Hitachi សម្ពោធជណ្តើរយន្តប្រអប់គ្មាន បន្ទប់ម៉ាស៊ីនម៉ូដែលថ្មី សម្រាប់ទីផ្សារអាស៊ី និងមជ្ឈិមបូព៌ា

ក្រុមហ៊ុន Hitachi, Ltd. និងក្រុមហ៊ុន Hitachi Building Systems Co., Ltd. បានប្រកាសនៅថ្ងៃនេះថា នៅថ្ងៃទី៣០ កញ្ញា ពួកគេនឹងសម្ពោធជណ្តើរយន្តប្រអប់គ្មានបន្ទប់ម៉ាស៊ីនថ្មីមួយ សម្រាប់ទីផ្សារអាស៊ី និងមជ្ឈិមបូព៌ា ។ ជណ្តើរយន្តនេះ នឹងត្រូវដាក់សម្ពោធជាបណ្តើរនៅតាមបណ្តាប្រទេសនានា ក្នុងតំបន់ទាំងពីរនេះ ។

ជណ្តើរយន្តម៉ូដែលថ្មីនេះ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុន និងមានបំពាក់ដោយបច្ចេកវិទ្យាថ្មីបំផុត របស់ក្រុមហ៊ុន Hitachi ។ ក្រៅពីការរចនាល្អឥតខ្ចោះរបស់វា ជណ្តើរយន្តនេះមានស្តង់ដារ មូលដ្ឋានពិសេស ដែលអាចបំពេញតាមស្តង់ដារផ្សេងៗគ្នា នៅតាមប្រទេសនីមួយៗ និងឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបភាពបត់បែនខ្ពស់ ទៅនឹងតម្រូវការរបស់អតិថិជន ។ វាមានលក្ខណៈពិសេស និងមុខងារចុងក្រោយបំផុត ដែលបានរចនាឡើងសម្រាប់ទីផ្សារជប៉ុន ពោលគឺ មានសុវត្ថិភាពខ្ពស់ ស្របតាមស្តង់ដារសុវត្ថិភាពឧបករណ៍អេឡិចត្រូនិក ។ វាប្រើប្រព័ន្ធប្រតិបត្តិការដែលអាចស្តារឡើងវិញ និងអំពូល LED ដែលសន្សំសំចៃថាមពល ព្រមទាំងមានម៉ាស៊ីនបញ្ចេញអ៊ីយ៉ុង និងកម្ចាត់ក្លិន ដែលធ្វើឱ្យមានបរិស្ថានស្អាត និងមានផាសុកភាពនៅក្នុងប្រអប់ជណ្តើរយន្ត ។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានតម្រូវការខ្ពស់ សម្រាប់ជណ្តើរយន្តប្រអប់គ្មានបន្ទប់ម៉ាស៊ីន នៅក្នុងទីផ្សារអាស៊ី និងមជ្ឈិមបូព៌ា ។ ជណ្តើរយន្តប្រអប់គ្មានបន្ទប់ម៉ាស៊ីន គឺត្រូវបានរចនាឡើង ដោយគ្មានបន្ទប់ម៉ាស៊ីន ដែលជាទូទៅគេដំឡើងម៉ាស៊ីនអូស ឧបករណ៍បញ្ជា និងឧបករណ៍សណ្តោងផ្សេងទៀត នៅក្នុងបន្ទប់នេះ ។ ពោលគឺ ឧបករណ៍ទាំងអស់នេះ ត្រូវបានបំពាក់នៅក្នុងច្រកសណ្តោងស្រាប់តែម្តង ។
លក្ខណៈពិសេសនៃផលិតផលនេះគឺ
១. សុវត្ថិភាពខ្ពស់៖ ខណៈជណ្តើរយន្តធម្មតាប្រើឧបករណ៍សុវត្ថិភាពមេកានិច ដូចជា កុងតាក់ និងសិនស័រ ជណ្តើរយន្តថ្មីនេះ មានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពអេឡិចត្រូនិកទំនើប ដែលផ្តល់ភាពជាក់លាក់ខ្ពស់ តាមរយៈប្រព័ន្ធគ្រប់គ្រងដោយមីក្រូកុំព្យូទ័រថ្មីមួយ ដែលផ្តល់ជូននូវ សុវត្ថិភាពកាន់តែខ្ពស់ ។ នេះគឺជាបច្ចេកវិទ្យាថ្មី ដែលត្រូវបានប្រើប្រាស់ ក្នុងការគ្រប់គ្រងជណ្តើរយន្តល្បឿនលឿនរបស់ក្រុមហ៊ុន Hitachi ដែលអាចសណ្តោងឡើងក្នុងល្បឿន ១២០០ម៉ែត្រ/នាទី ។ សិនស័រអាំងហ្វ្រាក្រហមមួយ ត្រូវបានបំពាក់នៅនឹងទ្វារជណ្តើរយន្ត ដែលការពារអ្នកប្រើប្រាស់ដែលចេញ-ចូលជណ្តើរយន្ត មិនអោយជាប់ខ្លួននៅនឹងទ្វារ ។ សិនស័រនេះ ក៏នឹងលោតភ្លើងក្រហមផងដែរ ដើម្បីផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ ថាទ្វារកំពុងបិទ ។
២. សន្សំសំចៃថាមពល៖ ជណ្តើរយន្តម៉ូដែលថ្មីនេះ ប្រើអំពូល LED នៅក្នុងប្រអប់ជណ្តើរយន្ត ដែលជួយកាត់បន្ថយ ការប្រើប្រាស់ថាមពលក្នុងការបំភ្លឺភ្លើង តិចជាងជណ្តើរយន្តធម្មតា ដែលប្រើអំពូលម៉ែត្រ ។ លើសពីនេះទៀត ឧបករណ៍អូសសណ្តោង អាចដើរតួជាម៉ាស៊ីនភ្លើងតូចមួយ និងបញ្ចេញថាមពលត្រឡប់ទៅផ្គត់ផ្គង់ក្នុងអគារវិញ ។
៣. ផាសុកភាព៖ ម៉ាស៊ីនបញ្ចេញអ៊ីយ៉ុងមួយ ត្រូវបានដំឡើង នៅក្នុងប្រអប់ជណ្តើរយន្ត ដើម្បីបញ្ចេញអ៊ីយ៉ុងការពារ និងកម្ចាត់ក្លិន ដែលជួយរក្សាខ្យល់នៅក្នុងជណ្តើរយន្តឲ្យស្អាតបរិសុទ្ធ ។ និង ៤. ការរចនា៖ ជណ្តើរយន្តថ្មីនេះត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការ របស់អតិថិជនច្រើនសណ្ឋាន ។ វាបំពេញតាមលក្ខណៈពិសេសចុងក្រោយបំផុត សម្រាប់ការទីផ្សារជប៉ុន ព្រមទាំងមានការរចនាម៉ូដពិតានថ្មីៗ អេក្រង់បញ្ជាគ្រីស្តាល់ ដែលបង្ហាញព័ត៌មានច្រើនប្រភេទ និងការរចនាប្រកបដោយគុណភាពជាច្រើនផ្សេងទៀត ។

ក្រុមហ៊ុន Hitachi នឹងចាប់ផ្តើមលក់ជណ្តើរយន្តម៉ូដែលថ្មីនេះ នៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ី ដូចជា ប្រទេសថៃ ហ្វីលីពីន និងឥណ្ឌា ជាដើម ។ តាមរយៈសកម្មភាពទាំងនេះ ក្រុមហ៊ុនរំពឹងថា នឹងមានការបញ្ជាទិញប្រមាណ ៥ពាន់គ្រឿង ពីតំបន់ទាំងពីរនេះ ។ ជាមួយនឹងការសម្ពោធម៉ូដែលជ ណ្តើរយន្តថ្មីនេះ ក្រុមហ៊ុននឹងអាចផ្តល់ជូនអតិថិជន នូវសេវាកម្មកាន់តែឆាប់រហ័ស និងមានភាពបត់បែនកាន់តែច្រើន ។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Hitachi សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន គឺ  ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Hitachi សម្ពោធជណ្តើរយន្តប្រអប់គ្មាន បន្ទប់ម៉ាស៊ីនម៉ូដែលថ្មី សម្រាប់ទីផ្សារអាស៊ី និងមជ្ឈិមបូព៌ា