អ្នកមាន​លុយ អ្នកមានអំណាច មួយចំនួន​បន្ត​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​មួយ​រយៈពេល​កន្លងទៅនេះ អ្នកមាន​លុយ អ្នកមានអំណាច ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដោយសារតែ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ គ្មាន​សមត្ថភាព​ក្នុងការ​ទប់ស្កាត់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ស្ត្រី​ម្នាក់​ឈ្មោះ រ៉ែ​ម ផល​ចាន់​លី មាន​ទីលំនៅ​ភូមិ​ស្រែ​ជើង​រាស្ត្រ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមាន​ប្ដី​ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​២​នៅ​ក្រសួងការពារជាតិ កំពុង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យ៉ាង​ក្រអឺតក្រទម​។ ចំណែក​លោក ឡាយ ម៉េង​ឡាំង ជា​មន្ត្រីនគរបាល​ពាក់​ស័ក្ដិ​៤​កន្លះ និង​ជា​មេ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ក៏​នាំ​បក្ខពួក​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​បោះបង្គោល​បន្លា​លួស​និង​ដាំំ​ដើម​ស្វាយ​ផងដែរ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​ដី​រដ្ឋ​រាប់រយ​ហិកតា​ត្រូវបាន​គេ​ឈូសឆាយ​កាប់​គាស់​ធ្វើ​របង​និង​ដាំ​ស្វាយ​ជា​បន្តបន្ទាប់ ហើយ​មិនឃើញ​អាជ្ញាធរខេត្ត​ព្រះសីហនុ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​ស្ត្រី​ឈ្មោះ រ៉ែ​ម ផល​ចាន់​លី និង​លោក ឡាយ ម៉េង​ឡាំង មេ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកោះកុង ហ៊ាន​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ស្រេច​តែ​អំពើ​ចិត្ត​។ ជាងនេះទៅទៀត​ប្រភពពី​មន្ត្រីនគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ជាច្រើន​ខែ​មកហើយ​ដែល​លោក ឡាយ ម៉េង​ឡាយ ចាកចោល​អង្គភាព​មក​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ​។

​ប្រជាពលរដ្ឋ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ ក៏ដូចជា​អាជ្ញាធរខេត្ត​ព្រះសីហនុ ចាត់វិធានការ​ជាបន្ទាន់​ទៅលើ​អ្នកមាន​លុយ អ្នកមានអំណាច ដែល​កំពុង​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ដើម្បី​កុំ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​តទៅទៀត​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​ក៏បាន​អំពាវនាវ​ឲ្យ​ក្រសួង ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​អី​អាជ្ញាធរខេត្ត​ព្រះសីហនុ បានត្រឹមតែ​បង្កើត​ស្នាក់ការ​សង្កេតការណ៍​នៅ​តំបន់​កើតមាន​បទល្មើស ប៉ុន្តែ​ស្ត្រី​ឈ្មោះ រ៉ែ​ម ផល​ចាន់​លី និង​មន្ត្រីនគរបាល​ខេត្តកោះកុង ឈ្មោះ ឡាយ ម៉េង​ឡាំង នៅតែ​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​។ ក្រៅពីនេះ​អ្នកមាន​លុយ អ្នកមានអំណាច​មួយចំនួន​ទៀត ក៏​កំពុង​ឆ្លៀតឱកាស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ​យ៉ាង​អនាធិបតេយ្យ​ដែរ ដោយសារ​គេ​ដឹងថា បទបញ្ជា​របស់លោក យន្ត មីន គ្រាន់តែ​ជា​រឿង​លេងសើច​ឥតប្រយោជន៍​ប៉ុណ្ណោះ​៕

179

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ 

ses-25