រោង​ម៉ាស៊ីន​កិន​ស្រូវ​នឹង​បាន​ឥណទាន​ក្នុង​អត្រា​ការ​ប្រាក់​មិន​ដល់​ ១%ក្នុង​មួយ​ខែ

ដើម្បី​រក្សា​ស្ថេរ​ភាព​ថ្លៃ​ស្រូវ និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ប្រទេស ធនាគារ​អភិវឌ្ឍន៍​ជន​បទ​សម្រេច​ផ្ដល់​ឥណទាន​ដល់​បណ្ដា​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទាំង​ឡាយ ក្នុង​អត្រា​ការ​ប្រាក់ ៧ %​ ក្នុង​មួយ​ឆ្នាំ​ ឬ​ស្មើ​នឹង 0,583% ក្នុង​មួយ​ខែ។

 

រោង​ម៉ាស៊ីន​កិន​ស្រូវ​នឹង​បាន​ឥណទាន​ក្នុង​អត្រា​ការ​ប្រាក់​មិន​ដល់​ ១%ក្នុង​មួយ​ខែ

 

 

​​​​​​​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ បាន​ផ្ដល់​សេចក្ដី​ជូន​ដំណឹង​ថា ​បាន​ទទួល​មូល​និ​ធិ​ពិសេស​ពី​រាជ​រដ្ឋាភិបាល​ចំនួន​២៧ លាន​ដុល្លារ ក្នុង​នោះ​៧​លាន​ ជា​មូល​និ​ធិ​ផ្ទាល់​របស់​ធនាគារ​អភិវឌ្ឍន៍​ជន​បទ ដើម្បី​​ផ្ដល់​កំ​ចី​ឥណទាន​ដល់​គ្រប់​រោង​ម៉ា​ស៊ីន​កិន​ស្រូវ មាន​ទុន​ប្រើ​ប្រាស់។

 

​កំ​ចី​នេះ​ត្រូវ​ស្តុក​ស្រូវ​ជា​វត្ថុ​ធានា​បំណុល និង​មាន​លក្ខខណ្ឌ​ប្រមូល​ទិញ​ស្រូវ​ពី​បង​ប្អូន​ប្រជា​កសិករ​ក្នុង​តម្លៃ​ ៨៤០ រៀល​ក្នុង​១គីឡូនៅ​នឹង​ស្រែ និង​តម្លៃ​ ៩០០​រៀល​នៅ​ឃ្លាំង។

 

ដោយ​ឡែក​ក្នុង​កិច្ច​ប្រជុំ​ជាង​៣​ម៉ោង ផ្ដោត​សំខាន់​លើ​ការ​ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​ការ​ប្រមូល​ទិញ​ស្រូវ​អង្ករ​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​លោក សុខ ពុទ្ធី​វុធ លើក​ឡើង​ថា​ ការ​ខ្វះខាត​នៃ​ព័ត៌មាន​ ដែល​ជាកត្តា​មួយ​ធ្វើ​ឲ្យ​​ជួប​បញ្ហា​ដោយ​មិន​បាន​គម្រោង​ទុក​មុន​ពី​ចម្ងាយ។ ​ទោះ​យ៉ាង​ណា ​សហព័ន្ធ​នឹង​ចាប់​ផ្ដើម​ទៅ​លើ​គំនិត​ដោះ​ស្រាយ​បញ្ហា ពិសេស​ពាក់ព័ន្ធ​កញ្ចប់​ថវិកា​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​វិស័យ​នេះ។ ​

 

សម្រាប់​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ត សំណូមពរ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​នាំចេញ​អង្ករ​ទាំង​អស់​គួរ​គិត​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ចាប់​ពី​ឥឡូវ​នេះ​ទៅ ៕

 

 

អត្ថបទ៖ លឹម សុ​នា
​​​​​​​​​​​