លោក កឹម សុខា ស្នើ​ឲ្យ​ខ្មែរ​គ្រប់ភាគី​ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦​ដែលជា​ថ្ងៃ​បិណ្ឌ​ទី​៩​នៃ​បុណ្យ​ភ្ជុំបិណ្ឌ លោក កឹម សុខា ក្នុងនាម​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បួងសួង​ឲ្យ​ក្រុមគ្រួសារ​ខ្មែរ​គ្រប់រូប​បាន​ជួបជុំគ្នា​ដោយ​សប្បាយរីករាយ និង​ក៏​សូម​ឲ្យ​គ្រួសារ​នយោបាយ​ខ្មែរ​បាន​ជួបជុំគ្នា​ដោះស្រាយ បញ្ហា​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាមួយគ្នា​ផងដែរ​។​

ក្នុងឱកាស​នេះដែរ​ដើម្បី​រក្សា​ភាពស្ងប់ស្ងាត់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើបុណ្យ​ទាន​ជូន​បុព្វការី​ជន​ផង​នោះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត ជាពិសេស​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ សូម​ចៀសវាង​ការប្រើ​អំពើហិង្សា ឬ​ពាក្យ​អសុរោះ ឬ​ពាក្យ​វាយប្រហារ​គ្នា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ពិធីបុណ្យ​ប្រពៃណីជាតិ​នេះ និង​ប៉ះពាល់​ដល់​បរិយាកាស​ន​យោ​បាយ​យូរអង្វែង​ទៅមុខ​ទៀតផង​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​លើ​ឡើង​ដែរ​ថា តើ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ខ្មែរ​យើង​អាច​ជួបជុំ​ក្រុមគ្រួសារ​នយោបាយ​ខ្មែរ​វិញ​បានដែរ​ឬទេ​? លោក កឹម សុខា បាន​បញ្ជាក់ថា រដូវ​ភ្ជុំបិណ្ឌ គឺជា​ឱកាស​ជួបជុំគ្នា​ក្នុង​ក្រុមគ្រួសារ​ធ្វើអំពើ​ល្អ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​បុព្វការី​ជន​រៀងៗ​ខ្លួន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា បាន​សម្តែង​ការយល់ឃើញថា បើ​អ្នកនយោបាយ​ខ្មែរ​ប្រកាន់យក​នូវ​ព្រហ្ម​វិហារធម៌​ទាំង​៤​គឺ​៖ មេ​ត្ដា ករុណា មុទិតា​និង ឧបេក្ខា ហើយ​បោះបង់ចោល​នូវ​អកុសលធម៌​ទាំង​៣​គឺ​៖ លោភៈ ទោសៈ និង​មោហៈ នោះ​គ្រួសារ​នយោបាយ​ខ្មែរ​យើង​នឹង​អាច​ជួបជុំគ្នា កសាង​សេចក្ដីសុខ​សន្ដិភាព​ជាមួយ​គ្នា ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា បើ​យើង​ធ្វើដូច្នេះបាន​នោះ​ពិតជា​បុណ្យ​កុសល​ដ៏​ធំធេង​ណាស់ មិនមែន​សម្រាប់តែ​បុព្វការី​ជន​យើង​ទេ គឺ​សម្រាប់​ខ្លួន​យើង និង​កូនចៅ​យើង​ជំនាន់​ក្រោយ​ផងដែរ​៕

14457491_1472240469459914_4135590385810808413_n