អាជីវកម្ម​រ៉ែ​មាស​រ៉ែ​ត្បូង​ក្នុងស្រុក​បរ​កែវ ខេត្តរតនគិរី នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​និង​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​

លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​មាស​រ៉ែ​ត្បូង​ខុសច្បាប់​នៅក្នុង​ស្រុក​បរ​កែវ​នោះទេ គឺ​គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ហេតុនេះហើយ​ទើប​បទល្មើស​អាជីវកម្ម​រ៉ែ​មាស​រ៉ែ​ត្បូង​ខុសច្បាប់​ក្នុងស្រុក​បរ​កែវ នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​រណ្ដៅ​ខ្លះ​មាន​ជម្រៅ​រាប់សិប​ម៉ែត្រ​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។ ជាក់ស្ដែង​ថ្មីៗ​នេះ​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​ក្នុង​រណ្ដៅ​រុករក​ត្បូង​យ៉ាង​អាណោចអាធ័ម​ដោយសារតែ​អាជីវកម្ម​រ៉ែ​ត្បូង​ក្នុងស្រុក​បរ​កែវ​។

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​លោក ហ៊ុន ប៊ុន​ថា​ន មិនដែល​គិតគូរ​ទប់ស្កាត់​បទល្មើស​អាជីវកម្ម​រ៉ែ​មាស​រ៉ែ​ត្បូង​ដែល​កំពុង​កើតឡើង​ក្នុងស្រុក​បរ​កែវ ស្រុក​លំផាត់ និង​ស្រុក​អណ្ដូង​មាស​នោះទេ​។ ជាងនេះទៅទៀត​ឈ្មួញ​ជា​ដង្ខៅ​រណ្ដៅ​រ៉ែ​ជាច្រើន​នាក់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ហេតុនេះហើយ​ទើប​លោក​ប្រធាន​មន្ទីរ​រក្សា​ភាព​ស្ងៀមស្ងាត់​អង្គុយ​ក្នុង​ការិយាល័យ​រង់ចាំ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដង្ខៅ​រណ្ដៅ​រ៉ែ​មាស​រ៉ែ​ត្បូង​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​អាជីវកម្ម​រ៉ែ​មាស​រ៉ែ​ត្បូង​ខុសច្បាប់​ក្នុងស្រុក​បរ​កែវ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​និង​ធ្វើ​ឲ្យ​កម្មករ​ម្នាក់​ស្លាប់បាត់​បង់ជីវិត​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ជីក​រ៉ែ​ត្បូង​នៅ​ស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ អ្នក​ជីក​រ៉ែ​ត្បូង​ម្នាក់​បាន​ស្លាប់​នៅក្នុង​រណ្ដៅ​ដី​ភ្លាមៗ​ដោយសារ​បាក់​ដី​សង្កត់​ពីលើ​គួរ​ឲ្យ​អាណិតអាសូរ​បំផុត​។ ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​រណ្ដៅ​រុករក​ត្បូង​នោះ​មានឈ្មោះ រ​ម៉ាំង ភួយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ជនជាតិ​ទំពួន មាន​ទីលំនៅ​ក្នុងភូមិ​ត្រុំ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី ហើយ​ស្លាប់​នៅក្នុង​រណ្ដៅ​ដី​រុករក​រ៉ែ​ត្បូង​បរិវេណ​ចម្កា​កៅស៊ូ​របស់លោក វិ​ន នៅក្នុង​ភូមិ​-​ឃុំ​កើតហេតុ​។ បញ្ហា​នេះ​អភិបាលខេត្ត​រតនគិរី ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អាជីវកម្ម​រ៉ែ​មាស​រ៉ែ​ត្បូង​នៅ​ស្រុក​បរ​កែវ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​កន្លងមក​មាន​ក​រ​ណី​បាក់​ដី​សង្កត់​កម្មករ​ស្លាប់​ជា​បន្តបន្ទាប់ ដោយ​ពុំមាន​ស្ថាប័ន​ណា​ទទួលខុសត្រូវ​ឡើយ​៕

image-847-600x800 image-849