ទោះគ្មាន Balotelli តែ Nice នៅតែឡើងឈរលើកំពូលតារាង Ligue 1 ម្តងទៀត (មានវីដេអូ Highlight)

ក្រុម Nice បានលេងដោយគ្មានខ្សែប្រយុទ្ធឆ្នើម Mario Balotelli ប៉ុន្តែ ពួកគេនៅតែបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Nancy កាលពីថ្ងៃអាទិត្យ ដើម្បីវិលទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 ជាថ្មីវិញ។ ស្របពេល Balotelli ដែលរកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២លើកដំបូងរបស់គេកីឡាបាល់ទាត់បារាំង បានអវត្តមានដោយសារតែបញ្ហាសាច់ដុំ មិត្តរួមក្រុមរបស់គេ Alassane Plea បានរកគ្រាប់បាល់ឈ្នះក្នុងការប្រកួតនាកីឡដ្ឋាន Stade Marcel-Picot។

nobalotelli

លទ្ធផលនេះបានរក្សាធ្វើឲ្យក្រុម Nice មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្របខ័ណ្ឌរបស់បារាំង ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Lucien Favre និងបានធ្វើឲ្យពួកគេបញ្ចប់ចុងសប្តាហ៍ថ្មីៗនេះដោយការឈរនៅលើកំពូលតារាង ក្រោយពីក្រុម Monaco បានឡើងឈរពីលើពួកគេកាលពីថ្ងៃសៅរ៍។ Monaco បានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ក្រោមស្នាដៃក្រុម Nice កាលពីពាក់កណ្តាលសប្តាហ៍មុន ប៉ុន្តែ បានស្តារមុខមាត់វិញដើម្បីផ្តួលក្រុម Angers ក្នុងលទ្ធផល ២-១ ក្នុងពេលអវត្តមានខ្សែប្រយុទ្ធ Radamel Falcao ដែលកំពុងតែសម្រាកព្យាបាលពីការប៉ះទង្គិចក្បាល។

ការទទួលជ័យជម្នះរបស់ក្រុម Nice ធ្វើឲ្យពួកគេឡើងឈរពីលើក្រុម Monaco ដោយនាំមុខ១ពិន្ទុ និង៣ពិន្ទុពីលើក្រុម Toulouse ដែលបានផ្តួលក្រុមម្ចាស់ជើងឯក Paris Saint-Germain ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសុក្រ ដើម្បីធ្វើឲ្យក្រុមជើងខ្លាំងមួយនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ៤នៅលើតារាង៕

ប្រភពព័ត៌មាន៖ Channel News Asia

The post ទោះគ្មាន Balotelli តែ Nice នៅតែឡើងឈរលើកំពូលតារាង Ligue 1 ម្តងទៀត (មានវីដេអូ Highlight) appeared first on CamboSport.