ខ្មោច​ស្រុក​ឲ្យ​ដៃ ខ្មោច​ព្រៃ​កាប់​ខ្ទេច​

គេតែងតែនិយាយថា «អភិរក្សទីណាវិនាសទីនោះ» នេះគឺជាពាក្យស្លោកពិសេសមួយដែលអ្នករស់នៅតំបន់ព្រៃភ្នំដែលតែងតែរត់មាត់និយាយពីភូមិមួយទៅភូមិមួយ។

ពលរដ្ឋទូទៅភាគច្រើនមិនដែលដឹងថា តើមានសង្កាត់រដ្ឋបាលព្រៃឈើដែលគេនិយមហៅថាពួកមេព្រៃប៉ុន្មានសង្កាត់ ប៉ុន្មានខណ្ឌសរុបនៅទូទាំងប្រទេសទេ? នេះយើងមិនទាន់បូកបញ្ចូលពីចំនួនប៉ុស្តិ៍រដ្ឋបាលតាមភូមិសង្កាត់នីមួយៗតើមានចំនួនប៉ុន្មាន និងមានមន្ត្រីប៉ូលិសសរុបទូទាំងប្រទេសប៉ុន្មាននាក់ផងនោះទេចុះបើទម្រាំតែគេបូកបញ្ចូលទាំងកងកម្លាំងរាជអាវុធហត្ថពេញផ្ទៃប្រទេសទៀតនោះ តើវាមានចំនួនប៉ុន្មានទៅហ្ន? ចុះបើមានមន្ត្រីជំនាញ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ ហេតុអ្វីបានជាព្រៃឈើចេះតែបន្តរេចរឹលអស់ពីមួយថ្ងៃទៅមួយថ្ងៃ?

Loading...

ទន្ទឹមនឹងនេះអ្នកស្រុកក៏និយមនិយាយលេបខាយផងដែរថា«អ្វីៗគេអាចគេចពន្ធបានតែមិនអាចគេចគយ» វាជារឿងពិតមួយនៃកង្វះខាតការត្រួតពិនិត្យមើលលើភាពមិនប្រក្រតីនៃមន្ត្រីរាជការមួយភាគធំដែលកំពុងតែយកតួនាទីមុខងាររបស់ខ្លួនមកបំប្លែងធ្វើអាជីវកម្មដើម្បីទាញយកកម្រៃក្រៅផ្លូវច្បាប់ពីក្រុមឈ្មួញទុច្ចរិត។

ចុះបើយ៉ាងហ្នឹងៗ តើការប្រកាសក្នុងការបំផុសចលនាការពារព្រៃឈើរបស់រដ្ឋាភិបាលអាចមានប្រសិទ្ធភាពដែរឬទេ?

ជាទូទៅនៅពេលដែលយើងរំឭកឡើងវិញអំពីបរិមាណនៃព្រៃឈើតាំងតែពីអតីតកាលគេតែងតែនិយមប្រៀបធៀបពីបរិមាណព្រៃឈើប្រមាណជាង ៧០ ភាគរយនៃផ្ទៃប្រទេសកាលពីអំឡុងទសវត្សរ៍ទី ៧០ មកសម័យបច្ចុប្បន្នដោយគេសង្កេតឃើញថាមានការបាត់បង់បរិមាណយ៉ាងគំហុកដែលជាកត្តានាំឲ្យកើតមាននូវឧក្រិដ្ឋកម្មបំផ្លាញធម្មជាតិនោះកើតចេញមកពីកត្តាធំៗចំនួនពីរ ទី ១ គឺកង្វះយន្តការក្នុងការគ្រប់គ្រង អភិរក្ស និងការពារព្រៃឈើ ទី ២ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនក្នុងការកាប់បំផ្លាញ និងសម្អាតព្រៃឈើឲ្យក្លាយជាវាលរហោឋានក្រោមស្លាកនៃការអភិវឌ្ឍ។ ឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំក៏សូមបើករង្វង់ក្រចកដើម្បីពិពណ៌នាអំពីការអភិវឌ្ឍ។

ជាក់ស្តែងគ្មានពលរដ្ឋណាម្នាក់ និងសូម្បីតែរូបខ្ញុំជំទាស់ក្នុងការអភិវឌ្ឍនោះទេក៏ប៉ុន្តែការអភិវឌ្ឍបែបបញ្ច្រាសជើងរបស់រាជរដ្ឋាភិបាលដោយគ្មានតម្លាភាព និងចីរភាពសព្វថ្ងៃនេះវាប្រែក្លាយពីសេចក្តីបីតិសោមនស្សមកជាទោមនស្សសម្រាប់មនុស្សគ្រប់គ្នាទៅវិញ។

នៅពេលផ្ទៃដីកសិកម្មជារបស់ប្រជាពលរដ្ឋដែលកំពុងតែបោះបង់ចោលជាបណ្តើរៗដោយសារតែខ្វះខាតនូវប្រព័ន្ធធារាសាស្ត្រជាពិសេសកង្វះខាតទីផ្សារលក់ចេញនូវផលិតផលកសិកម្មរបស់ពួកគាត់នោះរដ្ឋអំណាច ឬក្រសួងសាមីមិនខិតខំធ្វើការបណ្តុះបណ្តាលនូវជំនាញកសិកម្មបែបទំនើប និងស្វះស្វែងរកទីផ្សារសម្រាប់កសិករនោះទេបែរជានាំគ្នាស៊ីញ៉េអនុញ្ញាតឲ្យវិនិយោគិនបរទេស ឬក្រុមហ៊ុនខ្មោចមួយចំនួនមកកាប់បំផ្លាញព្រៃឈើដើម្បីវាតទីធ្វើកសិកម្មហើយក្រុមហ៊ុនខ្លះទៀតសោតក៏ពុំដែលមានសកម្មភាពអភិវឌ្ឍអ្វីក្រៅពីចូលមកកាប់បំផ្លាញព្រៃឈើនោះទេ។

ខ្ញុំគិតថាមុននឹងសម្រេចចិត្តក្នុងការលះបង់ព្រៃឈើដែលជាមរតកធម្មជាតិដ៏មានតម្លៃមហាសាលជំហានដំបូងរដ្ឋាភិបាលគួរតែប្រាកដចិត្តលើខ្លួនឯងជាមុនសិនថាតើមានយន្តការគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងដំណោះស្រាយល្អៗសម្រាប់សហគមន៍ដែលរស់នៅក្នុងតំបន់ព្រៃឈើដែលចង់អភិវឌ្ឍនោះហើយឬនៅ?

តើពលរដ្ឋមូលដ្ឋានទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីគម្រោងអភិវឌ្ឍន៍នោះក្រៅពីការបាត់បង់ផ្ទះសម្បែង ដីស្រែចម្ការ ព្រៃឈើដែលជាកេរមរតកពីដូនតារបស់គាត់មក និងធ្លាក់ខ្លួនក្លាយជាកញ្ជះរបស់ក្រុមហ៊ុននោះ? តើការអភិវឌ្ឍមានគម្រោងច្បាស់លាស់ដែរឬទេគណនេយ្យភាពនៃចំណូលពន្ធចូលក្នុងថវិកាជាតិដើម្បីផ្សព្វផ្សាយជាចំហដល់សាធារណជនដែរឬទេ? ឬគ្រាន់តែឃុបឃិតចែកលុយគ្នាចូលហោប៉ៅ?

កត្តាទីពីរគឺ៖ ភាពចន្លោះប្រហោងក្នុងការត្រួតពិនិត្យពីការអនុវត្តច្បាប់របស់មន្ត្រីរាជការមួយចំនួនធំដែលយកស័ក្តិយសរបស់ខ្លួនមកពាំងដើម្បីរកស៊ីឈើខុសច្បាប់ និងសកម្មភាពរាប់ក្បាលឡានយកលុយពីសំណាក់មន្ត្រីអភិរក្សព្រៃឈើនៅទូទាំងប្រទេសនោះ។

កត្តាទាំងអស់នេះហើយដែលជាបុព្វហេតុសំខាន់ ឬអាចនិយាយបានថាជាស្ថាបនិកនៃការបង្កើតចលនាការពារព្រៃឈើ និងធនធានធម្មជាតិព្រមទាំងសកម្មភាពតស៊ូមតិតវ៉ាប្រឆាំងទៅនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលហើយវាក៏ក្លាយជាចលករយ៉ាងសំខាន់ដែលធ្វើឲ្យរាជរដ្ឋាភិបាលទម្លាក់ចោលសន្លឹកឆ្នោតរបស់ខ្លួនឯងទៅឲ្យគណបក្សដទៃ។ ជារួមយើងអាចនិយាយបានថាប្រសិនបើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដនោះគឺវាមិនមានការលំបាកក្នុងការដោះស្រាយបញ្ហានោះទេព្រោះអ្នកណាក៏ដឹងពីឥទ្ធិពលនៃបុរសខ្លាំងដែរខ្លាចតែគ្រាន់តែជាឆាកល្ខោនបំភាន់ភ្នែកដើម្បីស្តារបាតពាងរបស់រដ្ឋាភិបាលប៉ុណ្ណោះ។

ជាពិសេសទៅទៀតនោះគឺគ្រាន់តែពង្រឹងយន្តការក្នុងការគ្រប់គ្រងការការពារ និងអភិរក្សធនធានធម្មជាតិព្រមទាំងធ្វើយុទ្ធនាការចុះដុសក្អែលដល់នាយខណ្ឌ ឬ សង្កាត់រដ្ឋបាលព្រៃឈើ មន្ត្រីនៃមន្ទីរបរិស្ថាន និងមេកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធនោះ និងឈប់បន្តផ្តល់ដល់សម្បទានសេដ្ឋកិច្ចបញ្ហាក៏វានឹងអាចដោះស្រាយបានយ៉ាងងាយបំផុតខ្លាចតែជាសម្លម្ជូរកំពឹសនោះទេទើបបានពិបាក។

មួយរយៈកាលចុងក្រោយនេះតាមរយៈកំណែទម្រង់គោលនយោបាយក្នុងការគាំពារបរិស្ថានរបស់រាជរដ្ឋាភិបាលបានផ្ទេរនូវកាតព្វកិច្ចក្នុងកិច្ចគាំពារ និងអភិរក្សព្រៃការពារ ឧទ្យានជាតិ និងតំបន់ជម្រកសត្វព្រៃឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងកំពុងតែរៀបចំសេចក្តីព្រាងច្បាប់ស្តីពីក្រមបរិស្ថានផងដែរ។

ជាទស្សនៈនៃការយល់ឃើញផ្ទាល់របស់ខ្ញុំ បើទោះបីជាមានច្បាប់ល្អយ៉ាងណាក៏ដោយតែប្រសិនបើមិនមានការត្រួតពិនិត្យ ឬរៀបចំយន្តការក្នុងការតាមដានដល់មន្ត្រីថ្នាក់មូលដ្ឋានទេនោះវាប្រាកដណាស់បទល្មើសកាប់បំផ្លាញព្រៃឈើនឹងនៅតែកើតមានជាដដែល៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍