បុរស​ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា​ជោកជាំ ស្ទុះ​ខ្ទប់មាត់​សម្រាត​ខោអាវ​បំណង​ចាប់​រំលោភ

ភ្នំពេញ ៖ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចហាងម៉ាស្សាយីហោឡូទូស ស្ប៉ា និងសាឡន ដែលមានទីតាំងនៅខាងត្បូងវិទ្យាល័យបឹងកេងកង តាមបណ្តោយផ្លូវលេខ៣៩២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
មុនពេលកើតហេតុមានជនជាតិចិន២នាក់បានចូលមកម៉ាស្សានៅក្នុងហាងខាងលើទាំងស្ថានភាពស្រវឹង ដោយបានចែកបន្ទប់២ផ្សេងគ្នា ហើយនៅពេលម៉ាស្សារួចនារីបម្រើការបានចូលទៅលាងដៃក្នុងបន្ទប់ទឹក ពេលនោះជនជាតិចិនដែលមានអាការៈស្រវឹងស្រាជោគជាំនោះបានចូលទៅឈរពីក្រោយនារីម៉ាស្សា ហើយយកដៃខ្ទប់មាត់ និងចាប់សម្រាតខោចេញបំណងចាប់រំលោភ ប៉ុន្តែនាងមិនព្រមដោយបានប្រតាយប្រតបគ្នារហូតឮដល់អ្នកនៅខាងក្រោម ។
បន្ទាប់ពីឮសម្លេងក្តុងក្តាំងពីក្នុងបន្ទប់ អ្នកនៅក្នុងហាងទាំងប្រុសទាំងស្រីបាននាំគ្នាស្ទុះឡើងទៅមើល ក៏ស្រាប់តែឃើញជនជាតិចិនម្នាក់នោះកំពុងតែចាប់ស្រាតខោនារីរងគ្រោះចេញរៀបនឹងចាប់រំលោភទៅហើយ ទើបនាំគ្នាចាប់ជនជាតិចិនម្នាក់នោះ និងជួយសម្រួលដង្ហើមដល់នារីរងគ្រោះដោយសារត្រូវគេខ្ទប់មាត់យូរពេក ។ ភ្លាមៗនោះ ជនបង្ក និងជនរងគ្រោះ បានធ្វើការសម្របសម្រួលគ្នា ដោយជនបង្កសុំទោស និងសុខចិត្តសងថ្លៃជំងឺចិត្តទៅនារីរងគ្រោះដោយមិនចង់មានរឿងវែងឆ្ងាយ តែមិនបានជាប់លុយមកក៏ឲ្យមិត្តភក្តិទៅយកលុយ ។ ខណៈអង្គុយរង់ចាំមិត្តភក្តិរបស់ជនជាតិចិនទៅយកលុយយូរពេក ស្រាប់តែជនបង្កបានរត់ចេញពីក្នុងហាងម៉ាស្សាបំណងគេចខ្លួន ប៉ុន្តែត្រូវសន្តិសុខដេញតាម និងស្រែកចោរផ្អើលដល់សមត្ថកិច្ចដែលជិះល្បាតជួយដេញមកដល់ចំណុចមុខសណ្ឋាគារផាមទ្រី ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៩៨ បានទាក់ជើងដួលក៏ត្រូវអ្នកធ្វើការក្នុងហាង និងសមត្ថកិច្ចដែលដេញតាមពីក្រោយចាប់បានមកវិញ ៕បុរស​ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា​ជោកជាំ ស្ទុះ​ខ្ទប់មាត់​សម្រាត​ខោអាវ​បំណង​ចាប់​រំលោភ