​ភាព​ក្រី​ក្រ​បង្ខំ​​យុវជន​ខេត្ត​តាកែវ​​ឈប់​រៀន ងាក​មក​ចាប់​ជំនាញ​វិជ្ជាជីវៈ​​

យុវជន​ក្រី​ក្រ​មួយ​ចំនួន​ក្នុង​ខេត្ត​តាកែវ​បាត់​បង់​ក្ដី​សង្ឃឹម​របស់​ពួក​គេ​ ដោយ​បង្ខំ​ចិត្ត​ឈប់​រៀន​ព្រោះ​គ្មាន​ប្រាក់​គ្រាប់​គ្រាន់​ តែ​ពួក​គេ​ងាក​មក​ចាប់​រៀន​ជំនាញ​វិជ្ជាជីវៈ​នៅ​តាម​អង្គការ​វិញ។

 

​ភាព​ក្រី​ក្រ​បង្ខំ​​យុវជន​ខេត្ត​តាកែវ​​ឈប់​រៀន ងាក​មក​ចាប់​ជំនាញ​វិជ្ជាជីវៈ​​

ជាក់​ស្ដែង​យុវជន សំ​អន់​ ទន់​តាន ​នៅ​ស្រុក​គិរីវង្ស​ បាន​បោះ​បង់​ចោល​ការ​សិក្សា​​​ហើយ​មក​រៀន​ជំនាញ​បណ្ដុះបណ្ដាល​កាត់សក់​នៅ​អង្គការ​មួយ។ យុវជន​អាយុ​១៨​ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​ម្ចាស់​ហាង​កាត់​សក់​ ក្រោយ​រៀន​ជំនាញ​វិជ្ជាជីវៈ។

 

បើ​តាម​លោក គុជ ភី​រុណ មន្ត្រី​ទំនាក់​ទំនង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អង្គការ World Vision បាន​ប្រាប់​ថា មាន​យុវជន​ក្នុង​ខេត្ត​តា​កែវ​ជា​ច្រើន​ដែល​ក្រី​ក្រ ខ្លះ​ទៀត​​បាន​បោះ​បង់​ការ​សិក្សា​ដោយសារ​គ្រឿង​ញៀន ធ្លាប់​ជា​ក្មេង​ទំនើង​មិន​ចូល​សាលា​ជា​ដើម​ បាន​មក​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​ក្នុង​កម្ម​វិធី​យុវជន​របស់​អង្គការ​ទស្សនៈ​ពិភពលោក។ ពួក​គេ​រៀន​ជំនាញ​ដូច​ជា​ជួសជុល​ឡាន​ម៉ូតូ គ្រឿង​អេ​ឡិច​ត្រូ​និក កាត់​សក់ កែ​សម្ផស្ស​សំអាង​ការ រោង​ពុម្ព ជំនាញ​អគ្គិសនី​និង​ម៉ាស៊ីន​ត្រជាក់​ជា​ដើម។

 

លោក​បន្ត​ថា​តាំង​ពី​បង្កើត​វគ្គ​នេះ​ក្នុង​ឆ្នាំ​២០១៤​មក មាន​យុវជន​ដែល​បាត់​បង់​ឱកាស​មក​ចូល​រៀន​ចំនួន​១៣៩​នាក់​។ លោក​សង្កេត​ឃើញ​ថា ក្រោយ​ពី​ពួក​គេ​បាន​រៀន​ជំនាញ​វិជ្ជាជីវៈ ជីវភាព​គ្រួសារ​ពួក​គេ​ភាគ​ច្រើន​ល្អ​ប្រសើរ​ជាង​មុន។ ខ្លះ​ទៀត​ថែម​ទាំង​អាច​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ខ្លួន​ឯង​ទៀត​ផង។

 

​ភាព​ក្រី​ក្រ​បង្ខំ​​យុវជន​ខេត្ត​តាកែវ​​ឈប់​រៀន ងាក​មក​ចាប់​ជំនាញ​វិជ្ជាជីវៈ​​

 

លើស​ពី​នេះ​យុវជន​ដែល​រៀន​ជំនាញ​បច្ចេក​ទេស​រួច​ហើយ​ទៅ​បើក​របរ​ខ្លួន​ឯង​ មាន​ជីវភាព​ប្រសើរ​ឡើង​គួរ​កត់​សម្គាល់។​ យុវជន​ដែល​រៀន​ជំនាញ​កាត់សក់ គាត់​អាច​រក​ប្រាក់​ចំណូល​បាន​យ៉ាង​តិច​ក្នុង​មួយ​ថ្ងៃ​ពី​ ៣ម៉ឺន​រៀល-៤ម៉ឺន​រៀល អ្វី​ដែល​ពិសេស​គឺ​គាត់​អាច​ជួយ​ធ្វើ​ការ​ងារ​ផ្ទះ​បាន​ ដោយ​មិន​ចាំ​បាច់​ធ្វើ​ចំណាក​ស្រុក​ឡើយ។

 

សម្រាប់​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​តាកែវ​ មិន​អាច​ទាក់ទង​បាន​ទេ​ដើម្បី​សុំ​ការ​បក​ស្រាយ​ពី​មូលហេតុ​សិស្ស​ភាគ​ច្រើន​បោះ​បង់​ការ​សិក្សា​ជា​ច្រើន​ក្នុង​ខេត្ត​នេះ ដោយ​ទូរសព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល៕

 

 

អត្ថបទ៖ លឹម សុ​នា
រូប​ភាព៖ Page world vision​