រាជនីសម្រស់ Fan Bingbing ឈ្នះពានរង្វាន់ តារាសម្តែងស្រីល្អបំផុត ក្នុងព្រឹត្តិការណ៍មហាស្រពភាពយន្ត នៅអេស្ប៉ាញ

អេស្ប៉ាញ៖ តារាសម្តែងស្រីល្បីឈ្មោះ និងលេចធ្លោខ្លាំងក្នុងវិស័យសិល្បៈ ពោលគឺមានការគាំទ្រ និងប្រជាប្រិយភាពខ្លាំង ក្នុងវិស័យខ្សែភាពយន្តតែម្តង បូករួមជាមួយនឹងរូបស្រស់ស្អាត និងស្រស់សោភា Fan Bingbing កំពុងតែធ្វើឲ្យមហាជនជាច្រើន កាន់តែស្រលាញ់ និងជឿជាក់លើសមត្ថភាពរបស់នាង កាន់តែច្រើនទ្វេដង បន្ទាប់ពីថ្មីៗនេះ តារាសម្តែងស្រីរូបនេះ បានទទួលពានរង្វាន់ នៃព្រឹត្តការណ៍មហោស្រពភាពយន្តនៅប្រទេសអេស្ប៉ាញ។

ខ្សែភាពយន្តចិនរឿង «I am not Madame Bovary» បានទទួលជ័យជំនះ ដណ្តើមពានរង្វាន់ក្នុងមហោស្រពភាពយន្ត San Sebastian Film Festival លើកទី៦៤ ដែលបានរៀបចំធ្វើឡើងក្នុងប្រទេសអេស្ប៉ាញ កាលពីពេលថ្មីៗកន្លងទៅនេះ។

អ្វីដែលពិសេសជាងនេះទៀតនោះ  គឺតារាសម្តែងស្រីដ៏លេចធ្លោ ក្នុងខ្សែភាពយន្ត ខាងលើនេះ នាង Fan Bingbing បានឈ្នះពានរង្វាន់ ជាតារាសម្តែងស្រីឆ្នើមបំផុត ឬហៅថា «Best Actress Award» ផងដែរ  ជាហេតុធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បាញល្បីទ្វេដងថែមមួយកម្រិតទៀត។

គួរឲ្យដឹងថា ខ្សែភាពយន្តរឿង «I am not Madame Bovary»  ជាស្នាដៃដឹកនាំសម្តែង ដោយផលិតករជនជាតិចិន លោក Feng Xiaogang ។  រូបលោកក៏ទទួលបាន ពានរង្វាន់មាស Golden Shell នៅម៉ោងចុងក្រោយពេលជិតបិទកម្មវិធីផងដែរ។

នេះជាលើកទី៦៤ នៃមហាស្របភាពយន្ត San Sebastian Film Festival ហើយឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងនៅរមណីយដ្ឋានមាត់សមុទ្រ ភាគខាងជើងប្រទេសអេស្ប៉ាញ។

គួរបញ្ជាក់ផងដែរថា ក្នុងនោះខ្សែភាពយន្តចំនួន១៧ មកពីបណ្តាប្រទេសជាច្រើន ត្រូវបានគេដាក់ប្រកួតប្រជែងគ្នា រួមមាន ចិន អេស្ប៉ាញ អាហ្សង់ទីន ឈីលី បារាំង អង់គ្លេស អាមេរិក ស៊ុយអែត អ៊ីស្លង់ ប៉ូឡូញ កូរ៉េខាងត្បូង និងជប៉ុន ជាដើម៕ 

ប្រភព ៖
CCTV

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា Fan Bingbing និង Jackie Chan លេងមួយក្បាច់ ធ្វើឲ្យអ្នកទស្សនាផើតពោះ។ តារាសម្តែងប្រុសស្រីល្បីឈ្មោះ និងលេចធ្លោក្នុងវិស័យសិល្បៈ នោះគឺកំពូលតារាសម្តែងស្រី និងជារាជនីសម្រស់ Fan Bingbing រួមជាមួយនឹង កំពូលតារាសម្តែងប្រុសល្បីឈ្មោះគឺ លោក Jackie Chan ឬប្រិយមិត្តខ្មែរយើង តែងស្គាល់ថា ឈិន ឡុង ថ្មីៗនេះកំពុងតែធ្វើឲ្យអ្នកទស្សនាជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ខណៈតារាទាំងពីររូបនេះ សាកល្បងសម្តែងឈុតមួយ លើឆាកផ្សាយផ្ទាល់ មុខទស្សនិកជនជាច្រើន។

ប្រភពបានឲ្យដឹងថា Fan Bingbing និងលោក Jackie Chan ជាញឹកញាប់តែងតែ សហការចាប់ដៃគ្នា ក្នុងការសម្តែងជានិច្ច ហើយដោយឡែកកាលពីពេលថ្មីនេះដែរ អំឡុងពេលជំនួបសន្និសីទកាសែត តារាសម្តែងប្រុស គឺលោក Jackie Chan បានលេងសើចជាពាក្យសម្តីទៅកាន់ Fan Bingbing ដើម្បីឲ្យទស្សនិកជន កាន់តែមានភាពសប្បាយរីករាយនោះ ថា «ខ្ញុំនៅរស់តើ ហើយក៏មិនទាន់ចូលសារៈមន្ទីរនោះទេ» ។ ខណៈដែលស្រីស្អាត Fan Bingbing បានឆ្លើយឆ្លងទាំងត្អូញត្អែរទៅកាន់ Jackie ថា កុំឲ្យមើលមកនាង នៅពេលដែលនាងកំពុងតែនិយាយ។ Jackie បានឆ្លើយតបទៅនាងវិញថា «ខ្ញុំមិនបានមើលស្រីស្អាតឯណា ប៉ុន្តែខ្ញុំកំពុងតែសម្លឹងមើល ទីវាលលំហឯណោះតើ» ។

ប្រភពបន្តថា ក្រោយពីសង្រ្គោមពាក្យសម្តីលេងសើចជាមួយគ្នាហើយ តារាទាំងពីរដួងនេះក៏បាន សម្តែងឈុតមួយ នៅចំពោះមុខអ្នកទស្សនាជាច្រើនផងដែរ ដែលបង្ហាញពីរបៀប វាយបកការពារខ្លួន ពីអ្នកដែលមានបំណងធ្វើបាប ឬចង់រំលោភបំពានលើរាងកាយ រហូតធ្វើឲ្យអ្នកទស្សនាផ្ទាល់នៅទីនោះ មានអារម្មណ៍ថាផើតពោះជំនួសពួកគេទាំងពីរ។

យ៉ាងណា ក្រោយពីសម្តែងលក្ខណៈលេងសើចនេះចប់ Jackie បានប្រាប់ថា នេះគ្រាន់តែជាបទពិសោធន៍ ដែលមិនអាចបំភ្លេចបានមួយ ក្នុងឈុតឆាកសម្តែងក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload