សព​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ នឹង​បូជា​តាម​បែប​ខ្មែរ​នៅ​ម៉ោង៣

តាម​ការ​គ្រោង​ទុក សព​របស់​លោក Christian des PALLIÈRES ​​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) នឹង​ត្រូវ​បូជា​នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​នេះ​តាម​ប្រពៃ​ណី​ខ្មែរ​ ដោយ​សារ​រូប​លោក​ស្រលាញ់​វប្បធម៌​ខ្មែរ​ មាន​សញ្ជាតិ​ជា​ខ្មែរ​ដែល​ផ្ដល់​ដោយ​ព្រះ​មហាក្សត្រ ហើយ​​ក៏​ដើម្បី​ឲ្យ​កុមារ និង​បង​ប្អូន​ខ្មែរ​គ្រប់​រូប​អាច​​ចូល​រួម​ផង​ដែរ។

 

សព​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ នឹង​បូជា​តាម​បែប​ខ្មែរ​នៅ​ម៉ោង៣

 

​ពិធី​ដង្ហែ​សព​របស់ លោក គ្រីស្យង់ ដេប៉ាលីយែរ (Christian des PALLIÈRES) រឺ លោក​តា​ PAPIបាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ១រសៀល​ថ្ងៃ​ច័ន្ទ​នេះ​។ ការ​​ដង្ហែ​​ចាប់​ផ្ដើម​ចេញ​ពី​ទីស្នាក់ការ​អង្គការ PSE ផ្ទាល់​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ ឆ្ពោះ​ទៅ​កាន់​វត្ត​ឫស្សីសាញ់ ខ័ណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​​។​

 

តាម​ការ​លើក​ឡើង​របស់​ អ្នកស្រី​ ស៊ុក សោភ័ណ្ឌ​ នាយក​ផ្នែក​ទំនាក់​ទំនង​ និង​ស្វែង​រក​ថវិកា​របស់​អង្គការPSE​ បាន​ឲ្យ​ដឹង​ថា ធាតុ​របស់​លោក​តា PAPI​ អាច​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ​ភាគ​ ដោយ​មួយ​ភាគ​​សម្រាប់​តម្កល់​ទុក​នៅ​​ព្រះ​វិហារ​គ្រិស្ត​​ ចំណែក​ឯ​មួយ​ផ្នែក​ទៀត​នឹង​ត្រូវ​​យក​ទៅ​​បាច​នៅ​​គំនរ​សំរាម​​ស្ទឹង​មាន​ជ័យ​ ជាទី​ដែល​លោក​បាន​ចាប់​ផ្ដើម​បេសកកម្ម​ដ៏​សំខាន់​ក្នុង​ជីវិត​ និង​ដើម្បី​រំលឹក​ពី​វីរភាព​​របស់​រូប​លោក​ផង​។ ​​​​​​​​
​ 

សូម​បញ្ជាក់​ផង​ដែរ​ថា​ លោក គ្រីស្យង់ ដេប៉ាលីយែរ​បាន​បង្កើត​អង្គ​ការ​ដើម្បី​ភាព​ញញឹម​នៃ​​កុមារ​​នេះ​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ​ហើយ​​​​បន្ត​ដំណើរ​ការ​មក​ទល់​​ពេល​បច្ចុប្បន្ន។ អង្គការ​មួយ​នេះ​ បាន​ជួយ​ដល់​កុមារ​ក្រីក្រ​កម្ពុជា​រាប់​ពាន់​នាក់​អោយ​ទទួល​បាន​ការ​អប់រំ​ របប​អាហារ​ ការ​ព្យាបាល​ ការ​ស្នាក់​នៅ​ សំលៀក​បំពាក់​ សម្ភារៈ​សិក្សា​ និង​ ការ​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​វិជ្ជា​ជីវៈ​ការងារ​ថែម​ទៀត​ផង​។

 

លោក​តា​ PAPI​​​​ បាន​ទទួល​អនិច្ចកម្ម​​កាល​ពី​ថ្ងៃ​ទី២៤​ កញ្ញា​ ឆ្នាំ​២០១៦​ ដោយ​ជរាពាធ​ ក្នុង​ជន្មាយុ​ ៨២​ឆ្នាំ​។​​ ចំពោះ​លោក​ លោក​ស្រី​ដែល​មាន​បំណង​ចូល​រួម​ក្នុង​ពិធី​បូជា អាច​អញ្ជើញ​ទៅ​វត្ត​ឫស្សីសាញ់​ដោយ​ផ្ទាល់៕
 

សព​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ នឹង​បូជា​តាម​បែប​ខ្មែរ​នៅ​ម៉ោង៣

 

សព​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ នឹង​បូជា​តាម​បែប​ខ្មែរ​នៅ​ម៉ោង៣

 

សព​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ នឹង​បូជា​តាម​បែប​ខ្មែរ​នៅ​ម៉ោង៣

 

អត្ថបទ៖ ចន្ថា