​លោក សម រង្ស៊ី បញ្ជាក់ថា​នឹងមាន​ការផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នាពេលខាងមុខ​

ក្នុងពេលដែល​ដំណើរការ​បោះឆ្នោត​ឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ នៅ​កម្ពុជា​កាន់តែ​ខិតជិត​មកដល់​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ជាថ្មី​ថា ប្រជាពលរដ្ឋ​ខ្មែរ​និង​ពិភពលោក​ទាំងមូល​នឹង​មើលឃើញ​ការផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ​មិនខានឡើយ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សជំទាស់​ធំជាងគេ​នៅ​កម្ពុជា លោក សម រង្ស៊ី បានបញ្ជាក់ ប្រាប់​ពិធីករ​ទូរទស្សន៍​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អង់គ្លេស​ប៊ី​ប៊ី​ស៊ី កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ថា ការផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ​នឹង​កើតមានឡើង​នៅ​ប្រទេស​កម្ពុជា​នៅក្រោយ​ការបោះឆ្នោត​នាពេលខាងមុខ​នេះ​។

​លោក សម រង្ស៊ី បានបញ្ជាក់​ថា​អ្វី​គ្រប់យ៉ាង​ដែល​កើតឡើង​មិនល្អ​នៅ​ប្រទេស​កម្ពុជា​នឹងត្រូវ​បញ្ចប់ ហើយ​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​កម្ពុជា ស័ក្តិសម​នឹង​ទទួលបាន​នូវ​ភាពជា​អ្នកដឹកនាំ និង​អ្នកដឹកនាំ​ល្អ​ជាង​ពេល​បច្ចុប្បន្ននេះ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ គប្បី​ធានា​ដល់​ដំណើរការ​បោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ដែលមាន​ភាពជា​វិជ្ជមាន រលូន​ល្អ និង​សន្តិភាព​ពេញលេញ​នៅ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ​។​

គួរ​បញ្ជាក់ថា លោក ហ៊ុន សែន បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​កម្ពុ​ជាជាង​៣០​ឆ្នាំ​ហើយ ខណៈ​បច្ចុប្បន្ននេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សជំទាស់ បាន​និរទេស​ខ្លួន​ទៅ​រស់នៅ​អឺរ៉ុប​ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​៕

pic260