អ្នក​ណា​ៗ​ក៏​រន្ធត់ ព្រោះ​ស្តែង​ខ្លាំង​ពេក

ខេត្តកំពង់ធំ ៖ ឧបទ្ទវហេតុ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​លើ​ផ្លូវ​កៅស៊ូ​ក្នុងភូមិ​អាត់​ស៊ូ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដោយ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​រថយន្ត​បុក​កិន​ចាប់​កង់​ក្រោយ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

លោក​វរសេនីយ៍ទោ យ៉េ​ង សា​រ៉េ​ន អធិការ​នគរបាល​ស្រុក​ប្រាសាទ​សំបូរ​បាន​ឲ្យ​ដឹង​ថា បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ធំ 3A-1183 បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ក្មេង​ស្រី​ម្នាក់​កិន​ជាប់​កង់​រថយន្ត​ខាងក្រោយ​បណ្តាល​ឲ្យ​កុមារី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម ខណៈ​ក្មេង​ស្រី​រង​គ្រោះ​រត់​ឆ្លងថ្នល់ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ អឿ​ន ដា​លី​ន អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ប្រាសាទ​សំបូរ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕