មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​មួយចំនួន​ជាប់​ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន​លី​សុគន្ធ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ក្រុមហ៊ុន​លី​សុគន្ធ ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ ចូល​ខេត្តកំពង់ធំ និង​ចែកចាយ​ទៅ​តំបន់​ផ្សេងៗ​យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​លី​សុគន្ធ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ចំណែក​សមត្ថកិច្ច​តូចតាច​នៅតាម​ដងផ្លូវ​មិន​ហ៊ាន​ប៉ះពាល់​រថយន្ត​យី​ឌុប​ធំៗ​ដឹកឈើ​របស់​ក្រុមហ៊ុន​លី​សុគន្ធ​នោះទេ ព្រោះ​គេ​ដឹងថា​ឈ្មោះ លី សុគន្ធ គឺជា​ឧកញ៉ា​មា្ន​ក់​ដែលមាន​ខ្នងបង្អែក​រឹងមាំ​និង​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្តព្រះវិហារ​។

​ថ្មីៗ​កន្លងទៅនេះ​រថយន្ត​យី​ឌុប​ដឹកឈើ​របស់​ក្រុមហ៊ុន​លី​សុគន្ធ ១​គ្រឿង​បាន​បើក​ធ្លាក់​ផ្លូវ​ទៅបុក​ដើម​ប្រេងខ្យល់​ត្រង់ចំណុច​សួន​អាពាហ៍ពិពាហ៍ ភូមិ​វ​ល្លិ៍​យាវ ឃុំ​ត្រពាំង​ប្ញ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ហើយ​មិនឃើញ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ទៅ​សួរនាំ​ឡើយ​។ ក្រោយពេល​រថយន្ត​ដឹកឈើ​បើក​ធ្លាក់​ផ្លូវ​គេ​ឃើញ​មេការ​ក្រុមហ៊ុន​លី​សុគន្ធ ធ្វើដំណើរ​មក​ដោះ​ស្លាក​លេខ​រថយន្ត​យ៉ាង​ប្រញាប់ប្រញាល់​ផងដែរ ដើម្បី​ចៀសវាង​កុំ​ឲ្យ​គេ​ស្គាល់​យីហោ​ក្រុមហ៊ុន​របស់ខ្លួន​។ ទោះជា​យ៉ាងណា​មន្ត្រី​អាជ្ញាធរ​តូចតាច​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ក្រុមហ៊ុន​លី​សុគន្ធ កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំជាងគេ បើ​ប្រៀបធៀប​ជាមួយ​ក្រុមហ៊ុន​និង​ឈ្មួញ​ដទៃ​ដែល​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទៅលើ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​លី​សុគន្ធ ជាបន្ទាន់​ព្រោះ​សព្វថ្ងៃនេះ​ក្រុមហ៊ុន​លី​សុគន្ធ កំពុង​បន្តសកម្មភាព​កាប់​ឈើ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​នៅពេលដែល​ពួកគាត់​ដឹកអុស ដឹកឈើ​បន្តិចបន្តួច​សម្រាប់​ជួសជុលផ្ទះ​សម្បែង​តែងតែ​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ជាដើម ចាត់វិធានការ​បង្ក្រាប​យ៉ាង​កំរោល​ដោយ​គ្មាន​យោគយល់​បន្តិច​ណា​ឡើយ​។ ប៉ុន្តែ​នៅពេលដែល​ក្រុមហ៊ុន​លី​សុគន្ធ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ យ៉ាង​គគ្រឹកគគ្រេង​មិនដែល​ឃើញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ បើទោះបី​ព្រៃឈើ​ក្នុង​ខេត្ត​ទាំងពីរ​នេះ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ក៏ដោយ​៕

car-lysokun-500x373 car-ly-sokun1-500x373