នៅ​ទីបំផុត​លោក ប្រាក់ សាំ មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨០៧ ត្រូវ​របូត​ពី​តំណែង​ដោយសារ​រឿងអាស្រូវ​ពុករលួយ​

មន្ត្រីនគរបាល​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨០៧​ប្រចាំ​តំបន់​ព្រំដែន​នៃ​ស្រុក​ថ្មពួក ត្រូវ​ក្រសួងមហាផ្ទៃ​ដកហូត​ពី​តំណែង​។ តាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ផ្ទេរ​ភារកិច្ច​លោក​វរសេនីយ៍ទោ ប្រាក់ សាំ ពី​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨០៧​ប្រចាំ​ស្រុក​ថ្មពួក ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​បច្ចេកទេស​ព្រំដែន​វិញ​។ មានន័យថា​លោក ប្រាក់ សាំ លែងមាន​ឱកាស​ក្នុងការ​ប្រមូល​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅធ្វើ​មាន​ធ្វើបាន​ដូច​មុន​ទៀតហើយ ចំណែក​រឿងអាស្រូវ​រប​ស់លោក​ក៏ត្រូវ​បាន​គេ​ដឹង​ឮជា​សាធារណៈ​ផងដែរ​។

​មន្ត្រីនគរបាល​តូចតាច​នៅក្នុង​វរ​ការពារ​ព្រំដែន​លេខ​៨០៧ បាន​បង្ហើប​ឲ្យ​ដឹងថា ការ​នៅ​កាន់តំណែង​ជា​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨០៧​នោះ គឺ​លោក ប្រាក់ សាំ ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូចជា ជំរិត​យកលុយ​ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ស្រុក​សៀម និង​ជំរិត​យកលុយ​ពី​អាជីវករ​ដែល​ដឹក​កសិផល​ទៅ​ស្រុក​សៀម​តាម​ច្រកព្រំដែន និង​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​ថ្មពួក​ជាប់​ព្រំដែន​សៀម​។ ជាងនេះទៅទៀត​លោក ប្រាក់ សាំ ប្រើ​អំណាច​របស់ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ករណី​ឈ្មួញ​នាំចូល​ឈើ​គ្រញូង​រថយន្ត​គេចពន្ធ​និង​ម៉ូតូ​គេចពន្ធ​ពី​ទឹកដី​សៀម ក៏មាន​ការឃុបឃិត​ពី​លោក ប្រាក់ សាំ ផងដែរ​។

មន្ត្រីរាជការ​និង​សមត្ថកិច្ច​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការដកហូត​តំណែង​លោក ប្រាក់ សាំ ពី​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨០៧ ឲ្យ​ទៅធ្វើ​ការងារ​នៅ​នាយកដ្ឋាន​បច្ចេកទេស គឺជា​រឿង​ដ៏​ប្រសើរ​ដើម្បី​សម្រួល​ការងារ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ មន្ត្រីនគរបាល​តូចតាច​ក្នុងស្រុក​ថ្មពួក ក៏បាន​ឲ្យ​ដឹងថា រឿងអាស្រូវ​ពុករលួយ​បក្ខពួកនិយម​របស់លោក ប្រាក់ សាំ គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ ហើយ​ការផ្លាស់ប្ដូរ​លោក ប្រាក់ សាំ គឺ​ស្របទៅតាម​អំពើអាក្រក់​ដែល​លោក​ធ្លាប់​ប្រព្រឹត្ត​ជាច្រើន​ឆ្នាំ​មកហើយ​។ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ថ្មពួក សង្ឃឹមថា​មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨០៧​ថ្មី នឹងមិន​ប្រើប្រាស់​តួនាទី​ដើម្បី​ស្វែងរក​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​ដូចជា លោក ប្រាក់ សាំ ទៀតឡើយ​។ ដូច្នេះ​ឈ្មួញ​ខិលខូច​មិនអាច​នាំចូល​ឈើ​គ្រញូង ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​ចូល​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​ដូច​មុន​ទៀត​ទេ ហើយ​ការងារ​អាចមាន​ភាពប្រសើ​រ​ជាង​មុន​ជាមិនខាន​៕

police-brak-sam1-500x375

លោក ប្រាក់ សាំ

police-brak-sam-598-500x281