ឃាត់ខ្លួន​ម្ដាយចិញ្ចឹម​វាយ​ធ្វើបាប កូនស្រី​គ្មាន​ត្រា​ប្រណី​ទៅ​កាន់​តុលាការ

ឃាត់ខ្លួន​ម្ដាយចិញ្ចឹម​វាយ​ធ្វើបាប កូនស្រី​គ្មាន​ត្រា​ប្រណី​ទៅ​កាន់​តុលាការ



ខេត្ដកំពង់ស្ពឺ ៖ ស្ត្រី​ជា​ម្តាយចិញ្ចឹម​ម្នាក់​ដែល​ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កូនស្រី​ឱ្យ​រង​របួស​ពេញ​ខ្លួនប្រាណ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ។ ស្ត្រី​រូប​នេះ ឈ្មោះ ហ៊ុយ គី​ម​ហ៊ី អាយុ​៥១​ឆ្នាំ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ដែល​ជា​កូនចិញ្ចឹម​ឈ្មោះ មាន គី​ម​ហុង អាយុ​១១​ឆ្នាំ ។

តាម​សមត្ថកិច្ច​ដែល​ស្រង់​សម្ដី​ពី​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា ស្រី​រូប​នេះ​បាន​យក​ក្មេង​ស្រី​រង​គ្រោះ​មក​ចិញ្ចឹម​ធ្វើ​ជា​កូន​របស់​ខ្លួន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​គឺ​ចិញ្ចឹម​តាំងពី​តូច​រហូត​ធំ​ពេញ​រូបរាង ។ ក្រោយ​ពី​នាង​ធំ ស្ត្រី​ខាងលើ បាន​ប្រើ​នាង​ឱ្យធ្វើ​កិច្ចការផ្ទះ​មិនសូវ​មាន​ពេល​សម្រាក​នោះ​ទេ មាន​ពេល​ខ្លះ​នាង​ត្រូវ​អត់បាយ​ក៏​មាន ព្រោះតែ​ធ្វើ​តាម​ស្ត្រី​ចិត្ត​យក្ស​នោះ​មិន​ទាន់សភាពការណ៍ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិ​ច្វ ក្មេង​ស្រី​រង​គ្រោះ​បាន​បំភ្លឺ​ថា រូប​នាង​ត្រូវ​ម្តាយ​វាយ​ធ្វើបាប​ជា​រៀងរាល់ថ្ងៃ​នៅ​ពេល​ដែល​ខឹង​នាង​ធ្វើការ​យឺត ហើយ​ពេល​ខ្លះ​បង្អត់បាយ​នាង​ក៏​មាន​ដែរ ។ ក្មេង​ស្រី​រង​គ្រោះ​បន្ត​ថា បើ​ទោះជា​ម្តាយ​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​បែប​នេះ​ក្តី ក៏​ខ្លួន​មិន​ខឹង​នឹង​ម្តាយ​ដែរ ។

ចំណែកឯ​ស្ត្រី​ចិត្ត​យក្ស​រូប​នេះ ក្រោយ​ពេល​ឃាត់ខ្លួន បាន​ស្រែក​ឡូឡា​ដាក់​សមត្ថកិច្ច​ថា គាត់​វាយ​ប្រដៅ​កូន​របស់​គាត់ ហេតុ​អ្វី​បានជា​សមត្ថកិច្ច​មក​ចាប់​គាត់​ទៅ​វិញ?

អ្នក​រស់នៅ​ជិត​ផ្ទះ​ស្ត្រី​ខាងលើ បាន​លួច​ខ្សឹប​ថា ក្មេង​ស្រី​រង​គ្រោះ ត្រូវ​ស្ត្រី​រូប​នេះ​វាយ​ធ្វើបាប​សឹងតែ​រាល់ថ្ងៃ ហើយ​ការ​វាយ​ម្តង​ៗ​រហូត​ដល់​មាន​ស្នាម​ពេញ​ខ្លួន​ក៏​មាន​ដែរ ។ ដោយ​ទ្រាំ​នឹង​ការ​ឃើញ​ទ​ង្វើ​ឃោរឃៅ​ពី​សំណាក់​ម្តាយចិញ្ចឹម​មក​លើ​កូន​ពុំ​បាន ទើប​អ្នក​ជិតខាង​បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​ម្តាយចិញ្ចឹម​រូប​នេះ​តែ​ម្តង ដើម្បី​ឱ្យ​រាល​ចាល​កុំឱ្យ​ថ្ងៃក្រោយ​វាយ​ធ្វើ​បាន​ក្មេង​ដូចនេះ​ទៀត ។

សមត្ថកិច្ច​ស្រុក​ភ្នំស្រួច បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ក្រោយ​ឃាត់ខ្លួន​ស្ដ្រី​ម្ដាយចិញ្ចឹម ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​កុមារី (​កូនចិញ្ចឹម​) មក​អធិការដ្ឋាន​ស្រុក ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​ស្នងការ​ខេត្ត ចាត់ការ​បន្ត ។

សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​ផង​ដែរ ដល់​អង្គការ​មនុស្សធម៌ សូម​មេត្តា​ជួយ​នាំ​យក​ក្មេង​ស្រី​រូប​នេះ​ឱ្យទៅ​រស់នៅ​មណ្ឌលកុមារ​កំព្រា និង​ឱ្យ​បាន​រៀនសូត្រ​ដូច​ក្មេង​ដទៃ​ផង បើ​រស់នៅ​ជាមួយ​ស្ត្រី​រូប​នេះ​ទៀត​ថ្ងៃក្រោយ​វាសនា​នាង​មិនដឹង​ជា​ក្លាយទៅជា​បែប​ណា​ទេ ៕