ក្រុមម៉ៃធីហ្គើលរបស់ខេត្តបាត់ដំបង លើកពានបាល់ទាត់នារី ឆ្នាំ២០១៦

នៅទីបំផុតក្រុមម៉ៃធីហ្គើលមកពីខេត្តបាត់ដំបង បានយកឈ្នះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ ដើម្បីក្លាយជាម្ចាស់ជើងឯក ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ប្រចាំឆ្នាំ២០១៦ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

1

ក្រុមម៉ៃធីហ្គើល ដែលមិនធ្លាប់ចាញ់សោះ នៅក្នុងការប្រកួតជម្រុះតាមពូលBចំនួន៤លើកនោះ បានបន្តយកឈ្នះក្រុមលេខ២ពូលA អង្គរអែហ្វស៊ីរបស់ខេត្តសៀមរាប ៤-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយការឡើងមកជួបក្រុមខ្លាំងមកពីពូលAគឺ ស.ស.យ.កខេត្តស្វាយរៀង នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ កាលពីល្ងាចថ្ងៃសៅរ៍នោះ ក្រុមម៉ៃធីហ្គើល បានយកឈ្នះ ២-១ ដើម្បីក្លាយជាម្ចាស់ជើងឯក ឯក្រុមអង្គការសាន់រ៉ាយរបស់ខេត្តកំពង់ស្ពឺ បានយកឈ្នះក្រុមអង្គរអែហ្វស៊ី ៣-១ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣។

2

ជាមួយលទ្ធផលនេះក្រុមម្ចាស់ជើងឯកម៉ៃធីហ្គើល បានទទួលទឹកប្រាក់៦លានរៀល អមដោយមេដាយមាស ឯក្រុមលេខ២ ស.ស.យ.កខេត្តស្វាយរៀង ទទួលបានប្រាក់រង្វាន់៥លានរៀល និងមេដាយប្រាក់ ក្រុមលេខ៣អង្គការសាន់រ៉ាយ បានប្រាក់រង្វាន់៤លានរៀល នឹងមេដាយសំរឹទ្ធ។ ចំណែកក្រុមអង្គរអែហ្វស៊ី បានទទួលពាន Fair Play អមដោយទឹកប្រាក់២លានរៀល ហើយកីឡាការិនី លឹម សុជា របស់ក្រុមស.ស.យ.កខេត្តស្វាយរៀង បានក្លាយជាអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ(៣២គ្រាប់) និងបានទទួលប្រាក់លើកទឹកចិត្តចំនួន៥ម៉ឺនរៀលផងដែរ៕

3

4

5

6

The post ក្រុមម៉ៃធីហ្គើលរបស់ខេត្តបាត់ដំបង លើកពានបាល់ទាត់នារី ឆ្នាំ២០១៦ appeared first on CamboSport.