ក្រុមប៉េតង់កម្ពុជា បានចាប់ផ្តើមជាមួយការឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់

ក្រុមកីឡាប៉េតង់របស់កម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយទៀត នៅក្នុងការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ លើកទី៥ ឆ្នាំ២០១៦ ដែលកំពុងធ្វើនៅប្រទេសវៀតណាម តាមរយៈការឈ្នះបានមេដាយសំរឹទ្ធចំនួន២ នៅក្នុងការប្រកួតបើកឆាករបស់ខ្លួន ប៉ុន្តែក្រុមបាល់ទះលើឆ្នេរខ្សាច់របស់កម្ពុជា គិចមិនផុតពីការធ្លាក់ ត្រឹមវគ្គជម្រុះតាមពូលនោះឡើយ។

mm1

នៅក្នុងការប្រកួតនេះ គឺទាំងវិញ្ញាសាគូនារី និងគូបុរសរបស់កម្ពុជា សុទ្ធតែចាញ់នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីព្រឹកថ្ងៃចន្ទនេះដូចគ្នា បន្ទាប់ពីពួកគេបានបង្ហាញភាពខ្លាំងក្នុងការប្រកួតវគ្គជម្រុះតាមពូល។ យ៉ាងណាក៏ដោយ ការចាញ់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នៅតែធ្វើឲ្យពួកគេឈ្នះបានមេដាយសំរឹទ្ធដដែល ព្រោះនៅក្នុងការប្រកួតប៉េតង់នេះ គេមានចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួន។

ចំពោះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីព្រឹកមិញនេះ កីឡាការិនីជើងចាស់ អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានចាញ់កីឡាការិនីរបស់ថៃ ក្នុងលទ្ធផល ១៣-២ ចំណែកកីឡាករ ហេង ថា និង ថោង ឈឿន បានចាញ់ក្រុមម៉ាឡេស៊ី ក្នុងលទ្ធផល ១៣-៧។ ចំណែកកីឡាករ យឹម សុភ័ណ្ឌ និងកីឡាការិនី ឈិន ស្រីពេជ្រ ដែលប្រកួតវិញ្ញាសាគូចម្រុះនោះ មិនទទួលបានមេដាយនោះទេ បន្ទាប់ពីពួកគេបានធ្លាក់ក្នុងការប្រកួតជម្រុះតាមពូល កាលពីម្សិលមិញ ជាមួយលទ្ធផលឈ្នះក្រុមឥណ្ឌា ១៣-២ ចាញ់ក្រុមម៉ាឡេស៊ី ១៣-០ មុនពេលឈ្នះក្រុមថៃ ១២-៧ នោះ។

ជាមួយគ្នានោះដែរ កីឡាករ ជុន សោភា និង ស៊ឹម ឃ្លោក ដែលត្រូវប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់នោះ គេចមិនផុតពីការធ្លាក់នោះឡើយ ខណៈអ្នកទាំង២ បានចាញ់ទាំង២ប្រកួតជាប់គ្នាៗ ក្នុងវគ្គជម្រុះតាមពូលនោះ គឺពួកគេបានចាញ់ក្រុមថៃ២សិតទល់នឹង១សិត(២-១) និងបានចាញ់ក្រុមចិន ២-០ ហើយនៅថ្ងៃអង្គារស្អែកនេះកីឡាករតំណាងឲ្យកម្ពុជាទាំង២ នឹងត្រូវប្រកួតលើកចុងក្រោយជាមួយកីឡាករទាំង២នាក់របស់ប្រទេសអាហ្វហ្គានីស្ថាន៕

The post ក្រុមប៉េតង់កម្ពុជា បានចាប់ផ្តើមជាមួយការឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ appeared first on CamboSport.