បន​ល្បែង​របស់​ឧកញ៉ា សុខ គឹម​សាន្ត អាច​ដំណើរការ​យ៉ាង​រលូន​នៅ​តំបន់​ព្រំដែន​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឧកញ៉ា សុខ គឹម​សាន្ត បាន​បើក​បន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ហើយ​មាន​ជនជាតិខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​។ កន្លែង​ដែល​ឧកញ៉ា សុខ គឹម​សាន្ត បើក​អាជីវកម្ម​ល្បែងស៊ីសង​នោះ គឺ​ជួល​ដី​ទី​តាំងពី​ឧកញ៉ា ទ្រី ភាព ដូច្នេះហើយ​ទើប​ពុំមាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភព​ខ្លះ​សង្ស័យថា​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី អាច​ទទួលផល​ប្រយោជន៍​ពី​ឧកញ៉ា សុខ គឹម​សាន្ត ផងដែរ​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​បើក​សង្វៀន​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ខុសច្បាប់​តាម​អំពើ​ចិត្ត​នៅក្នុង​ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ បាន​ឲ្យ​ដឹងថា​បន​ល្បែង​របស់​ឧកញ៉ា សុខ គឹម​សាន្ត មាន​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​ដូចជា បញ្ជល់មាន់ បៀ​អាប៉ោង យូគី និង​ហ្គេម​បាញ់​ត្រី​ជាដើម ដោយ​ពុំមាន​សមត្ថកិច្ច​មូលដ្ឋាន​ហ៊ាន​ទៅ​ក្បែរ​នោះទេ​។ បន​ល្បែង​របស់​ឧកញ៉ា សុខ គឹម​សាន្ត មាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ និង​ស្រុក​ផ្សេងៗ​ទៀត​នៃ​ខេត្តរតនគិរី នាំគ្នា​ចូល​លេង​យ៉ាង​កុះករ​ហើយ​អ្នកខ្លះ​ត្រូវ​ចាញ់​អស់​លុយ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ និង​អ្នក​ខ្លះទៀត​ចាញ់​អស់​ម៉ូតូ​រថយន្ត​ជាដើម​។ បញ្ហា​នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ផងដែរ ព្រោះ​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ហើយ​អធិការនគរបាល​ស្រុក​អូ​រយ៉ា​ដាវ និង​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នោះឡើយ​។

តាម​ការអះអាង​របស់​អ្នក​ធ្លាប់​ចូល​លេងល្បែង​ក្នុង​ទីតាំង​របស់​ឧកញ៉ា សុខ គឹម​សាន្ត បាន​ឲ្យ​ដឹងថា​ការ​ភ្នាល់​ល្បែង​បញ្ជល់មាន់​១​គូ​មាន​ដើម​ថា​ន់​ពី​៨០០០​ទៅ​ជាង​១០០០០​ដុល្លារ ហើយ​អ្នកមាន​លុយ​ក្នុង​ខេត្តរតនគិរី និង​ពី​បណ្ដា​ខេត្ត​មួយចំនួន​បាន​ទៅលេង​ល្បែង​នៅ​ទីតាំង​នោះ​ជាប្រចាំ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា​បន​ល្បែង​របស់​ឧកញ៉ា សុខ គឹម​សាន្ត កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម ព្រោះ​ចាប់តាំងពី​មាន​ល្បែងស៊ីសង​ខុសច្បាប់​ត្រូវបាន​បង្កើតឡើង គឺ​បទល្មើស​ផ្សេងៗ​ក្នុង​ខេត្តរតនគិរី ដូចជា​អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​គ្រឿងញៀន​ជាដើម ក៏​រាលដាល​កាន់តែខ្លាំង​ដែរ​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ថា ប្រសិនបើ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ គួរ​ចាត់វិធានការ​បង្ក្រាប​ប​ន​ល្បែង​ខុសច្បាប់​របស់​ឧកញ៉ា សុខ គឹម​សាន្ត ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​បន្តទៀត​៕

14393842_1765749850330244_558219782_o14423715_1765749853663577_1922613937_o