កណ្តៀស៊ីឈើ៤០០ម៉ែត្រគូប​នៅក្នុងក្រុមហ៊ុនប៊ិញភឿក១

ខេត្តមណ្ឌលគិរី ​៖ លេចឮដំណឹងរសាត់តាមខ្យល់តិចៗថា​ ឈើរាប់ម៉ឺនម៉ែត្រគូបដែលគណៈកម្មការ​ចម្រុះថ្នាក់​ជាតិដឹកនាំ​ដោយ​នាយឧត្តមសេនីយ៍ផ្តាយមាស៤ ​សៅ សុខា ​ចាប់បង្ក្រាបនាដើមឆ្នាំ២០១៦កន្លងមកនេះ​ ត្រូវសត្វ​កណ្តៀលួចស៊ីអស់​រាប់រយម៉ែត្រ​គូប ។

ប្រភពទុកចិត្តបំផុតបានលួចបា្រប់ថា ​ឈើខុសច្បាប់នៅក្រុមហ៊ុនប៊ិញភ្វឿក១ ​ដែលមានទីតាំងនៅក្នុងឃុំស្រែព្រះ​ និងឃុំស្រែ ស្រុក​កែវសីមា ​ដែលចាប់បានកាលពីដើមឆ្នាំ២០១៦ ​មានចំនួន៤ ៣៨៤,៧១៤ម៉ែត្រគូប ​ដល់ពេលនេះបាត់អស់ជាង​៣០០កំណាត់​ស្មើនឹង៤០០ម៉ែត្រគូប ។

ចំណែកមន្ត្រីដែលធ្វើការក្នុង​ស្ថាប័នតុលាការខេត្តក៏បានឲ្យដឹងថា ​ចំពោះករណីបាត់ឈើនៅក្នុងក្រុមហ៊ុនប៊ិញភ្វឿក១ ​គេនៅមិន​ទាន់​ទទួលព័ត៌មានច្បាស់ទេថាបាត់ប៉ុន្មាន ​ប៉ុន្តែករណីបាត់ឈើដែលគណៈកម្មការថ្នាក់ជាតិចាប់នោះ​ មិនមែនបាត់តែនៅក្រុមហ៊ុន​ប៊ិញភ្វឿក១ប៉ុណ្ណោះទេ ​ក្រុមហ៊ុនចំនួន៤ផ្សេងទៀត​ក៏មានករណីបាត់ឈើដូចគ្នានេះដែរ ​លើកលែងតែក្រុមហ៊ុនមួយ​ឈ្មោះយូនី​ហ្គ្រីន មិនមានបាត់ឈើទេ ។

មហាជនឆ្ងល់ថា ​តើការបាត់ឈើដ៏ច្រើនបែបនេះ​អាចជាប់ពាក់ព័ន្ឋជាមួយមន្ត្រី ​ដែលនៅប្រចាំការកន្លែងបង្ក្រាបឈើឬទេ ?​ ​ព្រោះ​ពួកគាត់បានទៅយាមល្បាតទាំងយប់ទាំងថ្ងៃ​ ឬមួយថា ​ឈើទាំងនោះអាចមានជើងចេះរត់ខ្លួនឯង។ ​គេនៅចាំបានថា ​កាលអំឡុង​យុទ្ឋនាការបង្ក្រាបការរត់ពន្ឋឈើទូទាំងប្រទេស ​ដែលមានកម្លាំងជំនាញចម្រុះរួមនិង​កម្លាំងប្រដាប់អាវុធចុះអនុវត្តន៏​ការងារនៅតំបន់​ភូមិភាគឦសាន ​ពិតជាទទួលជោគជ័យយ៉ាងខ្លាំង​ ព្រោះឈើចំនួនជិត១សែនម៉ែត្រគូប​ ត្រូវបានរឹបអូសតាមបណ្តា​ក្រុមហ៊ុននានា ក្នុងខេត្តជាច្រើនដូចជា​ ខេត្តមណ្ឌលគិរី រតនគិរី​ ស្ទឹងត្រែង ក្រចេះ​ និងខេត្តត្បូងឃ្មុំ..។

អំឡុងពេលនោះ ​សកម្មភាពរត់ពន្ឋឈើបាន​ស្ងប់ស្ងាត់មួយរយៈខ្លីគួរឲ្យកត់សម្គាល់​ ប៉ុន្តែម្ចាស់ឈើជាអ្នកណា ​ឬអ្នកណាខ្លះដែល​ត្រូវជាប់ទោសក្នុងករណី​ឧក្រិដ្ឋកម្មព្រៃឈើរហូតដល់ចុងឆ្នាំ២០១៦ទៅហើយ ​នៅតែមិនទាន់ត្រូវបាន​សមត្ថកិច្ច​បង្ហាញឲ្យ​ប្រជាពលរដ្ឋអស់សង្ស័យនៅឡើយ។  ​ ជាក់ស្តែងឈើរាប់រយកំណាត់នៅក្នុងក្រុមហ៊ុនប៊ិញភ្វឿក១ ​និងក្រុមហ៊ុនមួយចំនួនទៀត ត្រូវ​បានជនមិនស្គាល់មុខ​ លួចដុតបំផ្លាញចោល​ មុនគណៈកម្មការថ្នាក់ជាតិចុះទៅដល់​ ហើយខ្លះទៀតត្រូវបាន​គេ​លួចដឹកចេញ​ទាំងយប់ទាំងថ្ងៃ ។

សព្វថ្ងៃការរត់ពន្ឋឈើប្រណីត​និងឈើលេខ១គ្រប់ប្រភេទឆ្លងដែន​ ត្រូវបានគេកត់សម្គាល់ឃើញថា ​មានសកម្មភាពកក្រើក​ឡើង​វិញ ស្របពេលកាលពីថ្ងៃទី១៥​ កញ្ញា ២០១៦ថ្មីៗនេះ​ ឈើចម្រុះធំៗចំនួន២៩៤៩កំណាត់ ​ត្រូវបានសមត្ថកិច្ចរុករកឃើញ​នៅតាម​ខ្សែបន្ទាត់ព្រំដែនកម្ពុជា ​វៀតណាម ​ចំណុចក្បែរប៉ុស្តិ៍ការពារព្រំដែនអូររ៉ូ ​ស្ថិតក្នុងឃុំណងឃីឡឹក ​ស្រុកកោះញែក ។

គេនៅមិនទាន់ដឹងថា ​តើអាជ្ញាធរខេត្តមណ្ឌលគិរី ​អាចស្វែងរកឃើញកំណាត់ឈើដែល ​បាត់ដ៏សន្ឋឹកសន្ឋប់ទាំងនោះ​បានវិញដែរ​ឬទេ ឬគ្រាន់តែ​ ហី!អើ ដូចអាជ័យធ្លាក់ទឹក។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ​លោក សាក់ សារ៉ាង ​មិនអាចសុំការបំភ្លឺបានទេ​ នៅព្រឹកថ្ងៃទី២៦​ កញ្ញា ព្រោះ​ទូរស័ព្ទរបស់​លោកហៅចូលហើយតែគ្មានអ្នកឆ្លើយតប៕