ចាប់បុរសវៀតណាមម្នាក់ ស្រាប់តែបែកធ្លាយរឿងមួយ

ខេត្តកណ្តាល ៖  មន្ត្រី​ជលផល​ចតុមុខ បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ និង​ទូក​មួយ​គ្រឿង ​ព្រមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់ ខណៈ​ឆ្លង​ដែន​មក​នេសាទ​ដោយ​ខុសច្បាប់ នៅ​ក្នុង​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១១ ក្នុងស្រុក​លើក​ដែក កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ។

ជនជាតិ​វៀតណាម​រូប​នេះ​ឈ្មោះ ជឿ​ង យ៉ាំង​ម៉េ​វ អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​យ៉ាំង​ង៉ូ​វ ឃុំយ៉ាំង​ង៉ូ​វ ស្រុក​អាន​ភូ ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម ។ លុះ​ពេល​នាំ​ខ្លួន​មក​សាកសួរ​នៅ​ស្នាក់​ការ ក៏​បែកធ្លាយ​រឿង​មាន​អ្នក​រត់ការ​ និង​កាង​ឱ្យ​ចូល​មក​នេសាទ​ដោយ​ខុសច្បាប់ ។

ជន​ឈ្មោះជឿ​ង យ៉ាំង​ម៉េ​វ បាន​សារភាពជា​ភាសា​វៀតណាម​ ហើយ​ត្រូវ​បាន​បកប្រែ​ថា ខ្លួន​ត្រូវ​បាន​ឈ្មោះលឹ​ម សាធ ជា​ប្រជាជន​ខ្មែរ​ចេះ​និយាយ​ភាសា​វៀតណាម នៅ​ឃុំ​ព្រែក​ជ្រៃ នាំ​ឱ្យ​ចូល​មក​នេសាទ​ក្នុង​ដី​ខ្មែរ ដោយ​ខ្លួន​បាន​បង់លុយ​ទៅ​ឱ្យឈ្មោះលឹ​ម សាធ ចំនួន១៩​លាន​ដុ​ង ​(​ប្រហែល​ជិត​៤​លាន​រៀល​) ។ ពេល​ឱ្យ​លុយ​ទៅ​ឈ្មោះលឹ​ម សាធ នោះ មាន​ប្រជាជន​ខ្មែរ​ម្នាក់ ឈ្មោះចំរើន ជា​សាក្សី​ដឹង​ឮ ។

ក្រោយ​ពី​បង់លុយ​ទៅ​ឱ្យឈ្មោះ លឹ​ម សាធគ្រប់​ចំនួន​១៩​លាន​ដុ​ង​ហើយ  នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ខ្លួន​បាន​ឆ្លង​ដែន​មក​នេសាទ​ក្នុង​ទឹកដី​ខ្មែរ​នៅ​ឃុំព្រែក​ជ្រៃ និង​ស្រុក​លើក​ដែក ដោយ​មាន​ទូក​ម៉ាស៊ីន និង​ឧបករណ៍​នេសាទ​មាន​លប​ប្រឹះ​១០០ ឬ​លប​នគរ ។ ប៉ុន្តែ​ជនជាតិ​វៀតណាម​នេះ​មិន​បាន​ប្រាប់​ថា ឈ្មោះ លឹ​ម សាធ នេះ យក​លុយ​ទៅ​រត់ការ​ជាមួយ​សមត្ថកិច្ច​ណា​ទៀត​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ឈ្មោះ លឹ​ម សាធ ជា​ប្រជាជន​ខ្មែរ​ប៉ុន្តែ​ចេះ​និយាយ​វៀតណាម​ច្បាស់ ពូកែ​ខ្លាំង​ណាស់​ខាង​រត់ការ​ជាមួយ​សមត្ថកិច្ច​នៅ​ព្រំដែន មាន​ទាំង​នគរបាល​ការពារ​ព្រំដែន នគរបាល​ច្រក​ទ្វារ យោធា​ការពារ​ព្រំដែន និង​ខាង​ជលផល​ផង​ដែរ នាំ​ជនជាតិ​វៀតណាម​មក​ចូល​នេសាទ​ក្នុង​ទឹកដី​ខ្មែរ​ដោយ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ។ នេះ​ជា​ការ​ចោទប្រកាន់​របស់​ជនជាតិ​វៀតណាម ដែល​មន្ត្រី​ជលផល​ចតុមុខ​ចាប់​បាន ។

អ្នក​យក​ព័ត៌មាន​មិន​អាច​ទាក់ទង​ទៅ​ឈ្មោះ លឹ​ម សាធ ដើម្បី​សុំ​ការ​ពន្យល់​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​បាន​ទេ តែ​សង្ឃឹម​ថាបើ​រក​ឈ្មោះលឹ​ម សាធ នោះ​ឃើញ នឹង​រក​ឃើញ​អ្នក​ឃុបឃិត​ច្រើន​នាក់​ទៀត​ដែល​ចែក​គ្នា​យក​លុយ​ឱ្យ​គេ​មក​បំផ្លាញ​មច្ឆជាតិ​របស់​ខ្លួន ៕