ទិន្នន័យ​ចំណូល​ពី​ការនាំចេញ​ខ្សាច់​បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​បាត់បង់​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​

ថ្មីៗ​នេះ​ក្រុម​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្សជំទាស់​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ពី​តម្លាភាព​ព័ត៌មាន​ទាក់ទង​អាជីវកម្ម​បូម​ខ្សាច់ ក៏ដូចជា​ការនាំចេញ​ខ្សាច់​ពី​កម្ពុជា​។ ការដែល​មន្ត្រី​គណបក្សជំទាស់​និង​ក្រុម​សង្គម​ស៊ីវិល​សំណូមពរ​បែបនេះ គឺ​ក្រោយពេល​ទទួលបាន​ទិន្នន័យ​ពាណិជ្ជកម្ម​មួយ​បានបង្ហាញ​ពី​ភាពខុសគ្នា​ស្រឡះ​រវាង​ការនាំចេញ​ខ្សាច់​ពី​កម្ពុជា​ទៅ​ប្រទេស​សិង្ហ​បុរី និង​ទិន្នន័យ​ដែល​សិង្ហ​បុរី​នាំចូល​ខ្សាច់​ពី​កម្ពុជា​ក្នុង​រយៈពេល​៨​ឆ្នាំ ដែលមាន​តួលេខ​ខុសគ្នា​ដល់​ទៅ​ជាង​២៤​ដង​។ ក្រុមមន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្សជំទាស់​បាន​ពិនិត្យឃើញ​ភាពមិនប្រក្រតី​មួយចំនួន​ទាក់ទង​នឹង​អាជីវកម្ម​បូម​ខ្សាច់ ហើយ​សង្ស័យថា​មានការ​ប្រព្រឹត្ត​អំពើពុករលួយ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល គួរ​បំភ្លឺ​ឲ្យ​បានច្បាស់លាស់​ជុំវិញ​បញ្ហា​នេះ​។

​យោងតាម​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការសហប្រជាជាតិ បាន​បង្ហាញថា​រយៈពេល​៨​ឆ្នាំ​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៥ កម្ពុជា​នាំ​ខ្សាច់​ចេញទៅ​ប្រទេស​សិង្ហ​បុរី ២ ៧៧៤ ៦១៣​តោន គិត​ជា​ទឹកប្រាក់​ជាង​៥​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​បើ​ផ្អែក​តាម​ទិន្នន័យ​ដែល​សិង្ហ​បុរី​ទិញ​ខ្សាច់​ពី​កម្ពុ​ជាមាន​ដល់​ទៅ​ជាង​៧៣​លាន​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៧៥០​លាន​ដុល្លារ​អាមេរិក​។ ភាពមិនប្រក្រតី​នេះហើយ ដែល​ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្សជំទាស់ ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​អំពី​ការគ្រប់គ្រង​ធនធាន​ខ្សាច់ ដើម្បី​កុំ​ឲ្យ​មាន​ភាពមិនប្រក្រតី​កើតឡើង​ពេញបន្ទុក​តទៅទៀត​។ តួលេខ​ខុសគ្នា​នៃ​របាយការណ៍​ខាងលើ​បាន​បង្ហាញថា ការនាំចេញ​ខ្សាច់​ពី​កម្ពុជា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ​កន្លងមក​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ធ្លាប់បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​រដ្ឋសភា​ដោយ​បញ្ជាក់ថា ឯកសារ​និង​ទិន្នន័យ​ពាក់ព័ន្ធ​ការប្រមូល​ចំណូល​ពី​អាជីវកម្ម​ខ្សាច់​ត្រូវបាន​តម្កល់ទុក​នៅ​អង្គភាព​និង​ស្ថាប័ន​ជំនាញ​ដោយ​ធានាបាន​នូវ​ប្រសិទ្ធភាព និង​គណនេយ្យភាព​ក្នុងការ​ប្រមូល​និង​គ្រប់គ្រង​ចំណូល​។ ក៏ប៉ុន្តែ​ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម មិនបាន​បង្ហាញ​ឯកសារ​ផ្លូវការ​ជាក់លាក់​ណាមួយ​ទាក់ទង​ទៅនឹង​ចំណូល​អាជីវកម្ម​ខ្សាច់​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​មន្ត្រី​គណបក្សជំទាស់​បានលើកឡើង​ថា ការឆ្លើយតប​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល មិនអាច​ទទួលយកបាន​នោះទេ ហើយ​ថា​ក្រសួង​រ៉ែ និង​ថាមពល គួរតែ​បង្ហាញ​តួលេខ​ចំណូល​ពី​អាជីវកម្ម​ខ្សាច់ ព្រោះ​ក្នុង​មួយឆ្នាំៗ​កម្ពុជា​នាំចេញ​ខ្សាច់​ទៅ​បរទេស ជាពិសេស​ប្រទេស​សិង្ហ​បុរី​យ៉ាងច្រើន ហើយ​ចំណូល​ពី​អាជីវ​កម្មនេះ​មាន​ភាពមិនប្រក្រតី អាច​ជាប់ទាក់ទង​ទៅនឹង​អំពើពុករលួយ​៕

SONY DSC

suysem_150512_-sony-2015-05-12-2015-05-14

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

c74f2c77-8dfa-4369-8bb0-24f8f62728d3