកម្ពុជា ត្រូវជួបហុងកុង និងស្រីលង្កា ខណៈសំបុត្រលក់ថ្ងៃនេះព្រមគ្នា appeared first on CamboSport.