គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់​ការជឿទុកចិត្ត​ខ្ពស់​លើ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​

តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម ថ្មីៗ​នេះ បាន​បញ្ជាក់ថា បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​បាន​ដឹកនាំ​ដោយ​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ដែលមាន​បទពិសោធន៍ និង​សមត្ថភាព​ខ្ពស់​យ៉ាងណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ចាត់ទុកថា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ជា​ធនធាន​ប្រកបដោយ​សក្តានុពល​មិនអាច​ខ្វះ​បាន ដូចនេះ​គណបក្ស​សង្គ្រោះ​ជាតិ​បានផ្តល់​ការជឿទុកចិត្ត​ខ្ពស់​លើ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នឹង​ជួយ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នាពេល​ខាងមុខនេះ​។​

​លោក ប៉ុល ហំ​ម បាន​បញ្ជាក់ថា បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើការ​សាបព្រោះ​នូវ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទៅដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន​ក៏ពិតមែន តែ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ទទួលយក​នូវ​មតិយោបល់​ពី​យុវជន និង​ប្រជាពលរដ្ឋ​ផងដែរ ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ធ្វើ​គោលនយោបាយ​វិមជ្ឈការ​តាមរយៈ​ការដាក់បញ្ចូល​យុវជន​ដែលមាន​សមត្ថភាព និង​មនសិការ​ជាតិ​ខ្ពស់​ចូលទៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​តាំងពី​មូលដ្ឋាន​រហូតដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​គណបក្ស​ផងដែរ​។​

តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម បាន​សង្កត់ធ្ងន់ថា​គណ​បក្ស​សង្គ្រោះ​ជាតិ សូម​កោតសរសើរ និង​លើកទឹកចិត្ត​ដល់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​។ លោក ប៉ុល ហំ​ម បាន​បញ្ជាក់ថា យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​យល់​ពី​គោលនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុងតែ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើនឡើង​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ត្រៀមលក្ខណៈ​ទៅ​ចូលរួម​បោះឆ្នោត​នាពេល​ខាងមុខនេះ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​បានបញ្ជាក់​ថា អ្វីដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ន គឺជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទទួលបាន​នូវ​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការគោរព​សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម លើ​មាគ៌ា​ត្រឹមត្រូវ​ជាដើម ហើយ​បេសកកម្ម​នេះ​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​យុវជន​ខ្មែរ​គ្រប់រូប​ទើប​ទទួលបាន​ភាពជោគជ័យ​៕

14390706_1472240576126570_8152127778621504130_n 14485176_1472240336126594_4198805130229387952_n