សុខ ទូច ​អស់​និយាយ ​ក្រោយ​វ៉ៃ​មិន​បាន​កន្លះ​ទឹក ​ក៏​ចាញ់​ថៃ​ទៅ​ហើយ

អ្នក​លេង​ដៃ​ធ្ងន់ សុខ ទួច ​ប្រកួត​មិន​បាន​កន្លះ​ទឹក​ទី​មួយ​ផង ក៏​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​ទៅ​ហើយ​​ ក្រោយ​រូបគេ​ត្រូវ​មួយ​ដៃ​របស់​កីឡាករ​ថៃ​ កាំឡាយផេត ​ហើយ​ត្រូវ​អាជ្ញា​កណ្ដាល​រាប់​ដល់​ទៅ​៣​ដង​។

 

សុខ ទូច ​អស់​និយាយ ​ក្រោយ​វ៉ៃ​មិន​បាន​កន្លះ​ទឹក ​ក៏​ចាញ់​ថៃ​ទៅ​ហើយសុខ ទួច ត្រូវអាជ្ញាកណ្ដាលរាប់

 

ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​១ ​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់ ​សមរ​ភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​ ទម្ងន់​៧៥​គ.ក្រ​របស់ PNN ​កាល​ពី​ម្សិលមិញ​នេះ ​កីឡាករ​កម្ពុជា​ទាំង​​ពីរ​នាក់ សុទ្ធ​តែ​ចាញ់​កីឡាករ​ថៃ​ទាំង​ពីរ​នាក់។​ មាស ភារម្យ ​ចាញ់​កីឡាករ​មក​ពី​ថៃ ឌីសេលលេក ​ត្រឹម​ទឹក​ទី​៤ ​ខណៈ​ដែល សុខ ទូច ​ចាញ់​កាំឡាយផេត ​ត្រឹម​ទឹក​ទី​១។

 

អ្វី​ដែល​អ្នក​គាំទ្រ​វិស័យ​ប្រដាល់​ហួស​ចិត្ត​ខ្លាំង​នោះ​គឺ​គូ សុខ ទូច ​ដែល​ចាញ់​កាំឡាយផេត ​ត្រឹម​ទឹក​ទី​១​នោះ​ឯង។ សុខ ទូច ​ជា​កីឡាករ​ខ្លាំង​ម្នាក់​របស់​កម្ពុជា ដែល​ល្បី​ថា​កណ្ដាប់ដៃ​ធ្ងន់ ប៉ុន្តែ​ប៉ះ​ថៃ​ម្សិលមិញ​នេះ រូបគេ​បែរ​ជា​ភ្លាត់​ឱ្យ​ថៃ​ដែល​មិន​សូវ​ខ្លាំង​ខាង​កណ្ដាប់​ដៃ វាយ​ចូល​មួយ​ដៃ​បាត់​បង់​ស្មារតី​ទៅ​វិញ។ ក្រោយ​ត្រូវ​មួយ​ដៃ​នោះ​ហើយ សុខ ទូច ​បាន​ព្យាយាម​តាំង​ស្មារតី​វិញ​ដែរ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​ដូចជា​ហួស​អស់​ទៅ​ហើយ ដោយ​ខាង​ថៃ​វាយ​គ្រប​រហូត​ដល់​អាជ្ញា​កណ្ដាល​រាប់​៣​ដង បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង។

 

ចុះ​ពី​សង្វៀន​ភ្លាម សុខ ទូច ​បាន​ប្រាប់​ដល់ Sabay ​ថា​ខ្លួន​គ្មាន​អ្វី​និយាយ​សោះ មិន​ដឹង​និយាយ​ថា​មិច​ទេ ព្រោះ​ដូចជា​មិនមែន​ជា​ការពិត​ឡើយ។ អ្នក​លេង​ដៃ​ធ្ងន់​រូប​នេះ បន្ថែម​ថា​ខ្លួន​បាន​ហ្វឹកហាត់​ដល់​កម្រិត​ហើយ ខណៈ​ដែល​ថៃ​នេះ​ក៏​មិន​ខ្លាំង​ណាស់​ណា​ដែរ ប៉ុន្តែ​បែរ​ជា​ភ្លាត់​ឱ្យ​គេ​វាយ​បាន​តាម​ចិត្ត​ទៅ​វិញ។

 

 

អត្ថបទ៖ មុន្នី រម្យ​